ក្រុម​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​ថា​ខ្លួន​ខ្វះ​ការយកចិត្តទុកដាក់​ពី​ក្រសួង​អប់រំ

សៀមរាប៖ ក្រុម​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង បានធ្វើ​ឲ្យ​សាធារណជន​មានការ​ភ្ញាក់ផ្អើល។ ពួកគេ​បាន​បង្កើត​សម្ភារ​មួយចំនួន ដែល​អាច​ផលិត​ជា​ថាមពល​អគ្គិសនី​បាន។ សម្ភារ​ដែល​ពួកគេ​បាន​បង្កើត​រួមមាន តួប៊ីន​ចំហាយ​ទឹក កង្ហារ​ទាញ​ថាមពល វិទ្យុ ទូរ​សព្ទ។ល។ ជា​ក្រុមសិស្ស​វិទ្យាល័យ ហ៊ុន សែន វត្ត​ស្វាយ ខេត្តសៀមរាប ក្រុម​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​ទាំងនោះ មាន​មោទនភាព​ចំពោះ​ស្នាដៃ​ដែល​ពួកគេ​បាននិងកំពុង​បង្កើត បើទោះបី​ស្នាដៃ​ទាំងនោះ មាន​អ្នកខ្លះ​មិន​ឲ្យ​តម្លៃ​យ៉ាងណាក៏ដោយ។ យ៉ាងណា ក្រុមយុវជន​ដែលមាន​ទេពកោសល្យ​ខាង​ផលិត​ថាមពល អះអាងថា ពួកគេ​មិន​បោះបង់​ការខិតខំ​ប្រឹងប្រែង​ខ្លួន​ឡើយ បើទោះជា​ពួកគេ​ខ្វះ​ការយកចិត្តទុកដាក់​ពី​ក្រសួង​អប់រំ​ក៏ដោយ។

ក្រុម​វិទ្យាសាស្ត្រ និង​វិស្វកម្ម គឺជា​ឈ្មោះ​របស់​ក្រុមយុវជន​វ័យក្មេង​មួយក្រុម ដែលមាន​ទេពកោសល្យ​ខាង​ផលិត​ថាមពល​អគ្គិសនី។ ពួកគេ​មាន​សមាជិក​ចំនួន ១៧នាក់ ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​ទី៨ ទី៩ ទី១០ និង​ទី១១ នៃ​វិទ្យាល័យ ហ៊ុន សែន វត្ត​ស្វាយ ក្រុង​សៀមរាប និង​មាន​អាយុ​ចន្លោះ​ពី ១៣ ទៅ១៦ឆ្នាំ។ ថ្នាក់​គ្រប់គ្រង​វិទ្យាល័យ ហ៊ុន សែន វត្ត​ស្វាយ បានប្រគល់​បន្ទប់រៀន​មួយ​បន្ទប់ ដើម្បី​សម្រួល​ដល់​ការពិសោធន៍ និង​ទុកដាក់​សម្ភារ របស់​ក្រុម​វិទ្យាសាស្ត្រ​វ័យក្មេង ក្រោយពី​ក្រុម​នេះ​បាន​បង្កើតជា​ផ្លូវការ នៅ​ដើមឆ្នាំ២០១៤ ។

ប្រធាន​ក្រុម​វិទ្យាសាស្ត្រ និង​វិស្វកម្ម យុវ​សិស្ស ស ហុក​លី បាន​រម្លឹក​ពី​ប្រវត្តិ​ក្រុម​ខ្លួន មុននឹង​ទីតាំង​ត្រឹមត្រូវ​មកដល់​បច្ចុប្បន្ននេះ។ ហុក​លី រម្លឹកថា ខ្លួន​និង​មិត្តភក្តិ ដែល​ស្រឡាញ់ និង​មាន​ឆ​ន្ទះ​ដូចគ្នា តែងតែ​ជួបគ្នា​នៅពេល​សម្រាក​ពី​ការសិក្សា ដើម្បី​បង្កើត​សម្ភារ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​គ្រឿង​ដើរ​ដោយ​ថាមពល​អគ្គិសនី។ យ៉ាងណា​នៅពេលនោះ ពួកគេ​ដើរ​ឆ្លាស់​ពី​ផ្ទះ​មិត្តភក្តិ​មួយ​ទៅផ្ទះ​មិត្តភក្តិ​មួយ ដោយ​ពុំមាន​កន្លែង​ទុកដាក់​សម្ភារ​ជាក់លាក់​នោះទេ។ នៅពេលនោះ ក៏​ពុំទាន់​មាន​លើកទឹកចិត្ត​ពី​អាណាព្យាបាល​នោះដែរ ដោយ​ពួកគេ​ចាត់ទុក​សកម្មភាពកូនៗខ្លួន​ថា «ឥតប្រយោជន៍»។

