លោក​ប្រធាន​ពន្ធនាគារ​ខេត្ត​កំពុង​ជួប​ព្យុះសង្ឃរា ជុំវិញ​ការ​ចោទប្រកាន់​រំលោភ​ស្ត្រី​អ្នកទោស តែ​បាន​បដិសេធ

ខេត្តរតនគិរី ៖ រឿង​រ៉ា​វ​ចោទប្រកាន់​ប្រៀប​ដូច​ព្យុះសង្ឃរា​ប្រឆាំង​នឹង​លោក ទី​ន សុវណ្ណ​នី ប្រធាន​ពន្ធនាគារ​ខេត្ត កំពុង​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​នៅ​ក្នុងខេត្ត​មួយ​នេះ ជុំវិញ​រឿងអាស្រូវ​មេ​គុក​លូ​ង​លោម​ស្ត្រី​អ្នកទោស​យក​ទៅ​រួម​ភេទ​ចំនួន​៣​លើក ។ ការ​បែកធ្លាយ​នេះ គឺ​បន្ទាប់​ពី​មាន​មន្ត្រី​ពន្ធនាគារ​ខេត្ត​ចំនួន​៣៥​នាក់ ផ្តិត​មេដៃ​ប្តឹង​ប្រធាន​ពន្ធនាគារ​ខេត្ត លោក ទី​ន សុវណ្ណ​នី ថា បាន​យក​ពន្ធនាគារ​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន  បញ្ចេញ​អ្នកទោស​ទៅ​ក្រៅ​បរិវេណ​ពន្ធនាគារ​តាមតែ​អំពើ​ចិត្ត​ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន យកឈ្មោះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​មក​គំរាមកំហែង​មន្ត្រី​ក្រោម​ឱវាទ រំលោភ​យក​ដី​ពន្ធនាគារ​សាងសង់​គេហដ្ឋាន​ផ្ទាល់ខ្លួន និង​លួងលោម​អ្នកទោស​ស្រី​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ ទីង ប៉េ​ក យក​ទៅ​រួមរ័ក​នៅផ្ទះ​បាន​ចំនួន​៣​លើក ។

តាម​ពាក្យបណ្តឹង​ដល់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួងមហាផ្ទៃ បាន​ចោទ​ថា ចាប់តាំងពី​លោក​ប្រធាន​ពន្ធនាគារ​ថ្មី​រូប​នេះ​មក​កាន់​មុខ​តំណែង​ភ្លាម ការ​គ្រប់គ្រង​ក៏​មានការ​ប្រែប្រួល​ភ្លាម​ដែរ ដូច​ជា​ការ​បើក​ឱ្យ​អ្នកទោស​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ដើម្បី​ទាក់ទង​ឱ្យ​បងប្អូន​សាច់ញាតិ​មក​ជួប​គាត់​រក​ប្រាក់​ចំណូល​។ ការ​ប្តូរ​បន្ទប់​ពី​អគារ B មក​អគារ​A ទារប្រាក់​ក្នុង​ម្នាក់​ចាប់ពី​២០០​ដុល្លារ​ដល់​រាប់​ពាន់​ដុល្លារ​តាម​អ្នកមាន​ឬ​អ្នកក្រ និង​ដក​អ្នកទោស​ចេញ​មក​ក្រៅ​ធ្វើ​ចុងភៅ ធ្វើ​ពលកម្ម និង​សិប្បកម្ម ឱ្យ​តែ​មាន​លុយ​មិន​គិត​ពី​ទណ្ឌិត ឬ​អ្នកទោស​ទើបតែ​ចូល​ថ្មី​ទេ ។ បច្ចុប្បន្ន អ្នកទោស​ដែល​នៅ​ខាងក្រៅ​បន្ទប់​មាន​ចំនួន​៦៥​នាក់ ក្នុង​នោះ​មាន​បទល្មើស​គ្រឿងញៀន​មិន​ទាន់​កាត់ទោស​ផង​ដែរ បើ​គិត​ទៅ​មាន​ចំនួន​ច្រើន​ជាង​មន្ត្រី​ពន្ធនាគារ​ដែល​កំពុង​បម្រើ​ការងារ​សរុប​ថែម​ទៀត ។

ពាក្យបណ្តឹង​ដដែល​បន្ត​ថា កាលពី​ខែមករា​ដល់​ខែមីនា ឆ្នាំ​២០១៥ រដូវ​ប្រមូល​ផល​ស្វាយចន្ទី លោក​ប្រធាន​ពន្ធនាគារ​បាន​យក​អ្នកទោស​ចំនួន​៩​នាក់ ទៅ​ដេក​នៅ​ចម្ការ​ស្វាយចន្ទី​នៅ​អូរ​ចេញ គឺ​ចម្ការ​របស់​លោក ហេង សម្បត្តិ អស់​រយៈពេល​៣​ខែ ។ អ្នកទោស​ដែល​បាន​ឲ្យ​ទៅ​នោះ គឺ​មាន​រាយ​ឈ្មោះ​ក្នុង​បណ្តឹង​ទាំងអស់ ។

