កម្ពុជា​នឹង​ប្រឈម​គំនាប​សេដ្ឋកិច្ច និង​ហានិភ័យ​សង្គម ដោយសារ​ការ​ចូល​វ័យ​ចំណាស់​ឆាប់រហ័ស

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ក្នុង​តំបន់​អាស៊ី​បូព៌ា​កំពុង​តែ​ចាប់ផ្តើម​មាន​វ័យ​ចំណាស់​លឿន​ជាង​ពលរដ្ឋ​រស់នៅ​តំបន់​ដទៃ​ទៀត​។ កត្តា​នេះ​អាច​បណ្តាល​ឱ្យ​បាត់បង់​មនុស្ស​ដែល​មាន​អាយុ​ធ្វើការ​ចំនួន​១៥​ភាគរយ​នៅ​ត្រឹម​ឆ្នាំ​២០៤០ ។

ដោយឡែក ប្រទេស​ដែល​មាន​ពលរដ្ឋ​វ័យក្មេង និង​ក្រីក្រ​ជាងគេ​ក្នុង​តំបន់​ដូច​ជា កម្ពុជា គឺ​ប្រជាពលរដ្ឋ​នឹង​ចាប់ផ្តើម​ឈាន​ចូល​វ័យ​ចំណាស់​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​២០​ឆ្នាំ ទៅ​៣០​ឆ្នាំ​ខាង​មុខ​ទៀត ។ បញ្ហា​នេះ​ត្រូវ​ប្រឈម​នឹង​បញ្ហា​គំនាប​សេដ្ឋកិច្ច និង​ហានិភ័យ​សង្គម ដែល​តម្រូវ​ឱ្យ​មាន​គោលនយោបាយ​ឆ្លើយ​តប និង​មាន​វិធានការ​ទប់ស្កាត់ ។ នេះ​បើ​តាម​របាយការណ៍​របស់​ធនាគារពិភពលោក ។

ក្នុង​របាយការណ៍​ធនាគារពិភពលោក ដែល​មាន​ចំណងជើង​ថា « រស់នៅ​បាន​អាយុ​វែង និង​បាន​ថ្តុំ​ថ្កើង ៖ ការ​ឈាន​ចូល​វ័យ​ចំណាស់​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌​៌ា និង​ប៉ា​ស៊ី​ហ្វិ​ក » បាន​រក​ឃើញ​ថា ពលរដ្ឋ​ចំនួន​២១១​លាន​នាក់​ដែល​មាន​អាយុ​៦៥​ឆ្នាំ កំពុង​រស់នៅ​ក្នុង​តំបន់​អាស៊ី​បូព៌​៌ា ។ វា​ជា​ចំនួន​មួយ​ច្រើន​ជាងគេ​បំផុត បើ​ធៀប​នឹង​តំបន់​ទាំងអស់ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​អាយុ​ធ្វើការ ត្រូវ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ។

ប្រទេស​ដែល​មាន​ពលរដ្ឋ​អាយុ​ក្មេង និង​ក្រីក្រ​ជាងគេ​ដូច​ជា កម្ពុជា ឡាវ និង ប៉ា​បូ​ញូ​ហ្គី​នី គឺ​អ្នក​ដែល​អាយុ​ចាស់​ជាង​៦៥​ឆ្នាំ មាន​ត្រឹមតែ​៤​ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ​ពលរដ្ឋ​នៃ​ប្រទេស​ទាំងនេះ​នឹង​ចាប់ផ្តើម​ឈាន​ចូល​វ័យ​ចំណាស់​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​រយៈពេល​ពី​២០​ឆ្នាំទៅ​៣០​ឆ្នាំ​ខាង​មុខ​ទៀត ដែល​អាច​ប្រឈម​នឹង​បញ្ហា​គំនាប​សេដ្ឋកិច្ច និង​ហានិភ័យ​សង្គម ។

របាយការណ៍​បង្ហាញ​ទៀត​ថា ពលរដ្ឋ​មាន​វ័យ​ចំណាស់​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍ គឺ​ពួក​គេ​ធ្វើការ​រហូត​ដល់​ស្លាប់ ខុស​ពី​ប្រទេស​ផ្សេង​ៗ​ដែល​មាន​ចំនួន​ប្រជាពលរដ្ឋ​ចូល​និវត្តន៍​ឆាប់រហ័ស ជា​ពិសេស នៅ​តំបន់​ទីក្រុង ។

លោក អាក់​សែ​ល វ៉ា​ន់ ត្រុ​ត​សេន​ប៊ើ​គ អនុប្រធាន​ធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក បាន​មាន​ប្រសាសន៍​ថា ៖ « ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំងអស់​ក្នុង​តំបន់​នេះ ដូច​ជា​កម្ពុជា​យើង​ជាដើម គឺ​កំពុង​តែ​ប្រឈម​នឹង​ភាព​កាន់តែ​ចាស់​ទៅ​ៗ មុន​នឹង​ពួក​គាត់​ក្លាយជា​អ្នកមាន » ។

