ស្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​រំភើប​ព្រោះ​ស្គាល់​សិទ្ធិ​បោះឆ្នោត​លើកដំបូង​


​ការអនុញ្ញាត​ឲ្យ​ស្ត្រី​ចូលរួម​បោះឆ្នោត​ថ្នាក់​តំបន់​ម្សិលមិញ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត នេះ​បាន ក្លាយជា ព្រឹត្តិ ការណ៍ ប្រវត្តិសាស្ត្រ​សម្រាប់​សង្គម​ប្រកាន់​សាសនា​ខ្ជាប់ខ្ជួន​នៅ​តំបន់​អារ៉ាប់​។ សិទ្ធិ​ស្ត្រី នៅក្នុង ប្រ​ទេ ស​មួយ​នេះ​ស្ថិតក្រោម​ការ​រឹតត្បិត​ខ្លាំង​ព្រោះ​ពួកគេ​មិនអាច​សូម្បីតែ​បើកឡាន តែ​ការ ចូល រួម និង ឈរឈ្មោះ​បោះឆ្នោត​របស់​ស្រី្ត​នេះ វា​បង្ហាញ​ពី​ឆន្ទៈ​ក្នុងការ​កែទម្រង់​និង​បើកទូលាយ​សង្គម​នៃ របប ដឹកនាំ​បច្ចុប្បន្ន​ផងដែរ​។​

​ម្សិលមិញ​នេះ ស្ត្រី​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​ជាច្រើន​ពាន់​នាក់​បាន​ចូលរួម​បោះឆ្នោត​ទាំង​ទឹកមុខ​រីករាយ និង​សប្បាយចិត្ត​បំផុត ព្រោះ​វា​ពិសោធន៍​លើកដំបូង​បំផុត​ក្នុង​ជីវិត​របស់​ពួកគេ​។ គេ​អាច​និយាយបានថា វា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ព្រោះ​កុំថាឡើយ​ដល់​បោះឆ្នោត សូម្បីតែ​សិទ្ធិ​បើករថយន្ត​ដោយ​ខ្លួនឯង ក៏​ស្ត្រី​នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​មិនមាន​ផង​។

​ក្រៅពី​បើកទូលាយ​ឲ្យ​ស្ត្រី​បោះឆ្នោត​បាន ស្ថាប័ន​នយោបាយ​អា​រ៉ា​ប៊ី​សា​អូឌីត​បច្ចុប្បន្ន​ក៏​អនុញ្ញាត​ឲ្យ​ស្តី​មាន​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាង​ក្នុង​ក្រុមប្រឹក្សា​ថ្នាក់​តំបន់​ផងដែរ​។ បើ​យោងតាម​សារព័ត៌មាន​អង់គ្លេស BBC ស្ត្រី​៩៧៨​នាក់​បានសម្រេច​ចូលរួម​ប្រកួតប្រជែង ខណៈដែល​ស្ត្រី​១៣​ម៉ឺន​នាក់​ទៀត​បាន​ចុះឈ្មោះ​ចូលរួម​បោះឆ្នោត​។ ប៉ុន្តែ​បើ​ប្រៀបធៀប​រវាង​ចំនួន​ស្ត្រី និង​បុរស​ដែល​ចូលរួម​បោះឆ្នោត ស្ត្រី​នៅមាន​ចំនួន​ទាប​នៅឡើយ​។

យ៉ាងណាក៏ដោយ វា​ជា​ជំហាន​ដំបូង​នៃ​ការកែទម្រង់ និង​បើកទូលាយ​សិទ្ធិសេរីភាព​សម្រាប់​ស្ត្រី​ក្នុងសង្គម​ដែល​ទោរទន់​ទៅរក​សាសនា​និង​ឲ្យ​តម្លៃ​បុរស​ខ្លាំង​។ ដូច្នេះ ចាប់តាំងពី​ពេលនេះ​ទៅ​ថ្ងៃមុខ ស្ត្រី​អាចនឹងទទួល​បាន​សិទ្ធិ​ច្រើនជាង​នេះ និង​អាច​ចូលរួម​ក្នុង​វិស័យ​សំខាន់​ជាច្រើន​ដើម្បី​បង្កើត​សមភាព​ភេទ និង​កែប្រែ​សង្គម​បាន​ទូលំទូលាយ​ផង​។

