មួយ​ថ្ងៃ​ប្លន់​២​ករណី ជន​រង​គ្រោះ​ស្លាប់​ម្នាក់ របួស​ម្នាក់ សមត្ថកិច្ច​កំពុង​វែកមុខ​ក្រុម​ចោរ

ខេត្តកោះកុង ៖ កាលពី​ថ្ងៃ​ទី​១១ ធ្នូ ២០១៥ មាន​ករណី​ប្លន់​២​ករណី​នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ដោយនៅ​ពេល​ព្រឹក មាន​ករណី​ប្លន់​យក​ម៉ូតូ​ហើយ​ជន​រង​គ្រោះ​ត្រូវ​បាន​ឃាតករ​វាយ​ឲ្យ​រង​របួស​លើ​ផ្ទៃមុខ និង​រឹត​ក​ថែម​ទាំង​ចាប់​ជ្រមុជ​ផ្កាប់មុខ​ទៅ​ក្នុង​ដីល្បាប់​បណ្ដាល​ឲ្យ​ស្លាប់ បន្ទាប់​ពី​សមត្ថកិច្ច​បាន​រក​ឃើញ និង​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ។ ហើយ​នៅ​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃ​ដដែល មាន​ករណី​ប្លន់​មួយ​ករណី​ទៀត ដោយ​ក្រុម​ចោរ​បាន​ដេញ​កាប់​ជន​រង​គ្រោះ​យក​ប្រាក់​អស់​ចំនួន​៣០០​ដុល្លារ និង​ខ្សែ​ក​ប្លា​ទី​ន​១​ខ្សែ​ជាង​១​តម្លឹង ។ ប៉ុន្តែ​ករណី​នេះ​ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​បិទ​បាំង​មិន​ឲ្យ​លោកស្នងការ​ដឹង​ឡើយ​ពាក់ព័ន្ធ​នឹង​ការ​ទទួល​បាន​ផលប្រយោជន៍​ពី​ក្រុម​ចោរ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ប៉ូលិស​បាន​បញ្ជាក់​ថា ករណី​ទី​១ ក្មេង​ប្រុស​ម្នាក់​ឈ្មោះ យ៉ា​ន់ បូ​រ៉ាត់ អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​៣ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ បាន​ចាក​ចេញពីផ្ទះ​តាំងពី​៩​ព្រឹក​ថ្ងៃ​ទី​១១ ធ្នូ ២០១៥ លុះដល់​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​ទើប​មាន​ពលរដ្ឋ​ប្រទះ​ឃើញ​ក្មេង​រង​គ្រោះ​ខាងលើ​ដេក​កប់​ដីល្បាប់​នៅ​ក្នុង​គ​ម្ពោ​ធ​ព្រៃ​មួយ​កន្លែង​ក្នុងភូមិ​ឆ្មា​បាត់ សង្កាត់​ស្ទឹង​វែង ក្នុង​សភាព​សន្លប់ និង​មាន​ស្នាម​របួស​នៅ​លើ​ផ្ទៃមុខ និង​ក​យ៉ាងធ្ងន់ធ្ងរ ។ ឃើញ​ដូច្នេះ​ទើប​ពលរដ្ឋ​មក​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ូលិស​រួច​ទៅ​នាំ​យក​ក្មេង​រង​គ្រោះ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​គួរ​ឲ្យ​អាណិតអាសូរ​គឺ​ក្មេង​រង​គ្រោះ​បាន​ស្លាប់​ទៅ​ហើយ ។

តាម​ការ​បំភ្លឺ​របស់​ម្តាយ​ក្មេង​រង​គ្រោះ​បញ្ជាក់​ថា កូន​គាត់​បាន​ចេញពីផ្ទះ​នៅ​ម៉ោង​៩​ព្រឹក គាត់​ពុំ​ដឹង​ថា​កូន​ទៅ​ណា​ទេ ប៉ុន្តែ​មាន​ជិះ​ម៉ូតូ​ស្កុប​ពី​១​គ្រឿង​ទៅ​ដែរ តែ​ឥឡូវ​ម៉ូតូ​នេះ​ត្រូវ​បាន​បាត់បង់​ទៅ​ហើយ ហេតុនេះ​គាត់​អះអាង​ថា កូនប្រុស​របស់​គាត់​ពិតជា​ត្រូវ​ចោរប្លន់​យក​ម៉ូតូ ហើយ​សមត្ថកិច្ច​នៅ​មិន​ទាន់​រក​ឃើញ​ពន្លឺ​នៃ​ករណី​ប្លន់​នេះ​នៅឡើយ​ទេ ។