ជាមួយគ្នានេះដែរ យុវ​សិស្ស ស ហុក​លី រម្លឹក​បន្តថា ពួកគេ​តែងតែ​បរាជ័យ​កន្លែង​ពិសោធន៍ ក្នុងនោះ​កន្លងមក ពួកគេ​ក៏​ធ្លាប់បាន​ប្រាប់​សកម្មភាព​ក្រុម​ខ្លួន ដល់​ថ្នាក់​គ្រប់គ្រង​សាលា ឲ្យ​បាន​ដឹងឮ​ផងដែរ ប៉ុន្តែ​ខាង​សាលា​មើលឃើញ​សកម្មភាព​ពួកខ្លួន មិន​ខុសពី​ខាង​គ្រួសារ​ទេ គឺ​ចាត់ទុក គ្រាន់​ជាការ​លេងសើច​តែប៉ុណ្ណោះ។ ជា​បន្តបន្ទាប់ ក្រុម​វិទ្យាសាស្ត្រ និង​វិស្វកម្ម ខិតខំ​ស្វះ​ស្វែងរក​កន្លែង​សមរម្យ សម្រាប់​ទុកដាក់​សម្ភារ​ដែល​ពួកគេ​បាននិងកំពុង​បង្កើត ហើយ​ចុងក្រោយ​ពួកគេ​បានសម្រេច​ប្រាប់​ព័ត៌មាន​នេះ​ម្តងទៀត ទៅកាន់​នាយិកា​សាលា ដែល​ទើប​ឡើង​ថ្មី។ ពេលនោះ​ហើយ ដែល ហុក​លី ចាប់ផ្តើម​ប្រមូល​សមាជិក​ក្រុម​ជាថ្មី និង​បានធ្វើ​ឲ្យ​មហាជន​ស្គាល់​ជាបណ្តើរៗ ។

បើទោះជា​មាន​កន្លែង​សម្រាប់​ពិសោធន៍​ត្រឹមត្រូវ​ក៏ពិតមែន ប៉ុន្តែ​សម្ភារ​ដែល​ប្រើប្រាស់​ក្នុងការ​បង្កើត​ថាមពល​អគ្គិសនី ឫ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​របស់​ក្រុម​យុវ​សិស្ស​សាលារៀន​វត្ត​ស្វាយ មិនទាន់មាន​ស្តង់ដារ​នៅឡើយ។ ពួកគេ​ប្រើប្រាស់​សម្ភារ​ដែល​គេ​បោះចោល​មួយចំនួន មាន​ធុង​ប្រេង ធុង​កុំព្យូទ័រ កំណាត់ឈើចាស់ៗ កំប៉ុង​ទឹក សំបក​ដប ថាស​ចម្រៀង កំប៉ុង​ថ្នាំ​បាញ​សត្វល្អិត ត្រឡោក​ដូង និង​ឫស្សី​ជាដើម។

«ប្រសិនបើ​យើង​មាន​សម្ភារ​ទំនើប នោះ​ខ្ញុំ​ជឿជាក់ថា សម្ភារ​ដែល​យើង​បង្កើតឡើង នឹង​ទំនើប»។ នេះ​ជាការ​អះអាង​របស់ ហុក​លី ក្នុង​ទឹកមុខ​ម៉ឺងម៉ាត់។ មន្ទីរអប់រំ​ខេត្តសៀមរាប ធ្លាប់​ចុះទៅ​មើល​សកម្មភាព​បង្កើត​ថ្មី​របស់​ក្រុម​យុវ​សិស្សសាលា​វត្ត​ស្វាយ និង​បាន​កោតសរសើរ​ចំពោះ​ស្នាដៃ​ពួកគេ។ ក្រៅពី​ការកោតសរសើរ និង​លើកទឹកចិត្ត​ហើយ​នោះ ក្រុម​វិទ្យាសាស្ត្រ​វ័យក្មេង ចង់​ឲ្យ​ក្រសួង​អប់រំ ផ្តល់​សម្ភារ​ស្រាវជ្រាវថ្មីៗ រួម​និង​ការបណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​ពួកគេ​ផងដែរ ដើម្បី​ការអភិវឌ្ឍ​សមត្ថភាព​ទៅ​ថ្ងៃ​អនាគត។ នេះ​ជា​សំដី ហុក​លី មុននឹង​គេ​បង្ហើប​ពី​ការចង់បាន​ទីតាំង​ពិសោធន៍​ថ្មី ដែល​អំណោយផល​ជាង​នេះ។ ទីតាំង​សព្វថ្ងៃ​នៅក្នុង​សាលារៀន​វត្ត​ស្វាយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការសិក្សា​សិស្ស​ឯទៀត ហើយ​ជាហេតុ​ធ្វើ​ឲ្យ​គេ អាច​ពិសោធន៍​បានតែ​ថ្ងៃ​ណា ដែល​សាលា​ឈប់សម្រាក​តែប៉ុណ្ណោះ។

