ទោះ​ប្រេង​ធ្លាក់​ថ្លៃ​ខ្លាំង សមាជិក​OPEC នៅ​ទាស់​គ្នា​រឿង​ទំហំ​ប្រេង​ត្រូវ​ផលិត

​ទោះជា​ប្រេង​ឆៅ​បន្ត​ធ្លាក់​ចុះថ្លៃ​ខ្លាំង​នៅ​ទីផ្សារ​អន្តរជាតិ​ក៏ដោយ ប្រទេស​សមាជិក​អង្គ​ការនាំ​ប្រេង​ចេញ (OPEC ) មិន​ឯកភាពគ្នា​ដើម្បី​បន្ថយ​ការផលិត​ប្រេង​ឡើយ​។ ប្រទេស​មួយចំនួន​ដែលមាន​សេដ្ឋកិច្ច​ពឹង​លើ​នាំ​ប្រេង​ដូចជា​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា កំពុង​អំពាវនាវ​ឲ្យ​សមាជិក​បន្ថយ​ការផលិត តែ​អា​រ៉ា​ប៊ី​សា​អូឌីត ប្រកែក​ថា​ខ្លួន​មិនអាច​បន្ថយ​ការផលិត​ប្រេង​ឡើយ​។

​តម្លៃ​ប្រេង​ឆៅ​តាំងពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៤ មាន​ស្ថិរ​ភាពល្អ តែ​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ ២០១៤ រហូតមកដល់​បច្ចុប្បន្ន​តម្លៃ​ប្រេង​ឆៅ​ធ្លាក់ចុះ​រហូតដល់ ៤០ ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែលជា​តម្លៃ​ទាប​បំផុត​មួយ​មិន​ធ្លាប់មាន​។ ទោះជា​តម្លៃ​ប្រេង​ធ្លាក់ចុះ​ដល់​ថា្នក់​នេះ​ក្តី អង្គការ​ប្រទេស​នាំ​ប្រេង​ចេញ​OPEC មិនបាន​សាមគ្គី​គ្នា​បន្ថយ​ការផលិត​ប្រេង​ដើម្បី​ឲ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ​វិញ​ឡើយ តែ​ប្រទេស​ធំៗ​ជាពិសេស​រដ្ឋ​អារ៉ាប់​នៅ​រឹងរូស​មិន​បន្ថយ​ការផលិត​ឡើយ​។ បណ្តា​ប្រទេស​OPEC រួមគ្នា​ផ្គត់ផ្គង់​ប្រេង​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ចំនួន ១​ភាគ​៣ ហើយ​អង្គការ​នេះ​បានសម្រេច​បន្ត​ផលិត​ប្រេង​ដល់ ៣១.៥​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​។

​អ្នកជំនាញ​បាន​ផ្តល់យោបល់​ផង​ថា ការផលិត​និង​នាំ​ប្រេង​ច្រើន​លើស​តម្រូវការ​ទីផ្សារ​នេះ បាន​ជំរុញ​ឲ្យ​ប្រេង​ធ្លាក់​ថ្លៃ​ខ្លាំង​បែបនេះ ហើយ​បើសិន​មានការ​សហការគ្នា​កាត់បន្ថយ​ការផលិត​ខ្លះ វា​ក៏​នឹង​ជួយ​ឲ្យ​តម្លៃ​ប្រេង​ងើបឡើង​វិញ​ដែរ​។ ប៉ុន្តែ​ទោះ​មានការ​អំពាវនាវ​បែបនេះ​ក្តី ប្រទេស​សមាជិក​អង្គ​ការនាំ​ប្រេង​ចេញ​នេះ​មិនមាន​សំឡេង​រួមគ្នា​ទេ​។ ប្រទេស​ដែលមាន​ឥទ្ធិពល​ដូចជា​អា​រ៉ា​ប៊ី​សា​អូឌីត និង​អារ៉ាប់​រួម បាន​ប្រឆាំង​ការកាត់បន្ថយ​ការផលិត​ប្រេង​នេះ ដោយ​ពួកគេ​អះអាងថា បើសិន​ពួកគេ​បន្ថយ​ការផលិត​នោះ ឲ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ​វិញ​នោះ​ពួកគេ​នឹង​បាត់បង់​ម៉ូយ​ដែល​តែង​ទិញ​ប្រេង​ខ្លួន​។    
       
​ជុំវិញ​ប្រេង​ធ្លាក់​ថៃ្ល​នៅលើ​ផ្សារ​អន្តរជាតិ ប្រទេស​មិន​ផលិត​ប្រេង​និង​នាំ​ប្រេង​ចូល​ច្រើន​នោះ ពិតជា​សប្បាយចិត្ត ព្រោះ​អាច​ចំណេញ​និង​ទាញ​បាន​ប្រយោជន៍​ច្រើន​ដែរ​។ ចំណែក​ប្រទេស​សមាជិក OPEC ដែល​សេដ្ឋកិច្ច​ពឹងផ្អែក​ខ្លាំង​លើ​ការនាំ​ប្រេង​ចេញ​នោះ​មុខសេះ ចង់​យំ​ក៏​យំ​មិន​ចេញ ហើយ​ត្រូវ​រត់​ខ្ចីបុល​គេ​ផង​ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​។ ជា​ឧទាហរណ៍​ប្រទេស​អាមេរិក​ឡាទីន វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ដែល​ចំណូល​ច្រើនជាង ៩០​ភាគរយ​បានមកពី​ការនាំ​ប្រេង​ចេញ​នោះ អំពាវនាវ​ឲ្យ​អង្គ​ការនាំ​ប្រេង​ចេញ​ប្តូរ​គោលនយោបាយ បច្ចុប្បន្ន ដោយ​បន្ថយ​ការផលិត​ប្រេង​វិញ ព្រោះ​បើ​មិន​ដូច្នេះ​ទេ ប្រទេស​នេះ​នឹង​ប្រឈមមុខ​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​។ 
 
