ប្រមុខ​រាជរដ្ឋាភិបាល​ជំរុញ​សមត្ថកិច្ច​ឱ្យ​ចាត់វិធានការ​ក្នុង​វិស័យ​ដីធ្លី​ដែល​មិន​ប្រក្រតី

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​១១ ធ្នូ នៅ​ឯ​វិមាន​សន្ដិភាព សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ដែល​ពាក់​ព័ន្ធ រួម​ទាំង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ជា​បន្ទាន់​ទៅ​លើ​ការ​កាត់​ចេញ​ដីធ្លី​ណា ដែល​ស្ថិត​នៅ​ក្នុង​បញ្ជីសារពើភ័ណ្ឌ​របស់​រដ្ឋ ផ្ដល់​ជូន​ដល់​ប្រជាពលរដ្ឋ​នូវ​ប័ណ្ណកម្មសិទ្ធិ ដែល​គេ​រស់នៅ​ជាក់ស្ដែង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ទ​ទួ​លាន​ឱកាស​ក្នុង​ការ​អភិវឌ្ឍ និង​ទទួលផល​សេដ្ឋកិច្ច​ពេញលេញ ។

លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ក្នុង​ឱកាស​នោះ បាន​អនុម័ត​ទាំងស្រុង​នូវ​ប្លង់​គោល​ប្រើប្រាស់​ដី​នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ​២០៣៥ ដែល​ជា​ឯកសារ​យុទ្ធសាស្ត្រ​គោល​បម្រើ​ឲ្យ​មហិច្ឆតារបស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​សាលា​រាជធានី​ភ្នំពេញ​ដែល​មាន​គោលដៅ និង​ទស្សនវិស័យ​ដល់​ឆ្នាំ​២០៣៥ ក្នុង​ការ​គ្រប់គ្រង​តម្រង់​ទិស​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ក្នុង​ព្រំប្រទល់​រដ្ឋបាល​រាជធានី និង​តំបន់​ទីប្រជុំជន​ពាក់ព័ន្ធ​ទាំងឡាយ​នៅ​ជុំវិញ ។

ការ​អនុម័ត​នេះ គឺ​ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​នៃ​ការ​វិនិយោគឯកជន និង​ចំនួន​ប្រជាជន​ក្នុង​រាជធានី តាម​រយៈ​ការ​តម្រង់​ទិស និង​ជំរុញ​ការ​វិនិយោគសាធារណៈ ស្រប​តាម​របប​សេដ្ឋកិច្ច​ទីផ្សារសេរី និង​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ថ្នាក់​ក្រោម​ជាតិ ។ ខណៈ​ដែល​ប្រជាជន​សរុប​នៅ​ភ្នំពេញ មាន​ចំនួន​ជិត​២​លាន​នាក់ (១.៦៨៨.០៤៤​នាក់ តាម​ការ​ធ្វើ​អង្កេត​ចន្លោះ​ជំរឿន​ប្រជាសាស្ត្រ​កម្ពុជា​ឆ្នាំ​២០១៣ នៃ​ក្រសួងផែនការ​) និង​មាន​ដង់ស៊ីតេ​ប្រមាណ​ជា ២.៤៦៨​នាក់​ក្នុង​១​គីឡូ​ម៉ែត្រការ៉េ ដែល​អាច​កើន​ដល់​៣​លាន​នាក់ នា​ឆ្នាំ​២០២០ ខាង​មុខ ។

កំណើន​នគរូបនីយកម្ម និង​កំណើន​នៃ​ការ​សាងសង់​សំណង់​ធំ​ៗ​ថ្មី​ៗ​ជា​ច្រើន (​សំណង់​អគារ​ខ្ពស់​លើស​ពី​៥​ជាន់​មាន​ប្រមាណ​ជា​៦២៨​កន្លែង និង​សំណង់​បុរី​មាន​ជាង​១១០​ទីតាំង​) ដែល​បាន​ពង្រាយ​នៅ​តាម​ខណ្ឌ​ក្នុង​ក្រុង និង​ជាយក្រុង ដែល​បាន​ជំរុញ​ការ​រីក​ទីក្រុង​ទៅ​តំបន់​ខាងក្រៅ ចេញពី​ខណ្ឌ​កណ្ដាល​ទីក្រុង​ស្ទើរតែ​ហួស​ពី​ព្រំប្រទល់​រដ្ឋបាល​ខ្លួន ។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​នានា​ក្នុង​ទីក្រុង​នា​ពេល​បច្ចុប្បន្ន​នេះ និង​ដើម្បី​រក្សា​បាន​នូវ​សណ្ដាប់ធ្នាប់ ព្រមទាំង​កំណើន​អភិវឌ្ឍន៍​ទីក្រុង​ប្រកបដោយ​ចីរភាព​នា​ពេល​អនាគត សាលា​រាជធានី​ភ្នំពេញ​បាន​តាក់តែង​រៀបចំ​គម្រោង​ប្លង់​គោល​ប្រើប្រាស់​ដី​នេះ​ឡើង ដើម្បី​តម្រង់​ទិស​ជា​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធ្វើ​ជា​មូលដ្ឋាន​បច្ចេកទេស និង​ជា
ឧបករណ៍​ច្បាប់ ព្រមទាំង​ជា​គ្រឿង​លើកទឹកចិត្ត​សម្រាប់​កៀងគរ​ឲ្យ​ស្ថាប័នហិរញ្ញវត្ថុ​នានា​ចូលរួម​ឲ្យ​បាន​កាន់តែ​សកម្ម ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ឲ្យ​ប្រកប​ទៅ​ដោយ​ប្រសិទ្ធ​ផល​ខ្ពស់ ។