លោក​បន្ត​ថា ៖ « ការ​គ្រប់គ្រង​ភាព​ឈាន​ចូល​វ័យ​ចំណាស់​ដ៏​ឆាប់រហ័ស​នេះ គឺ​មិន​សំដៅ​តែ​ទៅ​លើ​ការ​គ្រប់គ្រង​មនុស្ស​ចាស់​នោះ​ទេ ក៏​ប៉ុន្តែ​ទាមទារ​ឲ្យ​មាន​វិធីសាស្ត្រ​ក្នុង​ការ​រៀបចំ​គោលនយោបាយ​ដែល​មាន​លក្ខណៈ​ទូលំទូលាយ​មួយ​សម្រាប់​វដ្ត​ជីវិត ដើម្បី​លើកកម្ពស់​ការ​ចូលរួម​ផ្នែក​កម្លាំង​ពលកម្ម និង​បង្កើន​របៀបរបប​រស់នៅ​ឲ្យ​បាន​ល្អ​ប្រសើរ​តាម​រយៈ​ការ​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​លើ​ផ្នែក​ថែទាំ​កុមារ អប់រំ ថែទាំ​សុខភាព ប្រាក់​សោធន ការ​ថែទាំ​រយៈពេល​វែង និង​ផ្នែក​ជា​ច្រើន​ទៀត » ។

ចំណែក​ប្រធាន​ក្រុម​អ្នកនិពន្ធ​របាយការណ៍​នេះ លោក ហ្វ៊ី​លី​ប អូ​គី​ហ្វ បាន​កត់​សម្គាល់ថា  ៖  « ដោយសារ​តែ​ការ​ធ្វើការ​អង្គុយ​នៅ​ការិយាល័យ​ច្រើន ការ​ជក់​ច្រើន និង​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន ធ្វើ​ឱ្យ​សុខភាព និង​ផលិតភាព​របស់​មនុស្ស​នៅ​ជំនាន់​នេះ​ធ្លាក់​ចុះ​ខុស​ពី​សុខភាព​របស់​មនុស្ស​ជំនាន់​មុន » ។

របាយការណ៍​បង្ហាញ​ទៀត​ថា ៖ « ប្រព័ន្ធ​សុខភាព​របស់​ប្រជាពលរដ្ឋ​នៅ​អាស៊ី​បូព៌ា មិន​ត្រូវ​បាន​ត្រៀម​រៀបចំ​ការ​ចំណាយ​ទាក់ទង​នឹង​អាយុ​ទេ ពីព្រោះ​នៅ​ត្រឹម​ឆ្នាំ​២០៣០ ជំងឺមហារីក ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​រ៉ាំរ៉ៃ​ដទៃ​ទៀត​អាច​ស្មើនឹង​នឹង​៨៥​ភាគរយ​នៃ​ជំងឺ​ទាំងអស់​។ ក្រៅពី​នេះ ពលរដ្ឋ​ដែល​មាន​វ័យ​កាន់តែ​ចាស់​នា​ពេល​បច្ចុប្បន្ន​នេះ ទំនងជា​ទទួល​បានការ​គាំទ្រ​ពី​ក្រុម​គ្រួសារ​មិន​គ្រប់គ្រាន់ បើ​ធៀប​នឹង​ជំនាន់​មុន​ៗ » ។

លោក ហ្វ៊ី​លី​ប អូ​គី​ហ្វ បន្ត​ថា ៖ « ប្រជា​សាសន៍ គឺជា​កម្លាំង​ដ៏​ខ្លាំងក្លា​មួយ​ក្នុង​ការ​អភិវឌ្ឍ ក៏​ប៉ុន្តែ​នេះ​មិនមែន​ជា​វាសនា​ទេ ។ តាម​រយៈ​ជម្រើស​គោលនយោបាយ​របស់​ខ្លួន រដ្ឋាភិបាល​អាច​ជួយ​សង្គម​សម្រប​តាម​ការ​ឈាន​ចូល​វ័យ​ចំណាស់​ដ៏​ឆាប់រហ័ស និង​ជំរុញ​ឲ្យ​ការ​ឈាន​ចូល​វ័យ​ចំណាស់​មាន​សុខ​ភាពរឹងមាំ និង​មាន​សមត្ថភាព​ផលិត » ។
លោក​លើក​ឡើង​ទៀត​ថា ៖ « ចំពោះ​ប្រទេស​កម្ពុជា គួរតែ​យកចិត្តទុកដាក់​ទៅ​លើ​ការ​ចំណាយ​សាធារណៈ វិស័យ​អប់រំ ព្រោះ​យ៉ាង​ហោច​ណាស់ ក៏​អាច​រៀន​ចប់​ថ្នាក់​អនុ​វិទ្យាល័យ​ដែរ ដើម្បី​ជំរុញ​ឲ្យ​ស្ត្រី​ចួ​ល​រួម​ក្នុង​កម្លាំង​ពលកម្ម​កាន់តែ​ឡើង​ច្រើន និង​ជំរុញ​កុំ​ឲ្យ​មាន​គោលនយោបាយ​បង្ខំ​ឲ្យ​ចូល​និវត្តន៍ បើសិនជា​ពួក​គេ​មាន​លទ្ធភាព និង​ចង់​បន្តការងារ​របស់​ខ្លួន » ៕