ចំណែក​ករណី​ទី​២ នៅ​វេលា​ម៉ោង​៧​យប់ មាន​ជនជាតិ​វៀតណាម​ម្នាក់​បាន​ហៅ​ម៉ូតូឌុប​ជិះ​ចេញពី​ចំណុច​ភូមិ​៣ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ហើយ​ពេល​ទៅ​ដល់​ចំណុច​ផែ​ប៉ាក់​ខ្ល​ង ចំណុច​ភូមិ​១​ដដែល ក៏​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ស្ទាក់​ជាប់​រួច​ដេញ​កាប់​រង​របួស​ដៃ ហើយ​បាន​គំរាម និង​ប្លន់​យក​អស់ប្រាក់​ចំនួន​៣០០​ដុល្លារ និង​ខ្សែ​ក​ប្លា​ទី​ន​ជាង​១​តម្លឹង ប៉ុន្តែ​ករណី​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដេញចាប់​ជនសង្ស័យ​បាន​ម្នាក់ ហើយ​បញ្ជូន​ទាំង​ជនសង្ស័យ និង​ជន​រង​គ្រោះ​ទៅ​ប៉ុស្តិ៍​នគរបាល​ស្មាច់​មាន​ជ័យ ប៉ុន្តែ​សំណុំរឿង​នេះ​ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ស្មាច់​មាន​ជ័យ​បិទ​ចោល និង​ទទួល​លាភសក្ការៈ​ពី​ក្រុម​ជនសង្ស័យ ហើយ​បំបិទ​ករណី​នេះ មិន​បាន​រាយការណ៍​ជូន​លោកស្នងការ​ឡើយ ។ ករណី​នេះ​ត្រូវ​បាន​បែកធ្លាយ​ពេល​ដែល​កោះសន្តិភាព​បាន​សុំ​ធ្វើការ​បំភ្លឺ​ពី​លោកស្នងការ​នគរបាល​ខេត្តកោះកុង​ទៅ​វិញ ។

មតិ​ជា​ច្រើន​បាន​ធ្វើការ​រិះគន់​ថា ចាប់ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ២០១៥ ដែល​ជា​ថ្ងៃ​បុណ្យអុំទូក អកអំបុក រហូត​មក​ដល់​ពេល​នេះ​នៅ​ខេត្តកោះកុង​មាន​កើត​ករណី​ចោរកម្ម​ជា​ញឹកញាប់ ដូច​ជា​ថ្ងៃ​ទី​២៦ និង​២៨ វិច្ឆិកា មាន​ករណី​ឆក់​កាបូប​២​លើក បាន​សម្រេច​មួយ​លើក ករណី​គាស់​ផ្ទះ​នៅ​យប់​ថ្ងៃ​ទី​២ ហើយ​នៅ​ថ្ងៃ​ទី​១១ ធ្នូ ២០១៥ គឺ​មាន​ករណី​ប្លន់​២​ករណី​ជាប់​គ្នា ។ បទល្មើស​ទាំងនេះ​សុទ្ធ​សឹង​នៅ​ក្នុង​សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ហើយ​សមត្ថកិច្ច​មិន​ទាន់​បង្ក្រាប​ក្រុម​ចោរ​ទាំងនេះ​បាន​នៅឡើយ​ទេ ជា​ពិសេស​ករណី​នេះ​បាន​កើតឡើង​ខណៈ​ពេល​ដែល​មាន​ល្បែង​ជល់​មាន់ និង​យូគី​មួយ​កន្លែង​បាន​បើក​លេង​ចាប់ពី​ថ្ងៃ​ទី​០១ វិច្ឆិកា ២០១៥ នៅ​ក្នុង​សួនសត្វ​កោះកុង​រហូត​មក ហើយ​ផែនការ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព បាន​ធ្លាក់​ដល់​កម្រិត​សូន្យ​ធ្វើ​ឱ្យ​ពលរដ្ឋ​ពេបជ្រាយ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​យ៉ាង​ខ្លាំង ៕