យុវជន​ញៀន​ថ្នាំ​២​នាក់​ត្រូវ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចុះ​ប្រត្តិបត្តិការ​បង្ក្រាប​ករណី​ប្រើ​ប្រាស់​​គ្រឿងញៀន​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ និង​ដកហូត​បាន​គ្រឿងញៀន​មួយ​ចំនួន​ ខណៈ​ពួក​គេ​កំពុង​ប្រើប្រាស់​តាម​ផ្លូវ​សាធារណៈ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក ក្រុង​សៀមរាប ។

លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានឱ្យ​ដឹង​​ថា ក្នុង​ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​ក្នុង​នោះ​មាន ១-​ឈ្មោះ ហ៊ី​ម ហៅ ម៉ៅ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក ក្រុង​សៀមរាប និង ២-​ឈ្មោះ ហុង សីហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាង​បាញ់ថ្នាំ​ទ្បាន រស់នៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក ក្រុង​សៀមរាប ។

លោក​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​រួច​ធ្វើការ​ឆែកឆេរ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន​១​កញ្ចប់​តូច ដាវ​សាំ​ម៉ូ​រ៉ៃ​៣​ដើម និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ធំ ព្រមទាំង​ម៉ូតូ​១​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តសៀមរាប​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ ២០១៥​នេះ ដើម្បី​ចាត់​តាម​នីតិវិធី​ច្បាប់ ៕