តាម​រយៈ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា «​នយោបាយ​ចាស់ សកម្មភាព​ថ្មី​» ដែល​រាជរដ្ឋាភិបាល បាន​អនុវត្ត​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១២ រហូត​ដល់​ពាក់កណ្តាល​ឆ្នាំ​២០១៣ បាន​ផ្តល់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៤០០.០០០​គ្រួសារ​ហើយ លើ​ដី​ទំហំ​១.២០០.០០០​ហិ​កតា ។ តាម​ផែនការ​រាជរដ្ឋាភិបាល​ត្រូវ​ផ្តល់​ដី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន ៦០០.០០០​គ្រួសារ ។

បើ​តាម​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី លោក សេង ឡូត បាន​ឲ្យ​ដឹង​ថា ចាប់ពី​ឆ្នាំ ២០០៣ រហូត​ដល់​បច្ចុប្បន្ន​នៅ​ក្នុង​របាយការណ៍​វិវាទ​ដីធ្លី កម្ពុជា​មាន​ទំនាស់​ដីធ្លី
ប្រមាណ​​ជាង​៧​ពាន់​ករណី ហើយ​ករណី​ទំនាស់​ទាំង​អស់នេះ គឺ​កើត​មាន​ក្នុង​ឆ្នាំ និង​ទំនាស់​សល់​ពី​ពេល​កន្លង​មក សរុប​ទាំងអស់​ជាង​៧​ពាន់​ករណី ។

លោក​បាន​បន្ថែម​ថា ការ​ដោះស្រាយ​កន្លង​មក គឺ​ដោះស្រាយ​ដោយ​គណៈកម្មការ​សុរិយោដី បាន​ជាង​៣​ពាន់​ករណី​ហើយ ហើយ​មាន​បណ្តឹង​ខ្លះ​ជា​បណ្តឹង​ខុស​សមត្ថកិច្ច​នោះ ក៏​ប្រហែល​ជាង​២​ពាន់​ករណី​ដែរ ។ បណ្តឹង​ខ្លះ មាន​ប្រជាពលរដ្ឋ​បាន​ដក​ទៅ​វិញ ដូច្នេះ​ក្រសួង​នៅ​សល់​ទំនាស់​ដីធ្លី​ប្រហែល​៧០០​ករណី​តែ​ប៉ុណ្ណោះ ដែល​ត្រូវ​ដោះស្រាយ​បន្ត ។

តាម​ប្រសាសន៍​លោក​ទេស​រដ្ឋមន្ត្រី អឹុ​ម ឈុ​ន​លឹ​ម រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​បាន​ប្តេជ្ញា​បន្ត​អនុវត្ត​សកម្មភាព​ស៊ីជម្រៅ​ថែម​ទៀត​នូវ​កំណែទម្រង់​ដីធ្លី​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ការ​គ្រប់គ្រង ការ​រៀបចំ ការ​ប្រើប្រាស់ និង​ការ​បែងចែក​ដីធ្លី ដើម្បី​រួមចំណែក​ធ្វើ​ឲ្យ​សម្រេច​គោលដៅ​ជាតិ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ។ រាជរដ្ឋាភិបាល​បាន​ផ្តល់​អាទិភាព​លើ​ការ​ជំរុញ​ល្បឿន​នៃ​ការ​ចុះបញ្ជី​ដីធ្លី និង​ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​លើ​ដីធ្លី ទាំង​រដ្ឋ ទាំង​ឯកជន និង​ទាំង​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព​ឲ្យ​បាន​៥៧%​ទៅ​៦៥%​នៅ​ឆ្នាំ​២០១៥ ៧០%​នៅ​ឆ្នាំ​២០១៨  និង​១០០%​នៅ​ឆ្នាំ​២០២២ ៕