បាត់បង់​ភាពជឿជាក់ ព្រោះតែ​ចាស់​ជាង​ប្តី​

​យប់​ខ្លះ​នាង​ខ្ញុំ​គេង​គិតតែ​ម្នាក់ឯង មាន​អារម្មណ៍​ថា​ធុញទ្រាន់ និង អាណិត​ស្វាមី ។ មិត្តភក្តិ​របស់គាត់​មាន​រូបរាង និង មុខមាត់​អាក្រក់​ជាង​គាត់ ប៉ុន្តែ​អាច​រកបាន​ប្រពន្ធ​ក្មេង និង ស្រស់ស្អាត ចំណែក​ប្តី​នាង​ខ្ញុំ​រូប​សង្ហា​ប៉ុណ្ណឹង​ដែរ​បែរមក​ស្រឡាញ់​នាង​ខ្ញុំ​ដែលមាន​រូប​សម្រស់​អន់ និង ចាស់​ជាង​គាត់ ។ នាង​ខ្ញុំ​អាយុ ២៨ ឆ្នាំ មានកូន ២ នាក់ រីឯ​ប្តី​នាង​ខ្ញុំ​មាន​អាយុ ៣២ ឆ្នាំ ប៉ុន្តែ​រាល់ពេល​ចេញទៅ​ខាងក្រៅ​ញ្ញាតិមិត្ត​តែង​និយាយថា នាង​ខ្ញុំ​ចាស់​ជាង​ប្តី​ច្រើនណាស់ ។ នាង​ខ្ញុំ​ក៏​យល់ឃើញថា​ខ្លួនឯង​ចាស់​ជាង​ប្តី ហើយ​មាន​អ្នកខ្លះ​ពេល​បាន​ជួប​នាង​ខ្ញុំ​ពួកគេ​ក៏​មិនដឹង​ត្រូវ​ហៅ​នាង​ខ្ញុំ​ថា​យ៉ាងណា បើទោះជា​នាង​ខ្ញុំ​មើលឃើញថា ពួកគេ​មាន​អាយុ​ច្រើនជាង​នាង​ខ្ញុំ​ក៏ដោយ ។

បាត់បង់​ភាពជឿជាក់ ព្រោះតែ​ចាស់​ជាង​ប្តី​

មួយរយៈ​ពេល​ចុង​ក្រោយនេះ​ឱ្យតែ​គិតដល់​រឿង​ចាស់​ជាង​ប្តី នាង​ខ្ញុំ​មាន ការពិបាក​ចិត្ត និង អាណិត​ប្តី​ខ្លាំងណាស់ ។ ថ្វីបើ​មាន​អាយុ​តិចជាង​គាត់ ដល់​ទៅ ៤ ឆ្នាំ ប៉ុន្តែ​នាង​ខ្ញុំ​ចាស់​ជាង​ប្តី​ច្រើន ហើយ​រាល់ពេល​មាន​ណាត់ ជាមួយ​មិត្តភក្តិ​របស់​ប្តី​នាង​ខ្ញុំ​មានការ​ខ្មាសអៀន និង ចង់តែ​គេច​មុខ​ចេញ ពី​ពួកគេ ព្រោះ​ខ្លាច​ពួកគេ​បង្អាប់ ឬ និយាយដើម​ថា «​ប្រពន្ធ​វាចា​ស់​ជាង​វា ខ្លាំង​ម្ល៉េះ​» ។ ប្តី​នាង​ខ្ញុំ​មិនដែល​និយាយថា​នាង​ខ្ញុំ​ចាស់​ជាង​គាត់​នោះទេ ប៉ុន្តែ​តាម​ការសង្កេតមើល​នាង​ខ្ញុំ​យល់ថា គាត់​ក៏មាន​ការ​អន់ចិត្ត តែ​មិន​ហ៊ាន​និយាយ​ខ្លាច​នាង​ខ្ញុំ​ខឹង ។ នាង​ខ្ញុំ​គួរ​ធ្វើយ៉ាងណា​ដើម្បី​ជួយ​ឱ្យ​ខ្លួនឯង​អាច​គេច​ផុតពី ការ​ខ្មាសអៀន​ដោយសារតែ​បញ្ហា​ខាងលើនេះ ?

​ចំពោះ​ស្ត្រី​មាន​វិ​បិ​ត្ត​

​ក្នុង​រឿង​ស្នេហា​មាន​ប្រការ​ប្លែកៗ​ជាច្រើន​បាន និង កំពុងតែ​កើតឡើង ប៉ុន្តែ​រឿង​ប្រពន្ធ​ចាស់​ជាង​ប្តី​មិនមែនជា​រឿង​ចម្លែក​ទេ ។ នាង​ប្រហែលជា​ធ្លាប់​បានឃើញ​បុរស​ម្នាក់​អាយុ ២១ ឆ្នាំ ទៅយក​ប្រពន្ធ​អាយុ ៣៥ ឆ្នាំ ដែល​មើលទៅ​មិន​សម​នឹង​គ្នា​សូម្បី​បន្តិច ប៉ុន្តែ​នេះ​ជា​រឿង​មនោសញ្ចេតនា​រវាង បុរស និង ស្ត្រី ។ ចំណែក​រឿង​របស់​នាង​វិញ នាង​និយាយថា​អាណិត​ប្តី​ខ្លាំងណាស់ ដោយសារតែ​មើលទៅ​ឃើញ​ចាស់​ជាង​ប្តី ប្រការនេះ​ប្រហែលជា​មិនទាន់​ត្រឹមត្រូវ នោះទេ ផ្ទុយទៅវិញ​អ្នក​ដែល​គួរឱ្យ​អាណិត​គឺជា​រូបនាង​ទៅវិញ​ទេ ព្រោះថា​នាង​មាន​អាយុ​ក្មេង​ជាង​ប្តី​បែរជា​ចាស់​ជាង​ប្តី ។ ប្តី​របស់​នាង​មាន​រូបរាង និង មុខមាត់​ក្មេង​ជាង​នាង គាត់​នឹងមាន​អារម្មណ៍​ខ្មាសអៀន​នៅពេល​ចេញទៅ ក្រៅ​តែម្នាក់ឯង ចំណែក​នាង​វិញ​ផ្ទុយ​ពី​គាត់​ទាំងស្រុង ដូច្នេះ​នាង​ជា​ស្ត្រី​គួរ ឱ្យ​អាណិត​ជាង ។

