ការបរិភោគ​សាច់សត្វ​ក៏​ផ្តល់​ផលវិបាក​ដល់​សីតុណ្ហភាព​ផែនដី​ដែរ​

ការបរិភោគ​សាច់សត្វ និង​ផលិតផល​អាហារ​ធ្វើ​ពី​ទឹកដោះ ធ្វើអោយ​ការចិញ្ចឹម​សត្វ​មានការ​កើនឡើង មានន័យថា គេ​ក៏​អាច​ការកាប់​ព្រៃ​ច្រើនជាង​មុន ដើម្បី​យក​ដី​ទៅធ្វើ​ការងារ​កសិកម្ម​និង​ចិញ្ចឹមសត្វ​ដែរ​។ យោងតាម​អង្គការ​កសិកម្ម​ស្បៀងអាហារ​ពិភពលោក FAO វិស័យ​ចិញ្ចឹមសត្វ​បញ្ចេញ​ចោល​នូវ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ប្រមាណ​១៤,៥​ភាគរយ គឺ​ច្រើនជាង​ឧស្ម័ន​ពុល​ដែល​បញ្ចេញ​ដោយ​យានយន្ត​ដឹកជញ្ជូន​ទៅទៀត​។​

​នៅ​អាស៊ី តាម​ប្រទេស​ដូចជា​ចិន ឥណ្ឌា រឺ​ឥណ្ឌូណេស៊ី ប្រជាជន​ដែលមាន​កម្រិតជីវភាព​មធ្យម​ចាប់ផ្តើម​មាន​ចំនួន​កើនឡើង ដូច្នេះ ពួកគេ​ក៏មាន​លទ្ធភាព​ទិញ​សាច់សត្វ​មក​បរិភោគ​ច្រើនជាង​មុន​ដែរ​។ រីឯ​ការបរិភោគ​ផលិតផល​ទឹកដោះ ដូចជា​ទឹកដោះគោ​ជូរ រឺ​ហ្វ្រូ​ម៉ាស​បារាំង​នោះ ក៏មាន​ការ​កើន​ច្រើន​ដែរ ព្រោះ​មនុស្ស​យល់ថា ផលិតផល​ទឹកដោះ​មាន​ប្រយោជន៍​ដល់​សុខភាព ដូចជា​ពង្រឹង​ឆ្អឹង រឺ​ធ្វើអោយ​ក្មេងៗ​ធំធាត់​មាន​ប្រាជ្ញា​ជាដើម​។​

​ផលវិបាក​គឺថា កត្តា​នេះ​ធ្វើអោយ​គេ​រឹតតែ​បង្កើន​ការចិញ្ចឹម​សត្វ​យក​សាច់​និង​ទឹកដោះ មានន័យថា ការកាប់​ព្រៃ​ក៏​អាច​កើនឡើង​ផងដែរ​។ នេះ​គេ​នៅ​មិនទាន់​គិតពី​ការកាប់​ព្រៃ  យក​ដី​ធ្វើ​ស្រែចំការ រឺ​ដាំដូង​ប្រេង ដូចជា​នៅ​ឥណ្ឌូណេស៊ី ក្នុង​រដូវក្តៅ​កន្លងទៅ ធ្វើអោយ​ឆេះ​ព្រៃ និង​បង្ក​ផលវិបាក​ដល់​បរិស្ថាន​ផង​។ លើសពីនេះ ក្នុងការ​ចិញ្ចឹម​សត្វពាហនៈ​ដូចជា​គោក្របី សត្វ​ទាំងនេះ​បញ្ចេញ​ចោល​នូវ​លាមក និង​ឧស្ម័ន​មេតាន ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែលជា​ប្រភព​នៃ​ការ​កើន​សីតុណ្ហភាព​ផែនដី​។

​យោងតាម​អង្គការ FAO ឧស្ម័ន​អាក្រក់​ទាំងនេះ​នឹង​នៅតែ​បន្ត​កើនឡើង ក្នុងពេល​អនាគត ព្រោះថា នៅ​ឆ្នាំ​២០៥០ ការបរិភោគ​សាច់​នឹង​កើនឡើង​ដល់​៧៦​ភាគរយ ហើយ​ការបរិភោគ​ផលិតផល​ទឹកដោះ នឹង​កើន​៦៥​ភាគរយ​។ អាស៊ីអាគ្នេយ៍​នាំចូល​ផលិតផល​ទឹកដោះ​ក្នុងស្រុក​ច្រើន​។

​ជាក់ស្តែង ផលិតផល​ទឹកដោះ​៩០​ភាគរយ នៅ​ឥណ្ឌូណេស៊ី សុទ្ធតែជា​ផលិតផល​នាំចូល​ពី​បរទេស ភាគច្រើន​នាំចូល​ពី​នូ​វែ​ល​ហ្សេ​ឡង់ និង​អូស្ត្រាលី​។ ការផ្លាស់ប្តូរ​ទំនៀមទម្លាប់​អាហារ​ពេលនេះ អាច​ពិបាក​នឹងធ្វើ​បាន ព្រោះ​ប្រជាជន​ច្រើនណាស់​ដែល​នៅ​មិនអាច​យល់ ពី​ទំនាក់ទំនង​រវាង​ការ​កើន​កំដៅ​សីតុណ្ហភាព​ភពផែនដី និង​ការបរិភោគ​សាច់សត្វ​៕