PM​​រាជ​ធានី​ភ្នំពេញ បង្ហាញ​​លទ្ធផល​ចុង​ក្រោយ​ជុំ​វិញ​ការ​​បង្ក្រាប​​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ក្នុង​រាជ​ធានីភ្នំពេញ​

​រាជ​ធានី​ភ្នំពេញ ៖ ​ប៉ុន្មាន​ថ្ងៃនេះ​ ពលរដ្ឋ​ក្នុង​​រាជ​ធានី​ភ្នំពេញ មាន​ការ​​សាទរ និង​សប្បាយ​រីក​រាយ​យ៉ាង​​ខ្លាំង​ចំពោះ​ស្នាដៃ​​បង្ក្រាប​ក្រុមចោរ​ប្លន់​ប្រដាប់​អាវុធ​​ភ្លាមៗ​របស់​កង​រាជ​អាវុធហត្ថ​​រាជ​​ធានីភ្នំពេញ ​បន្ទាប់​ពី​ក្រុម​នេះ​​​​បាញ់​ប្លន់​​យ៉ាង​សាហាវ​ឃោរឃៅយក​ម៉ូតូ​ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ​មួយ​គ្រឿង កាល​​ពី​វេលាម៉ោង​៥​និង​៣០នាទី​ព្រឹក​ថ្ងៃទី​១១ ធ្នូ ​ស្ថិត​នៅ​បឹង​កក់​ទី២ ខណ្ឌ​ទួលគោក ​​ដោយ​បាញ់​​ចំ​ក្បាល​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗនៅ​នឹង​កន្លែង រួច​យក​ម៉ូតូ​​ជិះ​គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ​ប្រហែល​ជា​២ម៉ោង​ កម្លាំង​ប៉េអឹម​​រាជ​ធានីភ្នំពេញ ដឹក​នាំ​​បញ្ជា​ផ្ទាល់​​ដោយ​លោក​ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេ​បញ្ជាការ​​រង​កង​រាជ​​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស ​និងជា​​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​តាម​ចាប់ខ្លួន​ជន​ល្មើស​​បាន​២នាក់ និង​ដក​ហូត​ម៉ូតូ​​របស់​ជន​រង​គ្រោះ​​ដែល​ស្លាប់​​បាន​មក​វិញ ។

ហើយ​​បាន​​រយៈ​ពេល​ប្រហែល​​៤​ម៉ោង​ក្រោយ​មក​​ កម្លាំង​កង​រាជ​អាវុធ​ហេតុ​បាន​កំណត់មុខ​សញ្ញា​ឈាន​ទៅ​​ព័ទ្ធ​ចាប់​បក្ខ​ពួក​ជន​ល្មើស​​ផ្សេង​ទៀត​នៅ​ចំណុច​ភ្នំ​ប្រសិទ្ធ ខណ្ឌ​ព្រែក​ព្នៅ ​ដែល​នៅ​ពេលនោះ​ជន​ល្មើស​​​បាន​​បាញ់​​មក​លើ​សមត្ថកិច្ច​​ដើម្បី​​រំដោះ​ខ្លួន ​បណ្តាល​ឱ្យ​មាន​ការ​ផ្ទុះ​អាវុធ​​តប​ត​គ្នា​ទៅវិញ​ទៅមក ​បណ្តាល​ឱ្យ​ជន​ល្មើស​​២នាក់​ស្លាប់​​នៅ​នឹង​កន្លែង​ និង​ឃាត់​ខ្លួន​បាន​២នាក់​ទៀត ​ជា​​ប្រពន្ធ​​​របស់​ជន​ល្មើស​ដែល​ស្លាប់ ។​

ក្រោយ​ប្រតិបត្តិការ​​បង្ក្រាប​​ខាង​លើ​នេះ ​សមត្ថកិច្ច​​​អាវុធ​ហត្ថ​បាន​បង្ហាញ​​លទ្ធផល​ចុង​ក្រោយ​​ឱ្យ​ដឹង​ថា តាម​ចម្លើយ​សារ​ភាព​​របស់​ជន​ល្មើស​​ឈ្មោះ ប៉ែន ចំណាប់ ហៅ​អាពីន និង​ឈ្មោះ​សេត ម៉ាត់​រ៉ូហ្សេត ហៅ​សេង ឌៀង បាន​និយាយ​ថា ​ពួក​គេ​​ទាំង​២នាក់ ព្រម​​ទាំង​មេ​ធំ​របស់​ពួក​គេ​​២នាក់​​​ដែល​បានស្លាប់​ខណៈ​ពេល​​ត​​ដៃ​ជា​មួយ​សមត្ថកិច្ច​​បាន​ភ្ជង់​​ប្លន់​ម៉ូតូ​ក្នុងរាជ​ធានី​ភ្នំពេញ​​ ដោយ​ប្រើ​អាវុធ​ខ្លីមិន​តិច​ជាង​៣០​លើក​​ទេ ​តែ​ទី​តាំង​ដែល​​ចាំ​ច្បាស់​​​នា​ពេលថ្មីៗនេះ​មាន​៩​ ៖

១-​នៅចំណុច​មុខ​ធនា​គារ​កាណាឌីយ៉ា ផ្លូវ​លេខ​១១៨ ខណ្ឌ​ដូន​ពេញ មិន​ចាំ​ពេល​វេលា ​បានភ្ជង់​​ប្លន់​​យក​ម៉ូតូ​​ពី​រង​គ្រោះ​​១​គ្រឿង ម៉ាក MSX ។​