«គំនិត​នៅក្នុង​ក្បាល» ជា​ទុន​ធំ​បំផុត ដែល​អាច​ឲ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង អាចបង្កើត​សម្ភារ​អេ​ឡិច​ត្រូ​និ​ច ជោគជ័យ​បាន។ យុវ​សិស្ស ហុក​លី ទទួលស្គាល់ថា គេ​បាន​យក​មេរៀន​ក្នុង​សាលា មក​អនុវត្តន៍​ក្នុងការ​ពិសោធន៍​ខ្លះ​ដែរ តែ​យុវ​សិស្ស​វ័យ១៦ឆ្នាំ​រូបនេះ នៅតែ​ជឿជាក់​ខ្ពស់​ចំពោះ​គំនិត​ច្នៃ​បង្កើត​របស់ខ្លួន ដែល​គេ​ដឹងថា ជាប់​នៅក្នុង​ខួរក្បាល តាំងពី​គេ​រៀន​ថ្នាក់​ទី១មក។

បច្ចុប្បន្ននេះ ក្រុម​វិទ្យាសាស្ត្រ និង​វិស្វកម្ម កំពុង​បង្កើត តួប៊ីន​ចំហាយ​ទឹក ដែល​អាច​ទាញ​ថាមពល​អគ្គិសនី​បាន៥វ៉ុល ដែលជា​ឧបករណ៍​ធុន​តូច​អាច​ប្រើ​សម្រាប់​សាក​ថ្ម​ទូរ​សព្ទ​ជាដើម។ ក្រៅពីនេះ ពួកគេ​បាន​ផលិត​កង្ហារ​ដើរ​ដោយ​ខ្យល់ ទូរ​សព្ទ​ខ្នាតតូច ឌី​ណា​ម៉ូ និង​វិទ្យុ ដែល​បច្ចុប្បន្ន​អាច​ស្តាប់ឮ​បាន​ចំនួន៤០ប៉ុស្តិ៍​ផងដែរ។

គោលដៅ​ចំបង​សម្រាប់​ក្រុម​វិទ្យាសាស្ត្រ​វ័យក្មេង គឺ​បង្កើត​អ្វីដែល​អាច​ទាញ​ថាមពល​បាន ព្រោះថា​សព្វថ្ងៃ កម្ពុជា​ពឹង​លើ​ប្រទេសជិតខាង​ស្ទើរតែ​ទាំងស្រុង សម្រាប់​ប្រើប្រាស់។ ហុក​លី គិតដល់​អនាគត ប្រសិនបើ​ប្រទេស​កម្ពុជា​អាចមាន​រោងចក្រ​ផលិត​សម្ភារទំនើបៗបាន នោះ​វា​នឹងធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មិនតិច​ទេ មានការ​ងារ​ធ្វើ ហើយ​វា​ក៏​អាច​កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស ដែលជា​ផ្នែក​មួយ​ជួយ​ដល់​វិស័យសេដ្ឋកិច្ច បាន​មួយផ្នែក។

បើទោះជា​សព្វថ្ងៃ សកម្មភាព​របស់​ក្រុម​វិទ្យាសាស្ត្រ និង​វិស្វកម្ម ត្រូវ​មហាជន​មួយចំនួន​មើលមិនឃើញ​ពី​ប្រយោជន៍​ក៏ដោយចុះ តែ​សមាជិក​ក្រុម​អះអាងថា ពួកគេ​មាន​មោទនភាព​និង​សប្បាយចិត្ត ទៅលើ​អ្វីដែល​ពួកគេ​បាន​បង្កើត ហើយ​លទ្ធផល​ទាំងនេះ​កើតចេញពី​ការខិតខំ និង​ការតស៊ូ​របស់​ពួកគេពិត។ ពួកគេ​ជឿជាក់ថា សកម្មភាព​ខ្លួន​នឹង​អាចជួយ ចំណែក​ណាមួយ ដល់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត៕

ក្រុម​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​ថា​ខ្លួន​ខ្វះ​ការយកចិត្តទុកដាក់​ពី​ក្រសួង​អប់រំ
ក្រុម​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​ថា​ខ្លួន​ខ្វះ​ការយកចិត្តទុកដាក់​ពី​ក្រសួង​អប់រំ
ក្រុម​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​ថា​ខ្លួន​ខ្វះ​ការយកចិត្តទុកដាក់​ពី​ក្រសួង​អប់រំ
ក្រុម​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​ថា​ខ្លួន​ខ្វះ​ការយកចិត្តទុកដាក់​ពី​ក្រសួង​អប់រំ
ក្រុម​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​ថា​ខ្លួន​ខ្វះ​ការយកចិត្តទុកដាក់​ពី​ក្រសួង​អប់រំ
ក្រុម​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​ថា​ខ្លួន​ខ្វះ​ការយកចិត្តទុកដាក់​ពី​ក្រសួង​អប់រំ
ក្រុម​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​ថា​ខ្លួន​ខ្វះ​ការយកចិត្តទុកដាក់​ពី​ក្រសួង​អប់រំ
ក្រុម​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​ថា​ខ្លួន​ខ្វះ​ការយកចិត្តទុកដាក់​ពី​ក្រសួង​អប់រំ
ក្រុម​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​ថា​ខ្លួន​ខ្វះ​ការយកចិត្តទុកដាក់​ពី​ក្រសួង​អប់រំ
ក្រុម​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​ថា​ខ្លួន​ខ្វះ​ការយកចិត្តទុកដាក់​ពី​ក្រសួង​អប់រំ