អ្នកកាសែត Melissa Goh ថា អ្នកកាសែត​មិនត្រូវ​ខ្មាសអៀន ត្រូវ​តាំងចិត្ត និង​ចូលចិត្ត​អាជីព​

កូ​ឡា​ឡាំ​ពួ​៖ អ្នកស្រី Melissa Goh ប្រធាន​ក្រុម​ព័ត៌មាន​នៃ Chanel NewsAsia (​ប៉ុស្តិ៍​ទូរទស្សន៍ សឹង្ហ​បុរី​) ប្រចាំ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ បាន​និយាយថា អ្នកកាសែត​មិនត្រូវ​មាន​ចរិត​ខ្មាសអៀន​ពេក​ទេ​។ លើសពីនេះទៅទៀត អ្នកកាសែត​ត្រូវតែ​មានការ​តាំងចិត្ត​ខ្ពស់ និង​ចូលចិត្ត​អាជីព​ទើប​ជោគជ័យ​។ អ្នកស្រី Melissa Goh ស្ថិតនៅក្នុង​អាជីព​អ្នកកាសែត​អស់​រយៈពេល​ជិត​២០​ឆ្នាំ​មកហើយ​។

មុនដំបូង​ឡើយ​អ្នកស្រី គឺជា​មេធាវី​ទេ​។ តែ​ក្រោយមក អ្នកស្រី​បាន​ប្តូរ​អាជីព​ដោយ​ខ្លួនឯង​។ «​មុខរបរ​មេធាវី​ល្អ តែ​ធ្វើ​កិច្ចការ​ដដែលៗ​ច្រើន​។ ធ្វើ​ម្តង​ហើយ​ម្តងទៀត ដូច្នេះ ខ្ញុំ​ក៏​ប្តូរ​ធ្វើជា​អ្នកកាសែត​វិញ​។ កាសែត​អាច​ឲ្យ​យើង​រៀន​អ្វីដែល​ថ្មីៗ​បាន​រាល់ថ្ងៃ​។ ឃើញ​អ្វី​ថ្មី​រាល់ថ្ងៃ​។ ជួប​មនុស្ស​ថ្មី​រាល់ថ្ងៃ​»​។ នេះ​គឺជា​បញ្ជាក់​របស់​អ្នកស្រី Melissa Goh ទៅកាន់​អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ​នៅក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួ​ប្រទេស​ម៉ាឡេស៊ី​នៅក្នុង​ឱកាស​វេទិកា​និពន្ធ​នាយក​ស្តីពី​បច្ច័យ​ក្រោយ​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥ កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។

ស្ថិតក្នុង​អាជីព​ជា​អ្នកកាសែត​ចំនួន​២០​ឆ្នាំ អ្នកស្រី​បានផ្តល់​គំនិត​ថា ធ្វើជា​អ្នកកាសែត​ត្រូវតែ​មានការ​តាំងចិត្ត ត្រូវតែ​ស្រឡាញ់​អាជីព និង​ត្រូវតែមាន​ការទទួលខុសត្រូវ​ខ្ពស់​។ «​មិន​ថា​អ្នកកាសែត​ស្រី ឬ​ប្រុស​ទេ ត្រូវតែ​មានការ​តាំងចិត្ត​»​។ នេះ​គឺជា​អត្ថាធិប្បាយ​បន្ថែម​របស់​អ្នកស្រី Goh​។ អ្នកស្រី​បាន​បន្ថែមទៀតថា អ្នកកាសែត​មិនត្រូវ​បង្ហាញ​ការ​ខ្មាសអៀន​ច្រើនពេក​ទេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកស្រី​ជំរុញ​ឲ្យ​អ្នកកាសែត​តំបន់​អាស៊ាន​ធ្វើដំណើរ​យក​ព័ត៌មាន​នៅក្រៅ​ប្រទេស​ឲ្យ​បាន​ច្រើនដង​ដើម្បី​ទទួលបាន​គំនិត​ប្លែកៗ​។

អ្នកស្រី Melissa Goh គឺជា​អ្នក​ឆ្លងឆ្លើយ​ព័ត៌មាន​ដ៏​ល្បី​ម្នាក់​របស់​ទូរទស្សន៍ Chanel NewsAsia ប្រចាំ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។ អ្នកស្រី​បម្រើការ​ឲ្យ​ទូរទស្សន៍​សឹង្ហ​បុរី Chanel NewsAsia មែន តែ​អ្នកស្រី គឺជា​ជនជាតិ​ម៉ាឡេស៊ី​។ អ្នកស្រី​ចូល​បម្រើការ​ជា​អ្នកកាសែត​នៅ​ឆ្នាំ​១៩៩៦ ។ អ្នកស្រី​ទទួលបាន​សញ្ញាបត្រ​ផ្នែក​ច្បាប់​ពី​ប្រទេស​អង់គ្លេស និង​ធ្លាប់​ទទួលបាន​ការបណ្តុះ​បណ្តាល​ផ្នែក​សិល្បៈ​ផងដែរ​៕