​ស្ត្រី​ម្នាក់​ដែល​បាន​ទៅ​ចូលរួម​បោះឆ្នោត​ដំបូង​គេ ឈ្មោះ Hatoon al-Fassi បាន​អះអាង​ប្រកបដោយ​អារម្មណ៍​រំភើប​បំផុត​ព្រោះ​នាង​រង់ចាំ​ថ្ងៃនេះ​អស់​មួយ​ទសវត្សរ៍​។ Fassi ថ្លែងថា ៖ «​ខ្ញុំ​រំភើប​ខ្លាំងណាស់ ហើយ​វា​ជា​រឿង​ប្រវត្តិសាស្ត្រ​មួយ​»​។ ស្ត្រី​រូបនេះ​បាន​សង្កត់ធ្ងន់ថា វា​មិន​សំខាន់​ទេ​ថា ស្ត្រី​ប៉ុន្មាន​នាក់​ដែល​នឹង​ជាប់ឆ្នោត តែ​អ្វីដែល​សំខាន់បំផុត​នោះ​គឺ​ការអនុវត្ត​សិទ្ធិ​របស់​ស្ត្រី​តាមរយៈ​ការបោះឆ្នោត​នេះ​។

ការបោះឆ្នោត​នេះ​កម្រ​ឃើញ​ណាស់​ក្នុង​រដ្ឋ​អារ៉ាប់​ដែលជា​សង្គម​មួយបែប​ជឿ​ស៊ុប​នឹង​សាសនា​ក៏ដូចជា​មាន​និន្នាការ​អភិរក្ស​ខ្លាំង​។ អា​រ៉ា​ប៊ី​សា​អូឌីត ទើបតែ​ស្គាល់​ការបោះឆ្នោត​បាន ៣​ដង​ប៉ុណ្ណោះ រាប់​ចាប់ពី​ឆ្នាំ​២០០៥​មក ព្រោះ​កាលពី​ឆ្នាំ ១៩៦៥ ដល់​ឆ្នាំ ២០០៥ រដ្ឋ​ឈូង​សមុទ្រ​មួយ​នេះ​មិន​ស្គាល់​ការបោះឆ្នោត​ឡើយ​។​

​ការ​ឈានទៅ​កែទម្រង់​សង្គម និង​បើកទូលាយ​សិទ្ធិ​សម្រាប់​ស្ត្រី ជា​គំនិត​ផ្តួចផ្តើម​និង​ជាម​រតក​សំខាន់​របស់​អតីត​មហាក្សត្រ Abdullah ដែល​ទ្រង់​ទើប​សោយ​ទិវង្គត​កាលពីដើមឆ្នាំ ២០១៥​នេះ​។ ទ្រង់​បានប្រកាស​កែទម្រង់​ក្នុងអំឡុង​ឆ្នាំ ២០១២ ដោយ​ទ្រង់ សម្រេច​តែងតាំង​ស្ត្រី​៣០​រូប ឲ្យ​កាន់តំណែង​ក្នុង​ក្រុមប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ពិគ្រោះ​យោបល់ (Shura Council)​។ ក្រោយមក​គេ​ឃើញ​របប​ដឹកនាំ​ក្រុង​រី​យ៉ា​ដ ក៏​ប្រឹងប្រែង​បង្កើត​គោលនយោបាយ​ជំរុញ​ឲ្យ​ស្ត្រី​ចូលរួម​ក្នុង​វិស័យ​អប់រំ និង​បន្ត​ការសិក្សា​ថ្នាក់ខ្ពស់​ឲ្យ​បាន​ច្រើន​ផងដែរ​៕