ប្រទេស​១៩៥​សម្រេចបាន​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​សង្គ្រោះ​ផែនដី​

ថ្ងៃ​សៅរ៍​ម្សិលមិញ ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​១៩៥ ដែល​ជុំគ្នា​នៅ​ក្រុងប៉ារីស បាន​ស្រុះស្រួល​គ្នា​សម្រេច​ចេញ​នូវ​កិច្ចព្រមព្រៀង​លើ​វិធានការ​កាត់បន្ថយ​សីតុណ្ហភាព​ផែនដី ឲ្យ​បាន​២​អង្សារ នៅ​ដំណាច់ឆ្នាំ​២១០០ ។ ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​នេះ ពី​ពេលនេះ​រហូតដល់​ឆ្នាំ​២០២០ ក្រុម​ប្រទេស​អ្នកមាន​ត្រូវ​ជួយ​ថវិកា​ប្រចាំឆ្នាំ ១០០​ពាន់​លាន​ដុល្លារ ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍​។

​កិច្ចព្រមព្រៀង​នេះ​មាន​ទិសដៅ​កាត់បន្ថយ​សីតុណ្ហភាព​ឲ្យ​បាន​២​អង្សារ​។ ប៉ុន្តែ បើ​ប្រទេស​និ​មួយៗ​ប្រឹង​អស់​លទ្ធភាព ដើម្បី​បន្ថយកំដៅ​ផែនដី​មិន​ឲ្យ​កើន​លើសពី​១,៥​អង្សារ​បាន​ទៀត គឺ​កាន់តែ​ល្អ​។ គម្រោង​កិច្ចព្រមព្រៀង​នេះ ចែង​កាត់បន្ថយ​ការប្រើប្រាស់​សារធាតុ​កា​បោ​ន ពោលគឺ​បន្ថយ​បន្តិច​ម្តងៗ​នូវ​ការប្រើប្រាស់​ប្រភពធនធាន​ហ្វូ​ស៊ី​ល បែបយ៉ាង​ធ្យូង​អុស ប្រេង ឬ​ឧស្ម័ន ដែល​គេ​ធ្វើការ​ផលិត​ច្រើន សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​។ ការដុត​អុស ប្រើ​ប្រេងសាំង ឬ​ហ្កា​ស​ចំអិន​អាហារ ជា​ប្រភព​នៃ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​បរិយាកាស បង្កើន​សីតុណ្ហភាព​ផែនដី​។

​ជំនួស​ថាមពល​ទាំងនេះ កិច្ចព្រមព្រៀង​មាន​ទិសដៅ​បង្កើន​ការប្រើប្រាស់​ថាមពល​មិនចេះ​រីងស្ងួត ដូចជា​ថាមពលព្រះអាទិត្យ ឬ​ថាមពលខ្យល់​ជាដើម​។ ប្រទេស​ដែល​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​និ​មួយៗ ក៏ត្រូវ​បង្កើន​ការការពារ​ព្រៃឈើ​ឲ្យ​បាន​ខ្ពស់ជាង​មុន​ដែរ​។

​រាល់​៥​ឆ្នាំ​ម្តង ប្រទេស​និ​មួយៗ​ត្រូវ​បង្ហាញ​ផែនការ​ថ្មី​របស់ខ្លួន ក្នុងការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ ចំពោះ​ទឹកប្រាក់​ប្រចាំឆ្នាំ​១០០​ពាន់​លាន​ដុល្លារ ដែល​ប្រទេស​អ្នកមាន​ត្រូវ​ជួយ​ប្រទេស​កំពុងអភិវឌ្ឍន៍​នោះ គឺ​ប្រហែលជា​មិនអាច​ឡើង​តួលេខ​លើសពីនេះ​ទេ​។ ទោះយ៉ាងណា ក៏​គេ​អាច​ពិនិត្យ​លើ​ប្រធានបទ​ហរិញ្ញវត្ថុ​នេះ​ឡើងវិញ​ដែរ​។

​រដ្ឋាភិបាល​បារាំង​ត្រេកអរ​ជា​អនេក​កប្ប​ការ ចំពោះ​កិច្ចព្រមព្រៀង​ដែល​សម្រេចបាន​ក្នុង​ទឹកដី​ខ្លួន ព្រោះ​ជាការ​លើកមុខ​មាត់​បារាំ​ង​ជា​ម្ចាស់ផ្ទះ​។ កិច្ចប្រជុំ​ច្រើនលើក​មុនៗ មិនដែល​ផ្តល់​លទ្ធផល​អ្វី​សោះឡើយ​៕