នាយករដ្ឋមន្ត្រី​កាណាដា ទៅ​ទទួល​ជនភៀសខ្លួន​ស៊ី​រី​ដល់​ព្រលានយន្តហោះ​

 
​ទោះបីជា​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​មួយចំនួន បានប្រកាស​បិទ​ច្រកព្រំដែន និង​ផ្អាក​ទទួល​ជនភៀសខ្លួន​ក្រោម​ហេតុផល​នៃ​ចលនា​ភេរវកម្ម​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម រដ្ឋាភិបាល​កាណាដា នៅតែ​ស្វាគមន៍ ចំពោះ​វត្តមាន​របស់​ជនភៀសខ្លួន​ស៊ី​រី​ដោយ​ភាពកក់ក្តៅ​។ ហើយ​ពេលនេះ ជនភៀសខ្លួន​ជុំទីមួយ ក្នុងចំណោម​ជនភៀសខ្លួន​ប្រមាណ​ជាង​ពីរម៉ឺន​នាក់​ដែល​រដ្ឋាភិបាល​កាណាដា ប្រកាស​ទទួលយក បាន​ទៅដល់​កាណាដា​ហើយ​។

​កាលពី​យប់​ថ្ងៃទី​១០ ធ្នូ កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី​ថ្មី​វ័យក្មេង​កាណាដា Justin Trudeau បានចេញ ទៅ​ទទួល​ស្វាគមន៍​សម្រាប់​វត្តមាន​ជនភៀសខ្លួន​ស៊ី​រី​១៦៣​នាក់​ដោយផ្ទាល់​នៅ​ព្រលានយន្តហោះ​។ វត្តមាន​ជនភៀសខ្លួន​ជាង​មួយរយ​នាក់ គឺជា​ការមកដល់​ជុំទីមួយ​នៃ​ជនភៀសខ្លួន​មកពី​ស៊ី​រី​ក្នុងចំណោម នៃ​ជនភៀសខ្លួន​សរុប​ជាង​ពីរម៉ឺន​នាក់​ដែល​នឹង​មក​កាណាដា​។

​ជំនួស​ការដក​យន្តហោះ​ចម្បាំង​ពី​ប្រតិបត្តិការ​វាយកម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី និង​អី​រ៉ា​ក់​ដែល​កំពុងតែ ដឹកនាំ​ដោយ​អាមេរិក កាណាដា បានប្រកាស​ទទួលយក​ជនភៀសខ្លួន​ស៊ី​រី​មក​រស់នៅក្នុង​ទឹកដី​ខ្លួន​ជាង ពីរម៉ឺន​នាក់​។ តាម​ការកំណត់​របស់​រដ្ឋាភិបាល​កាណាដា ជនភៀសខ្លួន​១​ម៉ឺន​នាក់ នឹងត្រូវ​មក​តាំង​លំនៅ នៅ​កាណាដា​នៅ​ចុងឆ្នាំ​២០១៥​នេះ និង ១​ម៉ឺន​ប្រាំ​ពាន់​នាក់​ផ្សេងទៀត នឹងត្រូវ​មកដល់​កាណាដា​នៅ ចុងខែ​កុម្ភៈ​ឆ្នាំ​២០១៦ ​។​

​ដោយឡែក សម្រាប់​ជុំ​ទី​១​នៃ​ការមកដល់​នៃ​ជនភៀសខ្លួន​ស៊ី​រី​ទាំង​១៦៣​នាក់ ទទួលបាន​ការស្វាគមន៍ យ៉ាង​កក់ក្តៅ​ពី​នាយករដ្ឋមន្ត្រី​កាណាដា​។ លោក Justin Trudeau ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ថា « ពួកគេ​ដែល​សំដៅ​ជនភៀសខ្លួន​ស៊ី​រី ចុះ​ពី​យន្តហោះ​ក្នុងនាម​ជា​ជនភៀសខ្លួន តែ​ក្រោយពេល​ចាកចេញ ពី​ព្រលានយន្តហោះ ពួកគេ​នឹង​ទទួលបាន​ទីកន្លែង​រស់​នៅ​ជា​អចិន្ត្រៃយ៍ និង​ការធានា​ថែទាំ​សង្គម​គ្រប់បែបយ៉ាង​ក្នុង​ទឹកដី​កាណាដា​។ ជាពិសេស​នោះ ពួកគេ នឹង​ទទួលបាន​សញ្ជាតិ​កាណាដា​ទៀតផង​»​។

​ក្រៅពី​ការទទួល​ពី​ស្វាគមន៍​យ៉ាង​ជិតស្និទ្ធ​ពី​នាយករដ្ឋមន្ត្រី​កាណាដា មាន​ប្រជាជន​កាណាដា​ជាច្រើន ផ្សេងទៀត ក៏បាន​ចូល​ស្ម័គ្រចិត្ត​ក្នុង​ការជួយ​សម្រួល​កិច្ចការ​មួយចំនួន​ក្នុងការ​រស់នៅ ក៏ដូចជា​ផ្តល់​កាដូ ផងដែរ​។ ប្រជាជន​ខ្លះ បាន​ផ្ងើ​សារ​តាមរយៈ​វីដេអូ​ថា ពួកគេ​ពិតជា​ចង់​ធ្វើជា​មិត្តភក្តិ​ជាមួយនឹង ជនភៀសខ្លួន​ស៊ី​រី​ទៀតផង​។

​សូម​រម្លឹក​ផងដែរ​ថា ការទទួលយក​ជនភៀសខ្លួន​របស់លោក​នាយករដ្ឋមន្ត្រី​កាណាដា​គឺជា​គោ​លន​យោ បាយ​ជាតិ និង​ការ​បរទេសមួយ​ក្នុងការ​ប្រឆាំងនឹង​ភាព​រើសអើង និង​ស្ងប់​ខ្ពើម​របស់​ពិភពលោក ជាពិសេស​នោះ​ទៅលើ​ប្រជាជន​ឥស្លាម​។ តែ លោក Justin Trudeau ក៏​ធ្លាប់​ត្រូវបាន​មេដឹកនាំ​ពិភពលោក​មួយចំនួន រិះគន់​ផងដែរ​ថា ការទទួលយក​ជនភៀសខ្លួន​ច្រើន នឹងធ្វើ​ឲ្យ​កាណាដា​ប្រឈម​នឹង​ការគំរាមកំហែង ដ្បិត​រយៈពេល​ចុងក្រោយ នេះ មាន​ក្រុម​ភេរវជន​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ជាច្រើន​បាន​បង្កប់ខ្លួន​ជាមួយនឹង​ជនភៀសខ្លួន​ស៊ី​រី​ដើម្បី​ឆ្លៀតឱកាស​ធ្វើការ​គំរាមកំហែង​ដល់​ពិភពលោក​៕