កូនប្រុស​ចុង​ញៀន​ថ្នាំ​បង្ក​បញ្ហា​ពេក ឪពុកចុង​កាប់​ប្រហារ​របួសធ្ងន់

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​ដោយសារ​តែ​ញៀន​ថ្នាំ​ហើយ​បង្ក​បញ្ហា​ដល់​អ្នក​ផ្ទះ​​មិន​ឈប់​ឈរ ធ្វើ​ឲ្យ​​ឪពុកចុង​​ទប់​កំហឹង​មិន​បាន​ក៏​កាប់​ប្រហារ​ត្រូវ​ចំ​គល់​ត្រចៀក​ឆ្វេង​រយះ​ដាច់​សាច់​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួនប្រាណ​ដួល​ដេក​ទៅ​នឹង​ដី​របួស​ជា​ទម្ងន់​កាល​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១១ ធ្នូ ២០១៥ ស្ថិត​នៅ​ភូមិ​សែន​មនោ​រ័​ត្ន ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ។

ប្រភព​ពី​នគរបាល​ស្រុក​តំបែរ​បាន​ឲ្យ​ដឹង​ថា បុរស​ញៀន​ថ្នាំ​រង​គ្រោះ​ឈ្មោះ ជី រ៉ា​វី អាយុ​២៤​ឆ្នាំ ចំណែក​ឪពុកចុង​ឈ្មោះ ណា​ន រស់នៅ​ភូមិ​កើតហេតុ បាន​រត់គេច​ខ្លួន​បាត់​បន្ទាប់​ពី​កាប់​ប្រហារ​រួច ដែល​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​យក​មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ប្រភព​បន្ត​ទៀត​ថា ចំពោះ​កូនប្រុស​ខាងលើ​នេះ​ជា​មនុស្ស​ញៀន​ថ្នាំ ដែល​ក្នុង​អំឡុង​៣​ទៅ​៤​ខែ​មុន​នេះ​ត្រូវ​បាន​ឪពុក​ម្តាយ​បាន​ឲ្យ​សមត្ថកិច្ច​នាំ​កូនប្រុស​ឈ្មោះ រ៉ា​វី ទៅ​កាន់​មណ្ឌល​បន្សាប​គ្រឿងញៀន​មួយ​កន្លែង តែ​ដោយ​ជីវភាព​ខ្វះខាត​មិន​មាន​ថវិកា​សម្រាប់​ផ្ត​ត់​ផ្គង់​ផ្ញើ​ទៅ​ឲ្យ​កូន​ក៏​​យក​កូនប្រុស​នេះ​ត្រឡប់​មក​ផ្ទះ​វិញ​បាន​ជាង​១​អាទិត្យ​ហើយ ។ ខណៈ​ពេល​ដែល​មក​ដល់​ផ្ទះ កូនប្រុស​នេះ​នៅ​មិន​ទាន់​ដាច់​សារធាតុ​ញៀន​ថ្នាំ​ក្នុង​ខ្លួន​នៅឡើយ​ទេ គឺ​បាន​លួច​លុយ​ទៅ​ទិញ​ថ្នាំ​ញៀន​មក​ជក់​បន្ត​ទៀត ថែម​ទាំង​បាន​រករឿង​បង្ក​បញ្ហា​ដល់​អ្នក​ផ្ទះ​ញឹកញាប់​ណាស់ ។ ជាក់ស្តែង​នៅ​ពេល​មុន​កើតហេតុ កូនប្រុស​នេះ​បាន​យក​ម៉ូតូ​របស់​ឪពុកចុង​ជិះ​ចេញ​ទៅ​បាត់ ហើយ​ត្រូវ​បាន​បុរស​ជា​ឪពុកចុង​តាម​រក​ឃើញ​នៅ​មុខ​ផ្ទះ​របស់​អ្នក​ភូមិ​ម្នាក់ ព្រមទាំង​បាន​ស្រែ​កថា អ្ហែង ! យក​ម៉ូតូ​អញ​ទៅ​ណា? ហើយ​ក៏​កាប់​ប្រហារ ត្រូវ​ត្រង់​គល់​ស្លឹកត្រចៀក​ឆ្វេង​រយះ​សាច់​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួនប្រាណ​ដួល​ទៅ​លើ​ដី ។ បន្តិច​ក្រោយមក​ប្រជាពលរដ្ឋ​នៅ​ជិត​​កន្លែង​កើតហេតុ​បាន​ចេញ​មក​ឃើញ​តែ​អ្នក​រង​គ្រោះ ចំពោះ​ឧបករណ៍​ដែល​កាប់​ប្រហារ​លើ​កូនប្រុស​ក៏​មិន​មាន​អ្នក​ណា​បានឃើញ​ដែរ ។

នគរបាល​ស្រុក​តំបែរ​បញ្ជាក់​ទៀត​ថា ចំពោះ​ហិង្សា​នេះ​គឺ​ដោយសារ​តែ​ឪពុក​មាន​ផលវិបាក ហើយ​កូនប្រុស​ចុង​តែងតែ​រករឿង​ធ្វើបាប​អ្នក​ផ្ទះ​ញឹកញាប់​ពេក ចុង​ក្រោយ​នេះ​ពេល​ដែល​វិល​ត្រឡប់​ពី​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន ក៏​មក​បន្ត​ជក់​គ្រឿងញៀន​ដដែល ថែម​ទាំង​យក​ម៉ូតូ​របស់​ឪពុក​ជិះ​ទៅ​… ដោយ​ខឹង​ពេក​ ទប់​កំហឹង​មិន​បាន​ក៏​ផ្ទុះ​ហិង្សា​កាប់​ប្រហារ​កូន​នេះ​តែ​ម្តង ។ ចំណែក​​ម្តាយ​វិញ​ក៏​មិន​បាន​បញ្ជូន​កូនប្រុស​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេ​ទ​ស្រុក​ដែរ សុខចិត្ត​ព្យាបាល​នៅផ្ទះ ហើយ​ថែម​ទាំង​ព្រលយ​ពាក្យ​ថា បើ​កូន​នេះ​ស្លាប់​ទៅ​ល្អ​ជាង​នៅ​រស់ ៕