២-​នៅ​ចំណុច​​ស្តុប​អំបាសាឌ័រ មិន​ចាំ​ពេល​​​វេលា បាន​ភ្ជង់​ប្លន់​យក​ម៉ូតូ​​១​គ្រឿង ម៉ាក MSX ដែរ ។​

៣-​នៅ​មុខ​​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ​ក្នុង​ខែ​សី​ហា ​២០១៥ មិន​​ចាំ​ថ្ងៃ​​ បាន​វាយ​ជន​រង​គ្រោះ​នឹង​កាំភ្លើង​ខ្លី​ប្លន់​ម៉ូតូ​ម៉ាកហុងដា​ឌ្រីម តែ​មិ​ន​បាន​សម្រេច​

៤-​​នៅ​មុខ​​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​ដែរ ម៉ោង​ប្រហែល​១និង​២០​នាទី​រំលង​អធ្រាត្រ​មិន​ចាំ​ថ្ងៃ​ខែ ​យក​កាំភ្លើង​ខ្លី​វាយ​ជន​រង​គ្រោះ​២នាក់ ​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា ស៊េរី​២០១៥ ។

៥-​នៅ​ស្ពាន​ឧ​កញ៉ា​ លី យ៉ុង​ផាត់ ត្រើយ​ខាង​​លិច ​ខែ​តុលា​ ២០១៥ បាន​បាញ់​​ជន​រង​គ្រោះ​បាក់​ជើង ប្លន់​​យក​ម៉ូតូ​១​គ្រឿង ​ម៉ាកហុង​ដា​ឌ្រីម​ ស៊េរី​២០១៤ ។​

៦-នៅ​​​ចំណុច​​ក្រោយ​វិទ្យា​ស្ថាន​​ជាតិ​អប់រំ​ ខណ្ឌ​ដូន​ពេញ ម៉ោង​​​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​៨ វិច្ឆិកា ២០១៥ ​ពួក​វា​មាន​គ្នា​៧នាក់ ​បាន​បាញ់​មួយ​គ្រាប់​​លើ​ជន​​រង​គ្រោះ​ យក​​​បានម៉ូតូ​​មួយគ្រឿង ម៉ាក​MSX ។

៧-​នៅ​គល់​​ស្ពាន​អាកាស​ស្ទឹង​មានជ័យ ​ថ្ងៃទី​១៣ វិច្ឆិកា ២០១៥ ​ពួក​វា​​៥នាក់ ​​ម៉ូតូ​២គ្រឿង ​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្គូពី​ ​មិ​នបាន​សម្រេច​ និង​បាន​បាញ់​​ម្ចាស់​ម៉ូតូ​ឱ្យ​ស្លាប់​ម្នាក់ របួស​ម្នាក់​ ។​

៨-នៅ​ចំណុច​​ខាង​ក្រោយ​អតីត​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ​វេលា​ទៀបភ្លឺ​​ថ្ងៃទី​៩ ធ្នូវ ២០១៥ ពួក​វា​៧នាក់ ​បាន​បាញ់​សម្លាប់​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុង​ដា​ឌ្រីម ស៊េរី​២០០៦ ។​

​៩-​និងចុង​ក្រោយ​នៅ​​ព្រលឹម​ថ្ងៃទី​១១ ធ្នូ ២០១៥ ​ខាងលិច​រង្វង់​មូល​កាំ​កូស៊ីធី ផ្លូវ​លេខ​៥៩៨ ​សង្កាត់​បឹង​កក់​ទី២ ខណ្ឌ​ទូល​គោក ​ពួក​វា​មាន​គ្នា​៧នាក់ ម៉ូតូ​៣គ្រឿង ​បាញ់​សម្លាប់​យក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុង​ដា​ឌ្រីម ពណ៌ខ្មៅ ​ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​​កង​រាជ​អា​វុធ​​ហត្ថ​រាជ​ធានី​ភ្នំពេញ​ ​បង្ក្រាប​បាន​តែ​ម្តង ។

​ជា​ចុង​ក្រោ​យកម្លាំង​​​កង​រាជ​អាវុធ​ហត្ថ​​រាជ​ធានី​ភ្នំពេញ សូម​អំពាវ​នាវ​​ដល់​មហា​ជន​ ប្រជា​​ពលរដ្ឋ​​គ្រប់​មូលដ្ឋាន​​​ទាំង​អស់ ប្រសិន​បើ​​បាន​ឃើញ​ ឬ​ស្គាល់​​បក្ខ​ពួក​​​មុខ​សញ្ញា​ ចោរ​ប្លន់​ ដែល​នៅ​​សេស​សល់​​ដូច​មាន​ក្នុង​រូប​ថត និង​ឈ្មោះ ​ដែល​បាន​​រៀប​រាប់​ សូម​រាយការណ៍​​ទៅ​សមត្ថកិច្ច​​ដែល​នៅ​​ជិត​​​បំផុត ឬ​តាម​លេខ​ទូរស័ព្ទ​ 012 383 383 និង​017 ​81 81 71 ៕

ព័ត៌​មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះ​សន្តិភាព​