អាកាសធាតុ នឹង​ចុះ​ត្រជាក់​ដល់​១៧​អង្សា​ពីថ្ងៃ​ទី​១៧-២០​ខែធ្នូ​នៅតាម​ខេត្ត​មួយចំនួន

​ស្ថានភាព​អាកាសធាតុ​នៅក្នុង​បណ្តា​ខេត្ត​មួយចំនួន​នៃ​ប្រទេស​កម្ពុជា នឹង​ចុះ​ត្រជាក់​ដល់​១៧​អង្សារយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧​ដល់​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០១៥​ខាងមុខ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៤​ខែធ្នូ​នេះ​។​

​បើតាម​សេចក្តីជូនដំណឹង​ដដែល បច្ចុប្បន្ន​កម្ពុជា បាននិងកំពុង​ទទួល​រង​ឥទ្ធិពល​ខ្យល់មូសុង​ឦសាន និង​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​។ ជ្រលង​សម្ពាធ​ខ្ពស់​នេះ​នឹង​បង្កើន​ឥទ្ធិពល​កាន់តែខ្លាំង​មកលើ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៧​ដល់​ថ្ងៃទី​២០​ខែធ្នូ ជាពិសេស​នៅ​តំបន់​ខ្ពង់រាប និង​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​។​

​បើតាម​ក្រសួង​ធនធានទឹក លក្ខណៈ​បែបនេះ​នឹងធ្វើ​ឲ្យ​ស្ថានភាព​អាកាសធាតុ​នៅក្នុង​ខេត្តមណ្ឌលគិរី​ មាន​សីតុណ្ហភាព​អប្បរមាច​ន្លោះ​ពី​១៧​ទៅ​១៨​អង្សា និង​សីតុណ្ហភាព​អតិបរមា​ពី​២៣​ទៅ​២៤​អង្សា។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ឧ​ត្ត​រ​មានជ័យ សៀមរាប ព្រះវិហារ និង​ខេត្តរតនគិរី មាន​សីតុណ្ហភាព​ពី​១៨​ទៅ​២០​អង្សា និង​អតិបរមា​ពី​២៥​ទៅ​២៧​អង្សា​។

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ក៏បាន​អំ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ស្ថានភាព​អាកាសធាតុ​ដែល​ចុះ​ត្រជាក់​នេះ​៕