បង្ក្រាប​គ្រឿង​ញៀន​នៅ​ភូមិ​ត្រពាំង​ឈូក​ ឃាត់​ខ្លួន​ជន​​ជួញ​ដូរ និង​ប្រើ​ប្រាស់​បាន៤២​នាក់

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​នគរ​បាល​ប្រឆាំង​គ្រឿង​ញៀន​ក្រុង​បាន​ចុះ​ឆែក​ឆេរ​ក្នុង​តំបន់​ស្មុគស្មាញ​ភូមិ​ត្រពាំង​ឈូក​ ឃាត់​ខ្លួន​ក្រុម​អ្នក​ជួញ​ដូរ​ និង​ប្រើ​ប្រាស់​៤២​នាក់​ ក្នុង​នោះ​ស្រី​៤​នាក់​ និង​ឧប​ករណ៍​ប្រើ​ប្រាស់​មួយ​ចំនួន​។

ប្រតិ​បត្តិ​ការ​នេះ​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​ ដឹក​នាំ​ដោយ​លោក​វរ​សេនីយ៍​ទោ ម៉ក់ ហុង អធិការ​នគរ​បាល​ខណ្ឌ​សែន​សុខ​ ដោយ​ប្រើ​​ពេលប្រហែល​ជា​១​ម៉ោង​​​​​។

​ខណៈ​ពេល​សមត្ថ​កិច្ច​កំពុង​តែ​ប្រតិ​បត្តិ​ការ​នោះ​ ក្រុម​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​បាន​រត់​ប្រសាច​ចូល​ទៅ​ក្នុង​បឹង​កំប្លោក​លូន​ចូល​ក្រោម​ផ្ទះ​ដើម្បី​រត់​គេច​ខ្លួន​។

ពេល​នេះ ជន​សង្ស័យ​ទាំង​៤២​នាក់​​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​សែន​សុខ​ដើម្បី​សាក​សួរ​ និង​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ៕