តំណាងរាស្ត្រ CNRP នឹងចូលរួម​រាល់​កិច្ចប្រជុំសភា​វិញ

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នៅ​កំពុងមាន​វត្តមាន​ជាង​៤០​រូប​នៅ​កម្ពុជា សម្រេច​ថា​នឹងចូលរួម​ប្រជុំ​ក្នុង​រដ្ឋសភា​វិញ ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា និង​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ទាំងពីរ​ឡើងវិញ ។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​បញ្ជាក់ថា តំណាងរាស្ត្រ​ទាំងអស់​បានសម្រេច​ចូលរួម​រាល់​កិច្ចប្រជុំ​រដ្ឋសភា​វិញ អនុវត្ត​ការងារ​ដែល​សម្រេច​លទ្ធផល​ចំនួន​៤​ចំណុច នៅក្នុង​ជំនួប​រវាង​ប្រធាន​ក្រុម​មតិ​ភាគតិច ក្រុម​មតិ​ភាគច្រើន​នៃ​រដ្ឋសភា កាលពី​ថ្ងៃទី​១០ ធ្នូ កន្លងមក​។​

​ថ្លែងប្រាប់​សារពត៌មាន​ថ្មីៗ លោក យ៉ែម បុញ្ញឫទ្ធិ បាន​ពន្យល់​យ៉ាង​ដូច្នេះ​៖«​ក្រោយពី​មាន​ជំនួប​ក្រុម​មតិ​ភាគច្រើន និង​ក្រុម​មតិ​ភាគតិច សម្រេចបាន​លទ្ធផល​៤​ចំណុច​រួចមក យើង​បានសម្រេច​ថា នឹងចូលរួម​រាល់​កិច្ចប្រជុំ​ដូចជា ប្រជុំ​គណៈកម្មការ​រដ្ឋសភា គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ប្រជុំ​សភាពេញអង្គ​។ យើង​ចូលទៅ​ដើម្បី​លើកយក​បញ្ហា​នានា ដូចជា​បញ្ហា​សច្ចា​ប័ណ្ណ​ជាដើម​។​ជុំវិញ​បញ្ហានយោបាយ​យើង​នៅតែ​បន្ដ​ពិភាក្សា​ជា​ទៀងទាត់ ហើយ​យើង​នៅតែ​មានជំនឿថា នឹងមាន​ដំណោះស្រាយ​»​។​

​ជំនួប​រវាង​ប្រធាន​ក្រុម​មតិ​ភាគច្រើន​នៃ​រដ្ឋសភា  និង ប្រធាន​ក្រុម​មតិ​ភាគតិច កាលពី​ថ្ងៃទី​១០ ធ្នូ បានសម្រេច​ព្រមព្រៀង​រួមគ្នា​៤​ចំណុច រួមមាន​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​ដែល​ចូលរួម​ដោយ​បក្ស​ទាំងពីរ ដើម្បី​ពិនិត្យ​និង​ផ្តល់យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​។ បង្កើត​ក្រុមការងារ​ដែល​ចូលរួម​ដោយ​បក្ស​ទាំងពីរ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពិនិត្យ​លទ្ធភាព​ដំឡើង​កម្រិត​នៃ​វប្បធម៌​សន្ទនា​។ ពង្រឹង​របៀបរបប​ការងារ ទំនាក់ទំនង​ការងារ ព្រមទាំង​ផ្តល់​មធ្យោបាយ​សម្រាប់​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​ក្នុង​សភា ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ស្ថាប័ន​រដ្ឋសភា និង​បន្ត​ដោះស្រាយ​បញ្ហា​សេសសល់​នានា ដោយ​ឈរលើ​ស្មារតី​ផ្សះផ្សា បង្រួបបង្រួម​ជាតិ និង​ឯកភាព​ជាតិ ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​និង​នីតិរដ្ឋ​។​

​កន្លងមក​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ឯកភាពគ្នា​សម្រេច​ឲ្យ​តំណាងរាស្ត្រ ចូលរួម​កិច្ចប្រជុំ​ក្នុង​រដ្ឋសភា​វិញ ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ឬ​សេចក្តីស្នើច្បាប់​នានា  ជាពិសេស​ការបញ្ចេញ​យោបល់​ទៅលើ​សេចក្ដីព្រាងច្បាប់​ទាំងនោះ​។ លោក សម រង្ស៊ី ដែល​និយាយ​តាមរយៈ​វី​ឌី​អូ មកកាន់​តំណាងរាស្ត្រ​ខ្លួន បាន​បញ្ជាក់ថា​ការចូលរួម​ប្រជុំ​ពិភាក្សាគ្នា​វិញ ក៏​អាចជួយ​ឲ្យ​តំណាងរាស្ត្រ​ខ្លួន អាច​ទទួលបាន​ព័ត៌មាន​ពី​ខាង​រដ្ឋាភិបាល​ថា តើ​ពួកគេ​បាន​បំពេញ​កិច្ចការ​ប្រទេសជាតិ​អ្វីខ្លះ​? ៕