-​អា​រ៉ា​ប៊ី​សា​អូឌីត​មិន​បន្ថយ​ផលិត​ប្រេង​ដើម្បី ផ្ចាញ់​រុស្ស៊ី​អ៊ីរ៉ង់ ?
 ការមិន​ប្តូរ​ជំហរ និង​បញ្ហា​នៅ​ពីក្រោយ​ការបន្ត​បង្កើន​ការផលិត ប្រេង​របស់​រដ្ឋ​អារ៉ាប់ អាចជា​រឿង​នយោបាយ​ច្រើន​ជា​រឿង​សេដ្ឋកិច្ច​។ ប្រេង​ធ្លាក់​ថ្លៃ​ខ្លាំង​បែបនេះ រដ្ឋ​សេដ្ឋី​ប្រេង​ដូចជា​អា​រ៉ា​ប៊ី​សា​អូឌីត ឬ​អារ៉ាប់​រួម​ក៏​រងគ្រោះ​ដែរ ព្រោះ​ចំណូល​ធំ​ពួកគេ​ក៏​ពឹង​លើ​ការនាំ​ប្រេង​ចេញ​ដូចគ្នា​។ ប៉ុន្តែ​ហេតុអ្វី​ប្រទេស​ទាំងនេះ បន្ត​ទម្លាក់​តម្លៃ​ប្រេង ដោយ​ធ្វើ​ឲ្យ​ប្រទេស​សម្បូរ​ប្រេង​រង​ទុក្ខ​បែបនេះ​?

​មានការ​សន្និដ្ឋានថា អា​រ៉ា​ប៊ី​សា​អូឌីត​ព្យាយាម​ប្រើប្រាស់​អាវុធ​ប្រេង​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​មួយចំនួន​ដែលជា​មិនមែនជា​សមាជិក​អង្គ​ការនាំ​ប្រេង​ចេញ និង​សត្រូវ​ខ្លួន​រង​ទុក្ខ​។ ប្រទេស​ជា​គោលដៅ​ធំ​បំផុត​គឺ​រុស្ស៊ី​នេះឯង​។ តាំងពី​ប្រេង​ធ្លាក់​ថ្លៃ​មក រុស្ស៊ី​ខាតបង់​ចំណូល​ច្រើន​មែនទែន ហើយ​ម្យ៉ាង​ប្រទេស​នេះ​កំពុង​រង​ទុក្ខ​ព្រោះ​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​លោកខាងលិច​ទៀត​។ 

​ចំណែក​ប្រទេស​ដែលជា​គោលដៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ដែរនោះ គឺ​ប្រទេស អ៊ីរ៉ង់ ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​រដ្ឋ​ដែល​សម្បូរ​ប្រេង​លំដាប់​លេខ​បួន​និង​ប្រទេស​សម្បូរ​ឧស្ម័ន​លំដាប់​លេខ​២ លើ​ពិភពលោក​។ ប្រទេស​នេះ​នឹង​ក្លាយជា​អ្នកផ្គត់ផ្គង់​ថាមពល​ធំ​និង​សំខាន់​មួយ ក្រោយ​ការសម្រេចបាន​កិច្ចព្រមព្រៀង​កម្មវិធី​នុយក្លេអ៊ែរ ជាមួយ​មហាអំណាច ៦ កាលពី​កក្កដា​ឆ្នាំ ២០១៥​កន្លងទៅនេះ​។ ការដក​ទណ្ឌកម្ម​នានា​ប្រឆាំង​អ៊ីរ៉ង់​ជួយ​ឲ្យ​ប្រទេស​នេះ​ដើរតួនាទី​សំខាន់​ជាថ្មីទៀត​ក្នុង​ទីផ្សារ​ថាមពល​។  ប៉ុន្តែ​ការបន្ត​ផលិត​ប្រេង​ឲ្យ​តម្លៃ​ប្រេង​ធ្លាក់​ថ្លៃ​នេះ មិនបាន​ធ្វើ​ឲ្យ​អ៊ីរ៉ង់​ពិបាក​ក្នុង​ការនាំ​ប្រេង​ចេញ​ទេ​។ អ៊ីរ៉ង់ បានប្រកាសថា ខ្លួន​នឹង​បន្ត​ការផលិត​ប្រេង​ឲ្យ​កាន់តែច្រើន​ដើម្បី​ផ្គត់ផ្គង់​ដល់​អតិថិជន​របស់ខ្លួន ហើយ​រំពឹងថា លោកខាងលិច​នឹង​ដក​ទណ្ឌកម្ម​ប្រឆាំង​ខ្លួន​នៅ​ដើមឆ្នាំ ២០១៦ ៕