មានការ​ចោទប្រកាន់​ទៀត​ថា មន្ត្រី​ការពារ​លោក ស៊ូ​យ កែ​ឡាំ យប់​ឡើង​ដើរ​ផឹកស៊ី និង​ប្រើប្រាស់​គ្រឿងញៀន​តាម​ចិត្ត និង​បើកដៃ​ឱ្យ​ទណ្ឌិត​ឈ្មោះ ខន ខ្លឹ​ង បើករថយន្ត​ពាសពេញ​ខេត្ត និង​យក​អ្នកទោស​ស្រី​ៗ​ទៅ​កំដរ​ការ​ផឹកស៊ី​នៅ​ស្រះ​ក្រោយ​គុក​ទៀត​ផង ។ ជាមួយ​នេះ រំលោភ​យក​ដី​ពន្ធនាគារ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ប្រើប្រាស់​អ្នកទោស​សាងសង់​ផ្ទះ​២៤​ម៉ោង អ្នកទោស​ដែល​ទៅ​ធ្វើ​ផ្ទះ​នៅ​ពាសពេញ​ផ្លូវ ដល់​ពេល​យប់​ឱ្យ​អ្នកទោស​ដេក​នៅ​ទីនោះ​អត់​ចូល​ដេក​ក្នុង​គុក​ទេ ។

លោក​ប្រធាន​ពន្ធនាគារ​ក៏​រង​ការ​ចោទ​ថា បាន​បើក​បម្រើសេវា​ទូរស័ព្ទ​សាធារណៈ ដោយ​ផ្តល់​ឲ្យ​អ្នកទោស​និយាយ​យក​លុយ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ។ ប្រាក់​ចំណូល​បាន​មក​ពី​អ្នកទោស​ធ្វើ​សិប្បកម្ម​ចាក់​មង​ក្នុង​មួយ​ខែ​បាន​ចំនួន​២.០០០.០០០​រៀល ប្រមូល​លុយ​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ប្រមូល​ថ្លៃ​ភ្លើង​តាម​បន្ទប់​ដែល​មាន​ប្រើប្រាស់​ទូរទស្សន៍ និង​កង្ហារ ក្នុង​មួយ​ខែ​៥០​ម៉ឺន​រៀល ៦០​ម៉ឺន​រៀល មិន​ដែល​បង់ប្រាក់​ចូល​ក្នុង​អង្គភាព​ឡើយ ។

ជាមួយ​នេះ បាន​យក​អង្គភាព​ជា​ខ្នង​បើក​សិប្បកម្ម​ផ្ទាល់ខ្លួន ប្រើ​កម្លាំង​ពលកម្ម​អ្នកទោស​បាន​ប្រាក់​ចំណូល​ចូល​ហោប៉ៅ​ខ្លួនឯង ប្រើ​អំណាច​ផ្តាច់​ការ​គំរាម​គំ​ហែង​មន្ត្រី​ក្រោម​ឱវាទ យកឈ្មោះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ មក​គាបសង្កត់​មន្ត្រី ជេរ​ប្រមាថ​មើលងាយមើលថោក​ម​ន្រី្ត​គ្រប់​គ្នា ។

លោក ទី​ន សុវណ្ណ​នី ក៏​ត្រូវ​បាន​មន្ត្រី​ទាំង​៣៥​រូប​ចោទ​ថា បាន​យក​អ្នកទោស​ស្រី​ទៅ​ធ្វើការ​បោស​ជូត​ផ្ទះ​គាត់​ជា​រៀងរាល់ថ្ងៃ ដោយ​មាន​ទណ្ឌិត​ឈ្មោះ ខន ខ្លឹ​ង ជា​អ្នក​បើករថយន្ត​ជូន​ទៅ​ដោយ​គ្មាន​កងការពារ​ឡើយ ។ រីឯ​កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា​កន្លង​ទៅ លោក​ប្រធាន​ពន្ធនាគារ​រូប​នេះ ក៏​ទូរស័ព្ទ​ឱ្យឈ្មោះ ខ្យា​ល់ ប៉ា​ង៉ាង ប្រធាន​ការិយាល័យ​អប់រំ​កែប្រែ និង​ឈ្មោះ ឃុ​ច ចា​ទ្បាត់ ប្រធាន​ការិយាល័យ​ប្រតិបត្តិ ធ្វើការ​ឆែកឆេរ​បន្ទប់​ឃុំឃាំង​ស្ត្រី​ដោយ​ប្រាប់​ថា បាត់​លុយ​នៅផ្ទះ​ចំនួន​បួន​លាន​រៀល​សង្ស័យ​ទណ្ឌិត​ស្ត្រី​ឈ្មោះ ទីង ប៉េ​ក ដែល​ទៅ​បោក​សម្អាត​លួច ។ ក្រោយ​ឆែកឆេរ​ក៏​ឃើញ​នៅ​ក្នុង​កន្ថោរ​ទណ្ឌិត​ស្ត្រី​រូប​នេះ លោក​ប្រធាន​ក៏​ហៅ​ទណ្ឌិត ទីង ប៉េ​ក ទៅ​ជួប​ជា​សម្ងាត់ ហើយ​ក៏​ស្ងាត់​ទៅ​វិញ ។

