សមត្ថកិច្ច​កោះហៅ​ស្ត្រី​ដែល​ប្រឌិត​រឿង​ថា​ចោរប្លន់​នៅ​ខេត្តកំពត​មក​ធ្វើការ​អប់រំ

ខេត្តកំពត ៖ ស្ត្រី​ម្នាក់​ដែល​ប្រឌិត​រឿង​ប្តឹង​សមត្ថកិច្ច​ថា​ចោរ​២​នាក់​ចូល​ប្លន់​ក្នុងផ្ទះ​របស់​ខ្លួន​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ឃ្លៃ ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី ខេត្តកំពត យក​ខ្សែ​ក​មាស​៥​ជី និង​លុយ​១​លាន​៤០​ម៉ឺន​រៀល​កាលពី​យប់​ថ្ងៃ​ទី​៩ ធ្នូ ២០១៥ ត្រូវ​បាន​សមត្ថកិច្ច​កោះហៅ​មក​ធ្វើការ​អប់រំ​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ធ្នូ ២០១៥ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ។

លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត ដោយ​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា បាន​ហៅ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ឈ្មោះ អ៊ឹ​ង ស្រី​មុំ អាយុ​៣៣​ឆ្នាំ មក​ធ្វើការ​សាកសួរ​បន្ថែម​ជុំវិញ​ករណី​ប្រឌិត​រឿង​ថា​មាន​ចោរ​ចូល​ប្លន់​ដល់​ក្នុងផ្ទះ ។

បើ​តាម​សម្តី​ស្ត្រី​ដែល​ប្រឌិត​រឿង​ធ្វើ​សមត្ថកិច្ច​ឈឺក្បាល​នេះ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ខ្លួន​មានគំនិត​ប្រឌិត​រឿង​នេះ​ឡើង​ដោយសារ​ខ្លួន​ខឹង​ប្តី​ខ្លាំង​ពេក មិនដឹង​ធ្វើ​យ៉ាងណា​ឲ្យ​ប្តី​ចូល​ដេក​ផ្ទះ​វិញ ព្រោះ​តាំងពី​មាន​ឡាន​រត់​មក​ពុំ​សូវ​ចូល​ដេក​ផ្ទះ​ទេ ហើយ​ខ្លួន​ដេក​តែ​ជាមួយ​កូន​តូច​រាល់​តែ​យប់ ។ ការ​ប្រឌិត​រឿង​នេះ​ឡើងខ្លួន​មិន​បានដឹង​ថា​ខុស​នឹង​ច្បាប់​ត្រូវ​មានទោស​នោះ​ទេ ។ ស្ត្រី​រូប​នេះ​បន្ត​ទៀត​ថា លុះ​ពេល​សមត្ថកិច្ច​កោះហៅ​មក​ដល់​ស្នង​ធ្វើការ​សាកសួរ និង​ពន្យល់​អំពី​ច្បាប់​ទើប​ខ្លួន​ដឹងខ្លួន​ធ្វើ​នេះ​ពិតជា​មាន​កំហុស​ជាមួយ​ច្បាប់ ហើយ​ខ្លួន​ក៏​ទទួលស្គាល់​កំហុស​ឈប់​ប្រព្រឹត្ត​រឿង​បែប​នេះ​ទៀ​ហើយ ។ ចំពោះ​បញ្ហា​ថា​បាត់​ខ្សែ​ក​មាស​៥​ជី​នោះ​គឺ​ខ្លួន​យក​ទៅ​លាក់​ទុក​នៅផ្ទះ​ម្តាយ សូ​ម្បី​តែ​ម្តាយ និង​ឪពុក​របស់​ខ្លួន​ក៏​គាត់​ពុំ​បានដឹង​ថា​ខ្លួន​យក​ទៅ​លាក់​នៅ​ក្នុងផ្ទះ​គាត់​ដែរ ចំណែក​លុយ​១​លាន​៤០​ម៉ឺន​ថា​ចោរប្លន់​យក​ទៅ​នោះ​ក៏​គ្មាន​ដែរ ។ ដូច្នេះ​ករណី​ខាងលើ​សុ​ទ្ឋ​តែ​ជា​រឿង​ដែល​ខ្លួន​ប្រឌិត​ឡើង​ទាំងអស់ ។

ជុំវិញ​ករណី​ប្រឌិត​រឿង​ខាងលើ ត្រូវ​បាន​លោក​ឧត្តម​សេនី​យ័​ត្រី ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ឋ ស្នងការ​នគរបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព​ត៌​មាន​យើង​ថា ដោយសារ​ចម្លើយ​សារភាព​របស់​ស្ត្រី​ដែល​ប្រឌិត​រឿង​ខាងលើ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ពី​កំហុស​របស់​ខ្លួន​អស់​ទៅ​ហើយ និង​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​លើកលែងទោស​ដល់​ខ្លួន​ផង ម្យ៉ាងទៀត​ស្ត្រី​រូប​នេះ​មានកូន​តូច​ៗ​ដល់​ទៅ​២​នាក់​នៅ​ក្នុង​បន្ទុក​ផង​នោះ លោក​ក៏​បាន​សុំ​យោបល់​ទៅ​លោក​ព្រះរាជអាជ្ញា​ដើម្បី​សុំ​ធ្វើការ​អប់រំ និង​លើកលែងទោស​ឲ្យ​មាន​សេរីភាព​បាន​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ ហើយ​ក៏​ត្រូវ​បាន​ព្រះរាជអាជ្ញា​ឯកភាព​លើកលែងទោស​តាម​សំណូមពរ​របស់​លោកស្នងការ​ខេត្ត ហើយ​ឲ្យ​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​ឲ្យ​ឈប់​ប្រឌិត​រឿង​ដូច្នេះ​តទៅ​ទៀត ៕