មន្ត្រី​កាំកុងត្រូល​ចុះ​​ផ្សព្វ​ផ្សាយ​អប់រំសិស្សា​នុសិស្ស​​ពី​បញ្ហា​ចំណីអាហារ​ប៉ះពាល់​ដល់​សុខភាព

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ ២០១៥​នេះ មន្ត្រី​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ធ្វើការ​អប់រំ​ណែនាំ​ដល់​សិស្សានុសិស្ស​ពី​បញ្ហា​ចំណីអាហារ​ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព ។ ការ​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​នេះ​ធ្វើ​ឡើង​នៅ​អនុ​វិទ្យាល័យ​សិរី​សោភ័ណ ស្ថិត​ក្រុង​សិរី​សោភ័ណ ខេត្ត​បន្ទាយ​មានជ័យ ។

មន្ត្រី​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សិស្ស​ទាំងអស់​នៅ​អនុ​វិទ្យាល័យ​សិរី​សោភ័ណ​ទទួល​បានការ​អប់រំ និង​ណែនាំ​ពី​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត ដែល​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ពី​បញ្ហា​ចំណីអាហារ​ដែល​លក់ដូរ​ក្នុង​សាលា​ដែល​សិស្ស​ហូប​ទៅ​ប៉ះពាល់​សុខភាព សិស្ស​ត្រូវ​មានការ​យល់​ដឹង និង​បង្កា​ដោយ​ខ្លួនឯង​ក្នុង​ការ​ហូប​ចំណីអាហារ ។

មន្ត្រី​អប់រំ​សំណូមពរ​សុំ​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​ផ្សព្វផ្សាយ​ណែនាំ​សិស្ស​តាម​សាលារៀន​ឲ្យ​បាន​យល់ និង​ដឹង​ពី​បញ្ហា​ការពារ​សុខភាព​របស់​ខ្លួន​តាម​រយៈ​ការ​បរិភោគ​អាហារ​តាម​សាលា​ដែល​ខុស​បច្ចេកទេស​បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព និង​ចុះ​ពិនិត្យ​ចំណីអាហារ​គ្រឿង​ហូប​ចុក​ក្នុង​សាលា​ជា​ប្រចាំខែ ដើម្បី​ការពារ​សុខភាព​សិស្សានុសិស្ស ។

លោក ហុង លៀង អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ការ​ចុះ​ផ្សព្វផ្សាយ និង​អប់រំ​ណែនាំ​ដល់​សិស្ស​តាម​សាលារៀន​នេះ​គឺជា​ការ​ណែនាំ​ពី​នាយកដ្ឋាន​កាំកុងត្រូល និង​លោក ស៊ា​ន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​ផ្សព្វផ្សាយ និង​ណែនាំ​អប់រំ​បង្កា​សុខភាព​ចំពោះ​សិស្សានុសិស្ស ។

លោក​បាន​បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​ណែនាំ​ដល់​សិស្ស គឺ​ការ​ហូប​ចំណីអាហារ​ណា​ដែល​បណ្តាល​ប៉ះពាល់​សុខភាព ដូច​ជា​ចំណី​ដែល​មាន​ជាតិ​បូ​រ៉ា​ក់​ច្រើន និង​មាន​ប្រើប្រាស់​ជាតិ​គីមី ទំនិញ​ផុត​កាលបរិច្ឆេទ មិន​ត្រូវ​បរិភោគ​ធ្វើ​អោយ​ប៉ះពាល់​សុខភាព ត្រូវ​ការពារ និង​ណែនាំ​ដល់​អ្នក​ដទៃ គឺ​ដើម្បី​សុខភាព​ទាំងអស់​គ្នា ៕