ជប៉ុន ៖ ទឹកអប់​ក្លិន​សត្វ​ឆ្មា​ចេញលក់​ជា​លើកដំបូង​នៅលើ​ទីផ្សារ​

​ចាប់ពីពេលនេះ​ទៅ អ្នក​ស្រឡាញ់​សត្វ​ឆ្មា​ទាំងឡាយ​អាច​ស្រង់ក្លិន​សត្វ​ចិញ្ចឹម​ជាទី​ស្រឡាញ់​របស់ខ្លួន​បាន ២៤ ម៉ោង ដោយ​គ្រាន់តែ​បាញ់​ទឹក​អប់រូប​ក្បាល​ឆ្មា​នៅលើ​សាច់​ក្រណាត់​តែប៉ុណ្ណោះ​។ ទឹកអប់​នេះ​មានឈ្មោះ​ជា​ភាសា​ជប៉ុន​ថា « mohu mohu odeko » ។ វា​មាន​ក្លិន​ដូចជា​ក្លិន​នំប៉័ង​ទើប​ចេញពី​ឡ​ដុត​ថ្មីៗ​។​

​សម្រាប់​អ្នក​ដែល​ស្រឡាញ់​សត្វ​ឆ្មា នៅពេលដែល​ពួកគេ​ថើប​ក្បាល​ឆ្មា ពួកគេ​យល់ថា មាន​ក្លិន​ដ៏​ពិសេស​ម្យ៉ាង តែ​ពិបាក​នឹង​បរិយាយ​ថា តើ​ក្លិន​នោះ​មាន​លក្ខណៈ​បែបណា​ណាស់​។ ពេលនេះ ហាង​លក់​ទឹកអប់​មួយ​នៅ​ប្រទេស​ជប៉ុន បាន​បង្កើត​ទឹកអប់​ក្លិន​ឆ្មា​នេះ​ឡើង តាមរយៈ​ការស្ទង់មតិ​នានា​របស់​អតិថិជន​ជុំវិញ​ក្លិន​របស់​សត្វ​ឆ្មា និង​ការសិក្សា​រយៈពេល ៤ ខែ​ពី​ក្លិន​ខុសៗ​របស់​សត្វ​ជើង​បួន​នេះ​នៅក្នុង​ហាង​កាហ្វេ​សត្វ​ឆ្មា​។​

​អ្នកខ្លះ​និយាយថា ឆ្មា​របស់ខ្លួន​មាន​ក្លិន​ដូចជា​ក្លិន​ពុក​ម៉ាត់​របស់​ប៉ា​ប៉ា អ្នក​ខ្លះទៀត​យល់ឃើញថា ក្លិន​នោះ​ដូចជា​ក្លិន​ស្នូលនំ​បុ័ង​។ រីឯ​មនុស្ស​មួយចំនួនទៀត​គិតថា សត្វ​ឆ្មា​មាន​ក្លិន​ដូចជា​ភួយ ឬ​កន្សែង​ដែល​ហាលថ្ងៃ​ស្ងួត​ខ្លាំង​ដូច្នោះ​ដែរ​។​

​នៅ​ទីបំផុត ហាង​ទឹកអប់​នេះ​ក៏បាន​បង្កើត​ក្លិន​ដ៏​ពិតប្រាកដ​របស់​សត្វ​ឆ្មា​។ ទឹកអប់​នេះ​រូប​ក្បាល​ឆ្មា​នេះ​មាន​ចំណុះ ១០០ មី​លី​លីត្រ និង​ថ្លៃ​ប្រមាណ ១០ ដុល្លារ​៕