បំបែកសំបុក​​ចែកចាយ​និង​ប្រើ​បាស់​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់

ខេត្តព្រះវិហារ ៖ សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​ជាំ​ក្សា​ន​បាន​ចុះ​បំបែកសំបុក​​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​-​ស្រី​៤​នាក់ ព្រមទាំង​ដកហូត​បាន​វត្ថុ​ថ្នាំ​ញៀន​មួយ​ចំនួន​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ក្នុងផ្ទះ​ឈ្មោះ ឃុន រុំ ស្ថិត​ក្នុងភូមិ​ឈើទាល​គង ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

លោក​វរៈសេនីយ៍ត្រី ពេ​ជ សុ​ភី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​មាន ១-​ឈ្មោះ ឃុន រុំ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​គគី ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត មុខរបរ​កសិករ ជា​អ្នក​ចែកចាយ​ថ្នាំ​ញៀន មក​ស្នាក់​នៅ​ភូមិ​ឈើទាល​គង ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​, ២-​ឈ្មោះ ចាន់ ឡា​ច ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ទូក​មាស ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​, ៣-​ឈ្មោះ ចែ​ម សុវណ្ណ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​អង្គ​តា​ងើ​ល ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្តតាកែវ និង ៤-​ឈ្មោះ តេ​ង ផាត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​កោះ ឃុំ​កោះ ស្រុក​ព្រៃ​ប្រស​ព ខេត្តក្រចេះ ត្រូវ​បាន​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ឃាត់ខ្លួន​ពី​បទ​ចែកចាយ និង​ប្រើប្រាស់​សារធាតុ​ញៀន ។

ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​ខាងលើ​នេះ សមត្ថកិច្ច​រឹបអូស​បាន​វត្ថុ​តាង​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១ ថ្នាំ​ញៀន​ប្រភេទ W.Y ១​គ្រាប់ ម៉ា​ទឹកកក​១​កញ្ចប់​ធំ និង​សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្តព្រះវិហារ ដើម្បី​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​ផ្លូវច្បាប់ ៕