តើ​ខ្ញុំ​ត្រូវ​ជ្រើសរើស​មួយណា ?

​នាង​ខ្ញុំ​អាយុ ២៧ ឆ្នាំ កំពុង​បង្រៀន​នៅ​សា​លាម​ត្តេ​យ្យ​មួយ​ក្នុង​ក្រុងភ្នំពេញ​មានបំណង​បង្កើត​គ្រួសារ​មួយ ប៉ុន្តែ​មិនទាន់​រកបាន​បុរស​ដែល​ត្រូវចិត្ត មាន​បុរស​ជាច្រើន​បាន និង កំពុង​តាម​ស្រឡាញ់ ដោយ​បុរស​ខ្លះ​សុំ​រៀបការ ជាមួយ​នាង​ខ្ញុំ ប៉ុន្តែ​ពួកគេ​ម្នាក់ៗ​មាន​ចំណុច​ខ្លះ​អាច​ទទួលយកបាន ហើយក៏​មាន ចំណុច​ខ្លះ​ពិបាក​ទុកចិត្ត ។ ដំបូង​មាន​បុរស​ម្នាក់​ដែល​រស់នៅ​ក្នុងភូមិ​ជាមួយ​នាង​ខ្ញុំ គាត់​ជា​អ្នកធ្វើ​ផ្លូវ​ស្ពាន ហើយ​ប្រហែលជា​មួយខែ ឬ ពីរ​ខែ​ទើប​មក​ផ្ទះ​ម្តង ចំណែក​ចរិត​របស់គាត់ គឺ​ស្លូតបូត ប៉ុន្តែ​ការនិយាយស្តី​បែរជា​មិនចេះ​ពិចារណា​ទៅវិញ ពេលខ្លះ​គាត់​មាន​ចរិត​ឆេវឆាវ ។

មាន​ពេល​មួយ​នោះ​នាង​ខ្ញុំ​ជាមួយ​មិត្តភក្តិ​ជាច្រើន​នាក់​បាន​ជួបពិភាក្សា​គ្នា​នៅឯ​ផ្ទះ​មិត្ត​ម្នាក់​ពេលនោះ​ស្រាប់តែ​គាត់​ហៅ​ទូរស័ព្ទ​មក​ដោយ​ជាប់ដៃ​នាង​ខ្ញុំ​ក៏​ឱ្យ​មិត្ត​ម្នាក់​ជួយ​ទទួល​ជំនួស ។ ដោយ​ឮ​សំឡេង​បុរស គាត់​មិន​និយាយ​អ្វី​ទាំងអស់ ហើយក៏​បិទ​ទូរស័ព្ទ​ភ្លាម ក្រោយ​ម​ក៏​ផ្ញើ​សារ​«​ទូរស័ព្ទ​អូន​ទុកឱ្យ​អ្នកដទៃ​កាន់​ប្រហែលជា​របស់​ពិសេស​បំផុត​របស់​អូន​ក៏​ឱ្យគេ​កាន់​ដែរ​ហើយ​មើលទៅ​» ។ បុរស​ទី​ពីរ មានផ្ទះ​នៅក្បែរ​កន្លែង​ដែល​នាង​ខ្ញុំ​ធ្វើការ​នាង​ខ្ញុំ​មិនបាន​យល់ ដឹង​អំពី​គាត់​ច្រើន​ទេ ។ បច្ចុប្បន្ន​គាត់​រស់នៅ​ជាមួយ​ម្តាយចិញ្ចឹម​នៅ​ភ្នំពេញ និង មានមុខ​របរ​មិន​ច្បាស់លាស់​ពេលខ្លះ​ធ្វើជា​អ្នក​គួ​ក​ជេរ​ម៉ូតូ ហើយ​ពេលខ្លះ​ធ្វើជា​អ្នក​បង្រៀន​ធ្វើ​នំ រួច​ធ្វើជា​អ្នក​បង្រៀន​ក្រឡុក​ស្រា​នៅក្នុង​បារ ហើយ​ពេលខ្លះទៀត​ក៏​បង្រៀន​ភាសា​អង់គ្លេស​កម្រិត​ទាប ។

តើ​ខ្ញុំ​ត្រូវ​ជ្រើសរើស​មួយណា ?

និយាយ​រួម​គាត់​មាន​មុខរបរ​ច្រើន ប៉ុន្តែ​មិនឃើញ​គាត់​មាន​មុខរបរ​ណាមួយ​ជាក់លាក់​នោះទេ ។ ចំណែក​ឆ្នាំ​កំណើត​ក៏​គាត់​ប្រាប់​មិន​ច្បាស់​ដែរ ។ ស្ថានភាព​គ្រួសារ​របស់​នាង​ខ្ញុំ​ពេលនេះ​កំពុង​ជួប​ការលំបាក គឺ​ម្តាយ​ចាស់​រីឯ​បងប្រុស​មាន​ជំងឺសរសៃប្រសាទ ។ នាង​ខ្ញុំ​អាណិតម្តាយ​ខ្លាំងណាស់ ប៉ុន្តែ​មិនដឹង​ត្រូវធ្វើ​យ៉ាងណា ។ តើ​នាង​ខ្ញុំ​គួរតែ​យក​មួយណា​មក​ធ្វើជា​គូ​អនាគត ? បុរស​ដែល​នៅក្នុង​ភូមិ ហាក់​មាន​មនោសញ្ចេតនា​ច្រើន​ជាមួយ​ម្តាយ​នាង​ខ្ញុំ ចំណែក​បុរស​នៅក្បែរ​កន្លែង ធ្វើការ​ក៏​ជា​មនុស្ស​ល្អ និង ស្រឡាញ់​នាង​ខ្ញុំ​ខ្លាំងណាស់ ។ មកដល់ពេលនេះ នាង​ខ្ញុំ មិនទាន់​អា​ចស​ម្រេ​ថា​គួរតែ​យក​មួយណា​មក​ធ្វើជា​គូ​អនាគត​នោះទេ សូមមេត្តា ជួយផ្តល់​ជា​គំនិត​យោបល់​ផង ។​

