កាលី​ហ្វ​ញ៉ា ៖ គ្រួសារ​មួយ​រកឃើញ​សត្វ​ឆ្មា​វិញ បន្ទាប់ពី​បាត់អស់ ៨ ឆ្នាំ​

យើង​មិនដឹងថា រយៈពេល ៨ ឆ្នាំ​មកនេះ សត្វ​ឆ្មា​នេះ​បាន​ជួបប្រទះ​នូវ​រឿងហេតុ​អ្វីខ្លះ​ទេ​។ ប៉ុន្តែ ទោះជា​យ៉ាងណា ក៏​រឿងរ៉ាវ​បានបញ្ចប់​ទៅដោយ​ភាព​រីករាយ​ដែរ​។ នៅ​ទីបំផុត សត្វ​ឆ្មា​មួយ​ក្បាល​ដែល​បាន​បាត់​ខ្លួន​អស់ ៨ ឆ្នាំ បានមក​ជួប​ម្ចាស់​របស់​វា​វិញ​នៅ​ទីក្រុង Novato រដ្ឋកា​លី​ហ្វ​ញ៉ា សហរដ្ឋអាមេរិក នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅនេះ​។​

​ឆ្មា​នេះ​មាន​ឈ្មោះថា Ginger ។ នៅពេលដែល​វា​បាត់​ខ្លួន វា​នៅ​ជា​កូន​ឆ្មា​តូច​នៅឡើយ​។ វា​បាន​បង្ហាញខ្លួន​សាជាថ្មី​កាលពី​ពីរ​ខែ​មុន ដោយ​ត្រូវ​ឈ្មួញ​ម្នាក់​យកទៅ​ចិញ្ចឹម ដោយសារតែ​ឃើញ​វា​ជាស​ត្វ​ឆ្មា​អនាថា​។ ប៉ុន្មាន​សប្តាហ៍​ក្រោយមក ម្ចាស់​ថ្មី​នេះ​ក៏បាន​យក​វា​ទៅពិនិត្យ​សុខភាព​នៅ​កន្លែង​ថែទាំ​សត្វ​ចិញ្ចឹម​។ ពេលនោះ បុគ្គលិក​នៃ​មណ្ឌល​នេះ​ក៏បាន​សង្កេតឃើញ​បន្ទះ​ទិន្នន័យ​ដែល​បង្កប់​ក្នុង​ស្បែក​របស់​សត្វ​ឆ្មា ហើយក៏​ទាក់ទង​ទៅ​ម្ចាស់​ឆ្មា​ចាស់​។

​នៅ​ទីបំផុត សត្វ​ឆ្មា​នេះ​ក៏បាន​ជួបជុំ​ជាមួយ​ម្ចាស់​ដើម​របស់ខ្លួន​វិញ បន្ទាប់ពី​ឆ្លងកាត់​ជីវិត​ជា​ឆ្មា​អនាថា​អស់​ជាច្រើន​ឆ្នាំ​មក​៕