លុះ​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ទណ្ឌិត ទីង ប៉េ​ក បាន​និយាយ​ប្រាប់​មន្ត្រី និង​អ្នកទោស​ស្ត្រី​ក្នុង​បន្ទប់​ថា លោក​ប្រធាន​ពន្ធនាគារ​មិន​ហ៊ាន​ធ្វើ​អី​គេ​ទេ បើ​ហ៊ាន​ប្តឹង​គេ​នឹង​ប្តឹង​អង្គការ​វិញ​ពី​បទ​យក​ខ្លួន​ទៅ​រួមរ័ក​ចំនួន​៣​លើក ឱ្យ​លុយ​២​លើក អត់​លុយ​១​លើក ។ ក្រោយ​ពី​ឮ​ទណ្ឌិត​ទីង ប៉េ​ក និយាយ​បែប​នេះ​ហើយ​មិន​ហា​៊​ន​ដាក់​វិន័យ​ទៀត ព្រោះ​លោក​ប្រធាន​ខ្លាច​បែក​រឿង​នេះ​ជា​សាធារណៈ និង​មានទោស​ដល់​ខ្លួន ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ លោក ទីង សុវណ្ណ​នី ប្រធាន​ពន្ធនាគារ​ខេត្ត បាន​បំភ្លឺ​ឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា ការ​ចោទប្រកាន់​ទាំង​អស់នេះ​មិន​ពិត​ទេ ។ លោក​ចោទ​វិញ​ថា មន្ត្រី​ពន្ធនាគារ​ជា​ខ្សែ​មេ​ចាស់​ចំនួន​ជាង​៣០​នាក់ ចង់​ប៉ែង​ជើង​លោក​បំណង​ឱ្យ​ធ្លាក់​ពី​តំណែង ទើប​គេ​នាំ​គ្នា​ប្រឌិត​រឿង​នេះ​ទ្បើ​ង ។ លោក​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១២ ខែធ្នូ លោក​បានឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ហៅ​ស្ត្រី​ឈ្មោះ ទីង ប៉េ​ក អាយុ​៣៦​ឆ្នាំ ជា​ជនជាតិ​ទំពួន ជាប់​ពន្ធនាគារ​រយៈពេល​៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ញុ​ល ឃុំ​ទ្បា​មិ​ញ ស្រុក​បរ​កែវ ជាប់ចោទ​ពី​បទ​សម្លាប់​ប្តី​ដោយ​យកដៃ​ទាញ​ពងស្វាស​។

ចំណែក​ស្ត្រី​ឈ្មោះ ទីង ប៉េ​ក បាន​ធ្វើ​លិខិត​បដិសេធ​មាន​ខ្លឹមសារ​ថា នាង​មិន​ធ្លាប់​ដេក​រួមរ័ក​ជាមួយ​លោក​ប្រធាន​ពន្ធនាគារ​ដូច​ការ​និយាយ​ចចាមអារ៉ាម​នោះ​ទ្បើ​យ គឺ​ធ្លាប់តែ​ទៅ​ផ្ទះ​គាត់​រៀបចំ​អីវ៉ាន់​ទុកដាក់​ក្នុងផ្ទះ​លោក​ប្រធាន​ម្តងម្កាល ពេល​គាត់​មាន​រវល់​ប៉ុណ្ណោះ ដោយពេល​នោះ​មាន​លោកស្រី​ជា​ប្រពន្ធ និង​កូន​គាត់​នៅ​ជាមួយ​ដែរ ។ ចំពោះ​ការ​និយាយ​ថា នាង​ធ្លាប់​រួម​រ័​ម​ជាមួយ​លោក​ប្រធាន​ពន្ធនាគារ ជា​ការ​មួល​បង្កាច់បង្ខូច​ប៉ុណ្ណោះ ។ ការ​និយាយ​រៀបរាប់​ខាងលើ​នេះ​ពិតជា​ត្រឹមត្រូវ បើ​ខុស​ពី​ការ​ពិត​នាង​សូម​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។

លោក ទី​ន សុវណ្ណ​នី បន្ត​ទៀត​ថា សមិទ្ធផល​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ លោក​ខំ​កសាង​និង​រៀបចំ​សណ្តាប់ធ្នាប់​បាន​យ៉ាង​ល្អ មិន​គួរ​ណា​នាំ​គ្នា​ចោទប្រកាន់​លោក​បែប​នេះ​ទេ ហើយ​ក៏​កំពុង​ធ្វើ​ឱ្យ​លោក​បាក់ទឹកចិត្ត​ក្នុង​ការ​បម្រើ​ការងារ​ទៀត​ផង ។ មិន​ទាន់​រក​ប្រតិកម្ម​ពី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​នៅ​ទ្បើ​យ​ទេ នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ព្រោះ​ជា​ថ្ងៃអាទិត្យ ៕