បាត់បង់​ភាពជឿជាក់ ព្រោះតែ​ចាស់​ជាង​ប្តី​

ក្រៅពីនេះ​អ្នក​ដែលមាន​កំហុស និង គួរ​ទទួល​ការស្តីបន្ទោស​ក្នុង​រឿង នេះ​គឺ​អ្នក​ទាំងពីរ​តែម្តង ។ នាង​ធ្លាប់បាន​ឆ្លងកាត់​វ័យ​ក្រមុំ និង ដឹងថា​សម្រស់ មាន​សារសំខាន់​សម្រាប់​ស្ត្រី ប៉ុន្តែ​បែរជា​បណ្តោយឱ្យ​សម្រស់​របស់ខ្លួន​ត្រូវ​ធ្លាក់ ដុនដាប​ទៅវិញ ។ រីឯ​ប្តី​របស់​នាង​ពេល​ដឹងថា​ខ្លួន​មាន​អារម្មណ៍​អន់ចិត្ត​ចំពោះ សម្រស់​របស់​ប្រពន្ធ តែ​បែរជា​មិន​អើពើ​ទុកឱ្យ​បញ្ហា​កើតឡើង​ធ្វើឱ្យ​ទំនាក់ទំនង​ទូទៅ​ជាមួយ​អ្នក​ខាងក្រៅ​មិនបាន​ល្អប្រសើរ​ដោយសារតែ​ការ​ខ្មាសអៀន និង ភាព​គ្មាន​ទំនុកចិត្ត ។ នាង​ប្រហែលជា​មិនទាន់​ដឹងថា​ការព្រួយបារម្ភ ការគិត​ច្រើន ឬ ភាព​តានតឹង​ក្នុង​អារម្មណ៍​ជា​កត្តា​មួយ​ជំ​រុញឱ្យ​សម្រស់​ត្រូវ​អន់ថយ​នោះទេ ។ ដូច្នេះ​ចូរ​បញ្ឈប់​ការគិត​អំពី​រឿង​«​ចាស់​ជាង​ប្តី​» និង ការ​គិតពី​បញ្ហា​ដែល​មិនគួរ​គិត ហើយ​ងាក​មក​ធ្វើ​ចិត្ត​ឱ្យ​សប្បាយរីករាយ​ជាមួយ​ប្តី ជាមួយ​កូនៗ ដើម្បី​ជួយ​កាត់បន្ថយ​ល្បឿន​នៃ​ការវិវឌ្ឍ​របស់​ភាព​ចាស់ ។

បាត់បង់​ភាពជឿជាក់ ព្រោះតែ​ចាស់​ជាង​ប្តី​

ម្យ៉ាងទៀត​នាង​ត្រូវតែ​បង្កើតឱ្យមាន​ភាពជឿជាក់​លើ​ខ្លួនឯង​តាមរយៈ​ការអាន​សៀវភៅ​ណែនាំ​ពី​យុទ្ធសាស្ត្រ​ទាក់ទង​នឹង​វិធី​ថែរក្សា​សម្រស់​ការហាត់ ប្រាណ និង បញ្ចេញ​ភាពខ្លាំង​របស់ខ្លួន ។ ជាង​នេះ​មាន​ឃ្លា​មួយ​ញេ​ល​ថា «​លើ​លោក​នេះ​មិនមាន​ស្ត្រី​អាក្រក់​នោះទេ មានតែ​ស្ត្រី​មិនចេះ​ធ្វើខ្លួន​ប៉ុណ្ណោះ​» ដូច្នេះ​ការយកចិត្តទុកដាក់​ទៅលើ​ការថែទាំ​សម្ផស្ស​នាពេលនេះ​ជា​រឿង​ចាំបាច់ សម្រាប់​នាង ។ នាង​អាច​សុំ​យោបល់​ស្តីអំពី​ការថែទាំ​សម្រស់ ឬ វិធី​តុបតែង​ខ្លួន​ពី​មិត្ត​ជិតស្និទ្ធ ហើយ​ប្រសិន​មានលទ្ធភាព​នាង​ក៏​គួរ​ទៅរក​សេវា​ថែទាំ​សម្រស់ ដើម្បី​ទទួល​ការប្រឹក្សា ឬ ព្យាបាល​មុខ​ជ្រួញ​វិញ ។ បើ​ធ្វើបាន​ដូចខាងលើ​នេះ​នាង​ប្រាកដ​ជាមាន​ភាពជឿជាក់​លើ​ខ្លួនឯង និង ក្លាយ​ជាទី​មោទកភាព​របស់​ស្វាមី​មិន​ខាន ៕