ជំនួប​រវាង​ប្រទេស​បងប្អូន​កូរ៉េ​ទាំង​២​បញ្ចប់​ដោយ​គ្មាន​លទ្ធផល​

​ថ្ងៃ​សៅរ៍​ម្សិលមិញ ជំនួប​រវាង​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង មាន​ទិសដៅ​កាត់បន្ថយ​ភាព​តានតឹង​នឹង​គ្នា​នោះ មិនបាន​សម្រេច​កិច្ចព្រមព្រៀង​អ្វី​ទេ​។ ក្រុង​ព្យុងយ៉ាង​ទំលាក់កំហុស​លើ​ក្រុង​សេ​អ៊ូ​លពី​ភាពបរាជ័យ​នៃ​ជំនួប​នេះ​។ ពេលនេះ ប្រទេស​ទាំង​២​ក៏​មិនទាន់មាន​គម្រោង​ជួបគ្នា​ជាថ្មីទៀត​ដែរ​។

​ម្សិលមិញ ថ្នាក់ដឹកនាំ​កំពូល​ក្រុង​ព្យុងយ៉ាង​និង​ក្រុង​សេ​អ៊ូ​ល​បាន​ពិភាក្សាគ្នា​ពី​ទេសចរណ៍​នៅ​ភ្នំ​Kumgang​។ ក្រុង​ព្យុងយ៉ាង​ទាមទារ​អោយ​ក្រុង​សេ​អ៊ូ​ល​យល់ព្រម​សម្រេច​កិច្ចព្រមព្រៀង​ជំរុញ​វិស័យ​ទេសចរណ៍​ឡើងវិញ​។ ក្រុង​សេ​អ៊ូ​ល​ក៏បាន​សុំអោយ​ក្រុង​ព្យុងយ៉ាង​ធានា​នូវ​សុវត្ថិភាព​សន្តិសុខ​អ្នកទេសចរ​ផងដែរ​។ មូលហេតុ​គឺ​ដោយសារ​កាលពី​ឆ្នាំ​២០០៨ អ្នកទេសចរ​ម្នាក់​បាន​ទស្សនា​ភ្នំ​Kumgang និង​បាន​ដើរ​ហួស​ពី​បន្ទាត់​កំណត់​នៃ​ព្រំដែន​។ ព្រោះតែ​រឿងនេះ កាលនោះ កងកម្លាំង​កូរ៉េខាងជើង​បាន​បាញ់សម្លាប់​គាត់​។​

​កូរ៉េខាងជើង​ទំលាក់កំហុស​លើ​កូរ៉េខាងត្បូង​ថា ជា​អ្នក​ធ្វើអោយ​ជំនួប​ម្សិលមិញ​នេះ បរាជ័យ​។ យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ​កូរ៉េខាងជើង KCNA ក្រុង​សេ​អ៊ូ​ល​បាន​បដិសេធ​មិន​ជជែក​ពី​ប្រធានបទ​សំខាន់ៗ​ដូចជា ការរៀបចំ​អោយមាន​ទស្សនកិច្ច​ទេសចរណ៍​ឡើងវិញ​ទេ ហើយ​ថែមទាំង​ពោល​ពាក្យ​មិន​ត្រឹមត្រូវ​ទៀតផង​។ គួររំលឹកថា ប្រធានបទ​ស្តីពី​ទេសចរណ៍​នៅ​ភ្នំ​Kumgang​នេះ ក៏​ជា​ចំណុច​ដែល​បង្ក​ភាព​តានតឹង​រវាង​បងប្អូន​កូរ៉េ​ទាំង​២​ដែរ​៕