អគ្គិភ័យ​ឆេះ​រោងចក្រ​ទឹកកក​ចំ​ថ្ងៃ​បុណ្យ​សមុទ្រ

ខេត្តកំពត ៖ មាន​គ្រោះ​អគ្គិភ័យ​បាន​ឆាបឆេះ​រោងចក្រ​ទឹកកក​មួយ​កន្លែង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ធ្នូ ២០១៥ ស្ថិត​នៅ​ក្នុងភូមិ​តា​ដឹប សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ។ ករណី​អគ្គិភ័យ​ឆាបឆេះ​នេះ​មិន​បណ្ដាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ធ្ងន់ធ្ងរ​នោះ​ទេ ដោយសារ​តែ​ថ្ងៃ​បុណ្យ​សមុទ្រ​នេះ​កម្លាំង​របស់​ស្នងការ​នគរបាល​ខេត្ត​បាន​ត្រៀមលក្ខណៈ​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ក្រុង ក៏​ដូច​ជា​ភ្ញៀវ​ដែល​បាន​មក​លេង​កំសាន្ត​ក្នុង​ពិធីបុណ្យ​នេះ​ផង​ដែរ ។

ក្នុង​នោះ​ក្រោយ​ពេល​ដែល​មាន​អគ្គិភ័យ​ឆាបឆេះ​គឺ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នក​របាល​ខេត្ត​ចំនួន​២​គ្រឿង​បាន​ចេញ​ទៅ​ជួយ​អន្តរាគមន៍​ពន្លត់​អស់​ទឹក​៥​រថយន្ត​ទើប​ពន្លត់​ប​នា​ទាំងស្រុង ។

យោង​តាម​សំដី​របស់​បុរស​ម្នាក់​ឈ្មោះ ឈ គ​ន្ធី អាយុ​៣៥​ឆ្នាំ ជា​ម្ចាស់​រោងចក្រ​ទឹកកក​ខាងលើ​បាន​ឲ្យ​ដឹង​ថា ការ​ឆាបឆេះ​នេះ​ផ្តើម​ចេញពី​កម្ទេច​ភ្លើង​ដែល​នៅ​ក្នុង​ឡ​ដុត​អុស​ខ្ទាត​ចេញ​មក​ប៉ះ​នឹង​គំនរ​អុស​ដែល​នៅ​ក្បែរ​ឡ ហើយ​កម្មករ​ដែល​យាម​ប្រចាំការ​ចាំ​បោះអុស​ចូល​ឡ​នោះ​ពុំ​បាន​ចាប់អារម្មណ៍​ថា​មាន​កម្ទេច​ភ្លើង​នៅ​សេសសល់ ហើយ​ត្រូវ​ឡ​ដែល​ដុត​នោះ​ជា​ដែក​ឡើង​កម្ដៅភ្លើង​ខ្លាំង លុះ​ប៉ះ​នឹង​កម្ទេច​អុស​ក៏​បណ្ដាល​ឲ្យ​ឆេះ​តែ​ម្តង ពេល​ភ្លើង​ឆេះ​ឃើញ​ឡដែក និង​ជញ្ជាំង​ដែក​របស់​ឃ្លាំង​ដែល​ស្តុក​អុស​ឡើង​ក្រហម ទើប​កម្មករ​ដែល​នៅ​ប្រចាំការ​នោះ​ដឹង​ក៏​ផ្អើល​ឆោឡោ​ឡើង ខ្លះរ​ត់ទៅ​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់ ប៉ុន្តែ​មិន​រលត់ ក៏​ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ខេត្ត​មក​ជួយ​អន្តរាគមន៍​ទើប​រលត់ ។

ម្ចាស់​រោងចក្រ​ខាងលើ​បាន​បន្ត​ទៀត​ថា ការ​ឆេះ​ខាងលើ​ពុំ​បណ្ដាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ធ្ងន់ធ្ងរ​នោះ​ទេ គ្រាន់តែ​ខូច​ដំបូល​ឡ និង​ដំបូល​ឃ្លាំង និង​បំពង់ផ្សែង​ប៉ុណ្ណោះ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព