ម៉ាឡេស៊ី​អាច​រងគ្រោះ​ព្រោះ​អ្នកមាន​និន្នាការ​គាំទ្រ​ក្រុម​ដែ​ស្ហ​មាន​ច្រើនជាង​៥​ម៉ឺន​នាក់​

ថ្ងៃ​សៅរ៍​ទី ១២ ធ្នូ​ម្សិលមិញ​នេះ មន្ត្រី​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​បង្ហើប​ឲ្យ​ដឹងថា​នៅ​ម៉ាឡេស៊ី​បច្ចុប្បន្ន អ្នកមាន​និន្នាការ​គាំទ្រ​ចលនា​សង្គ្រាម​ជី​ហាត​របស់​ក្រុម​ដែ​ស្ហ (Daesh) នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ មាន​មិនតិចជាង​៥​ម៉ឺ​នាក់​ឡើយ​។ បើសិន​ក្រុម​នេះ​ត្រូវ​ដុសខាត់​ខួរក្បាល​ដោយ​មនោគមន៍វិជ្ជា​សាសនា រហូត​ក្លាយជា​ជន​ជ្រុលនិយម វា​នឹង​ក្លាយជា​គ្រោះថ្នាក់​ធំ​សម្រាប់​ម៉ាឡេស៊ី និង​អាស៊ីអាគ្នេយ៍​ទាំងមូល​។

រដ្ឋមន្ត្រី​ដឹកជញ្ជូន​ម៉ាឡេស៊ី  Liow Tiong បាន​ព្រមាន​ថា គ្រោះថ្នាក់​ធំ អាច​នឹង​បង្កឡើង​ដោយ​ក្រុម​អ្នកគាំទ្រ​ចលនា​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​ឬ​ក្រុម​ដែ​ស្ហ (Daesh) ព្រោះ បច្ចុប្បន្ននេះ​អ្នកគាំទ្រ​ចលនា​ជ្រុលនិយម​នេះ​មាន​មិនតិចជាង​៥​ម៉ឺន​នាក់​ឡើយ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។ 

យោងតាម សារព័ត៌មាន Aljazeera  អ្នកនយោបាយ​ម៉ាឡេស៊ី​រូបនេះ​លើកឡើង​ពី​ចំនួន​ប្រជាជន​ម៉ាឡេស៊ី​ដែលមាន​និន្នាការ​គាំទ្រ​ក្រុម​ភេរវជន ពឹង​ផ្អែកលើ​របាយការណ៍​ចារកម្ម​របស់​ក្រុមប៉ូលិស​ម៉ាឡេស៊ី​។ 

មកទល់​ពេល​ឥឡូវនេះ ប្រជាជន​ម៉ាឡេស៊ី​ប្រហែល ១០០​នាក់​បាន​ចាក​ចេញពី​ប្រទេស​រួចទៅហើយ​ដើម្បី​ចូលរួម​ក្នុង​សង្គ្រាម​ជី​ហាត​របស់​ក្រុម​ដែ​ស្ហ ដោយ​ពួកគេ​ត្រូវបាន​ពង្វក់​និង​អូសទាញ​ដោយ​ក្រុម​ភេរវជន​ទាំងនោះ​។ ហើយ​វា​ជា​គ្រោះថ្នាក់​សម្រាប់​ម៉ាឡេស៊ី ព្រោះ​បើសិន​ជន​ទាំងនោះ​ត្រលប់​មកវិញ ពួកគេ​អាច​នឹង​រៀប​គម្រោង​វាយប្រហារ​និង​បង្កបញ្ហា​អសន្តិសុខ​ច្រើន​ថែម​ទៀតផង​។

កន្លងមក អាជ្ញាធរ​ម៉ាឡេស៊ី​បាន​អះអាងថា ក្រុម​អ្នកមាន​និន្នាការ​គាំទ្រ​ចលនា​ជ្រុលនិយម​ប្រហែល ២០​នាក់​រួចទៅហើយ​ត្រូវបាន​រង​ការចោទប្រកាន់​និង​ស្ថិតក្រោម​ការកាត់ទោស​ផងដែរ​។​

