បងប្អូន​ជីដូនមួយ​ដេញចាប់​ត្រី​ក្នុង​ទឹកស្រះ​លង់​ស្លាប់​ទាំង​២​នាក់

ខេត្តកំពង់ចាម ៖ ក្មេង​ស្រី​២​នាក់​បងប្អូន​ជីដូនមួយ​បាន​លង់ទឹក​ស្រះ​ចិញ្ចឹម​ត្រី​ក្រោយ​ផ្ទះ​ស្លាប់​យ៉ាង​អាណា​ច​អាធ័ម ត្រូវ​បាន​ឪពុក​ម្តាយ​ទ្រហោយំ​ទាំង​ក្តី​អា​លោះ​អាល័យ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៤​រសៀល ថ្ងៃ​ទី​១២ ធ្នូ ២០១៥ ស្ថិត​នៅ​ភូមិ​អូរ​វាយ ឃុំ​ស្ពឺ ស្រុក​ចំការលើ ត្រូវ​បាន​គេ​នាំ​គ្នា​ស្រង់​ចេញពី​ស្រះ​ដែល​មាន​ជម្រៅ​ជិត​២​ម៉ែត្រ​យក​ទៅ​ផ្ទះ​ធ្វើបុណ្យ​រួម​គ្នា​តែ​ម្តង ។

លោក ហ៊ា​ង ម៉េ​ង នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ពឺ ប្រាប់​ឲ្យ​ដឹង​ថា បុរស​ឈ្មោះ ម៉ា​ប់ បាន​ដឹកគោ​ទៅ​ភ្ជួរដីចំការ​របស់​ខ្លួន​នៅ​ខាងក្រោយ​ផ្ទះ​មាន​ចម្ងាយ​ប្រហែល​ជិត​១៥០​ម៉ែត្រ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២​ធ្នូ លុះ​រហូត​ដល់​ពេល​អាហារ​ថ្ងៃត្រង់​ត្រូវ​បាន​ក្មួយ​ប្រុស​ឈ្មោះ សុ​ភ័ក្ត្រ អាយុ​១៣​ឆ្នាំ បាន​យក​បាយ​ទៅ​ឲ្យ​សម្រាប់​ទទួលទាន​ដើម្បី​ឲ្យ​មាន​កម្លាំង​នឹង​បន្ត​ភ្ជួរ​រាស់​បន្ត​ទៅ​ទៀត​នោះ ។

លោកនាយ​ប៉ុស្តិ៍​បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​ដែល​ទៅ​នោះ​មាន​គ្នា​៣​នាក់ ក្នុង​នោះ​ក្មេង​ស្រី​ឈ្មោះ គឿ សា​ម៉ី អាយុ​៤​ឆ្នាំ និង​ឈ្មោះ ឡេ​ង រ​ដ្ឋា អាយុ​១១​ឆ្នាំ ក៏​បាន​នាំ​គ្នា​ទៅ​ខាងក្រោយ​ផ្ទះ ប៉ុន្តែ​ដល់​ត្រង់​ចំណុច​ស្រះ​ចិញ្ចឹម​ត្រី​ក្មេង​ប្រុស បាន​ដើរ​បង្ហួស​យក​បាយ​ទៅ​ឲ្យ​អ៊ំ​ប្រុស​របស់​ខ្លួន​ដែល​កំពុង​តែ​ភ្ជួរ​ដី​នោះ ចំណែក​ប្អូនស្រី​ជីដូនមួយ​២​នាក់​បាន​នាំ​គ្នា​ឈប់​រង់ចាំ​នៅ​ស្រះ​ត្រី មួ​យស​ន្ធុះ​ពេល​ដែល​ដើរ​ត្រឡប់​មក​ដល់​ត្រង់​ស្រះ​មិនឃើញ​ប្អូនស្រី​ជីដូនមួយ​ទាំង​២​នាក់ តែ​មាន​បន្សល់​ស្បែកជើង​២​គូ​នៅ​មាត់​ស្រះ ទើប​ដឹង​ថា​ប្រាកដជា​លង់ទឹក​ស្រះ រំពេច​នោះ​ក្មេង​ប្រុស​បាន​រត់​មក​ផ្ទះ​ប្រាប់​ជីតា​ឈ្មោះ គឿ ឲ្យ​ប្រញាប់​ចេញ​ទៅ​ជួយ​មើល​នៅ​កន្លែង​ស្រះ​ចិញ្ចឹម​ត្រី ពេល​ដែល​នាំ​គ្នា​ចុះ​ទៅ​រាវ​មាន​ជម្រៅ​ជិត​២​ម៉ែត្រ ក៏​ប្រទះ​ឃើញ​សព​ក្មេង​ស្រី​ទាំង​២​នាក់​ស្លាប់​ដោយ​កាន់​ដៃ​គ្នា ។ ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​លង់ទឹក​ស្រះ​នេះ ដោយសារ​តែ​នាំ​គ្នា​ចាប់​ត្រី​លេង​បណ្តាល​ឲ្យ​រអិល​ជើង​ក៏​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រះ​ស្លាប់​តែ​ម្តង ។

លោក​អនុសេនីយ៍ឯក ហ៊ា​ង ម៉េ​ង បញ្ជាក់​ថា បន្ទាប់​មក​មនុស្ស​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​សែង​សព​ក្មេង​ស្រី​ទាំង​២​នាក់​បងប្អូន​ជីដូនមួយ​មក​ដាក់​នៅផ្ទះ​ធ្វើបុណ្យ​រួម​គ្នា​តែ​ម្តង​ក្រោម​សំលេង​ទ្រហោ​យំទួញសោក​ពី​ឪពុក​ម្តាយ ។   

សូម​បញ្ជាក់​ថា ស្រះ​ចិញ្ចឹម​ត្រី​នោះ​ស្ថិត​នៅ​ខាងក្រោយ​ផ្ទះ​របស់​ឈ្មោះ គឿ ម៉ា​ប់ ត្រូវជា​ឪពុក​របស់​ក្មេង​ដែល​ស្លាប់​ឈ្មោះ ស៊ា​ម៉ី ខាងលើ ៕