កាលពី​ខែវិច្ឆិកា ក្នុងពេល​ម៉ាឡេស៊ី​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អាស៊ាន​ជា​ស៊េរី នោះ ស្រាប់​តែមាន​លេច​ធ្លាយ​ព័ត៌មាន​ស្តីពី​គម្រោង​របស់​ក្រុម​ភេរវជន​ដែល​ប៉ង​វាយប្រហារ​នៅ​ម៉ាឡេស៊ី  ដោយមាន​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ឧទ្ទាម​ម៉ូ​រួ ក្រុម Abu Sayyaf  និង​ក្រុម​ដែ​ស្ហ​ថែមទៀត​។ ប៉ូលិស​ប្រហែល​២​ពាន់​នាក់​ត្រូវបាន​គេ​ពង្រាយ​កាលនោះ ដើម្បី​រឹតបន្តឹង​សន្តិសុខ និង​ទប់ស្កាត់ បញ្ហា​ភេរវកម្ម​នេះដែរ​។​

​ខែវិច្ឆិកា​ដដែល អាជ្ញាធរ​ម៉ាឡេស៊ី​ក៏​ដឹង​ពី​គម្រោង​របស់​ក្រុម​ប្រដាប់អាវុធ​ជ្រុលនិយម​ម៉ាឡេស៊ី​ដែល​កំពុង​លាក់ខ្លួន​នៅ​ភាគខាងត្បូង​ហ្វីលីពីន ដែល​ប៉ង​បើក​សាខា​ក្រុម​រដ្ឋ​ឥស្លាម ឬ​ក្រុម​ដែ​ស្ហ​ប្រចាំ​តំបន់ អាស៊ីអាគ្នេយ៍​។ ពួកគេ​មាន​មហិច្ឆតា​ប្រមែរ​ប្រមូល​រាល់​ក្រុម​ប្រដាប់អាវុធ​និង​ក្រុម​ភេរវជន​ទាំងអស់​ទូទាំង​តំបន់​ទាំងមូល ដើម្បី​ពង្រឹងកម្លាំង​និង​បង្ក​ព្យុះភ្លៀង បំផ្លាញ​សន្តិសុខ​តំបន់​ផង​។

ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នកជំនាញ​ជាច្រើន​បានផ្តល់​យោបល់​ថា ការប្រកាស​គម្រោង​រប​ស់​ក្រុម​ប្រដាប់អាវុធ​នេះ​ភាគច្រើន​ចង់បាន​លុយ ច្រើនជាង​ប្រែ​ក្លាយខ្លួនជា​ក្រុម​ដែល​រចនាសម្ព័ន្ធ​ដឹកនាំ​បែប​ក្រុម​ភេរវកម្ម​ពិតប្រាកដ​។  ម្យ៉ាង​វា​ពិបាក​សម្រាប់​ក្រុម​ប្រដាប់អាវុធ​ក្នុងការ​ពង្រឹងកម្លាំង​ដែរ ព្រោះ​តំបន់​អាស៊ីអាគ្នេយ៍​មិនសូវមាន​ជម្លោះ​ឬ​សង្គ្រាមស៊ីវិល​ដែល​អាច​ឲ្យ​ក្រុម​នេះ​បង្កើន​ឥទ្ធិពល​របស់ខ្លួន​ស្រួល​ដូច​មជ្ឈិមបូព៌ា​ឡើយ​។ យ៉ាងណាមិញ អ្នកជំនាញ​ក៏បាន​អំពាវនាវ​ឲ្យ​មានការ​សហការគ្នា​ដោះស្រាយ​បញ្ហា​សន្តិសុខ​នេះ​។ ក្រៅ​មានការ​រឹតបន្តឹង​សន្តិសុខ រដ្ឋ​សមាជិក​ក៏​គួរស្វែងយល់​ពី ឬ​សគល់​នៃ​ការកើនឡើង​ចលនា​ជ្រុលនិយម​។ ដើម្បី​ដោះស្រាយ​ជោគជ័យ វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​បញ្ចប់​បញ្ហា​អយុត្តិធម៌​សង្គម បញ្ហា​វិសមភាព​សង្គម គម្លៀត​អ្នកមាន​អ្នកក្រ ការ​រឹតត្បិត​និង​កៀបសង្កត់​សិទ្ធិ​នយោបាយ​ជាដើម​ផង​៕