​ចំពោះ​នារី​មាន​វិបត្តិ​ស្នេហ៍​

ជាការ​ពិតណាស់​បុរស និង នារី នៅក្នុង​សង្គម​បច្ចុប្បន្ន ពិសេស​គឺ​សង្គម​ដែលមាន​ទំនាក់ទំនង​ទូលំទូលាយ​ដោយសារ​មាន​សម្ភារៈ​ទំនើប​ដូចជា​បណ្តាញ សង្គម​ហ្វេ​ស​ប៊ុ​ក ទូរស័ព្ទ​ជាដើម​ពួកគេ​កម្រ​នឹងមាន​ជម្រើស​តែមួយ​សម្រាប់​បង្កើត​គ្រួសារ​មួយនា​ពេលអនាគត ។ ករណី​របស់​នាង​ក៏​មិន​ខុសគ្នា​ដែរ គឺ​នាង​ពិតជា កំពុង​ចាប់​ត្រី​ដៃ​ពីរ​ហើយ ! តាម​គំនិត​របស់​ប្រជាប្រិយ ដើម្បី​ឱ្យបាន​ប្រាកដថា​បុរស​ទាំងពីរ​នាក់​នោះ ជា​មនុស្ស​ប្រភេទ​ណា​ឱ្យ​ជាក់ច្បាស់ នាង​គួរ​ចំណាយពេល​ស្វែងយល់​បន្ថែមទៀត ដោយ​ចាប់ផ្តើម​ពី​បុរស​ទីមួយ ។ តាម​អ្វីដែល​នាង​បាន​និយាយ​បុរស​ទីមួយ​គឺជា​មនុស្ស​ល្អ ស្លូតបូត ទាស់​តែ​ម្យ៉ាង គឺ​ពេលខ្លះ​គាត់​ជាម​នុស្ស​ឆេវឆាវ​បន្តិច និយាយ​មិនចេះ​គិត ។

តើ​ខ្ញុំ​ត្រូវ​ជ្រើសរើស​មួយណា ?

តាម​ការនិយាយ​របស់​នាង គាត់​ក៏​ជា​មនុស្ស​មាន​ទំនាក់ទំនង​ល្អជា​មួយក្រុម​គ្រួសារ​រប​ស់​នាង​ទៀតផង ដូច្នេះ​ក្នុង​បញ្ជី​របស់​នាង នាង​គួរតែ បញ្ចូល​ឈ្មោះ​គាត់​សម្រាប់​ជាការ​ពិចារណា បើ​ទោះ​ពេលខ្លះ​គាត់​ធ្លាប់ជា​មនុស្ស ឆេវឆាវ​ក្តី ។ ចំណែក​បុរស​ទី​ពីរ ដែល​នាង​ថា​គឺជា​មនុស្ស​ល្អ ហើយ​ស្រឡាញ់​នាង​ខ្លាំងណាស់ ប៉ុន្តែ​គឺជា​មនុស្ស​ដែលមាន​ការងារ​មិន​ច្បាស់លាស់ ដោយ​ម្តង​ធ្វើ​នេះ​ម្តង​ធ្វើ​នោះ ហើយ​សូម្បីតែ​ឆ្នាំ​កំណើត​ក៏​ប្រាប់​មិនបាន​ត្រឹមត្រូវ នេះ​បញ្ជាក់ថា គាត់​គឺជា​មនុស្ស​អាច​ប្រែប្រួល​ទៅតាម​កាលៈទេសៈ ព្រោះថា​ការដែល​អាចធ្វើ​ការងារ​បាន​ច្រើន​ប្រភេទ គឺ​ប្រហែលជា​មនុស្ស​មាន​ជំនាញ​ច្រើន គ្រាន់តែ​ថា គាត់​មិនទាន់​រកបាន​របរ​ណា​មួយ​ដែល​គាត់​ពេញចិត្ត​បំផុត​ក៏​ថា​បាន ។

ចំណែក​រឿង​ដែលថា​គាត់​ប្រាប់​ឆ្នាំ​កំណើត​ម្តង​ឆ្នាំនេះ ម្តង​ឆ្នាំ​នោះ ក៏​ប្រហែលជា​គាត់​បាន​ស៊ើប​ដឹង​ឆ្នាំ​កំណើត​របស់​នាង​ក៏​ថា​បាន គឺ​ដើម្បីឱ្យ​ត្រូវ​គ្នា​ទៅតាម​ក្បួន ហោរាសាស្ត្រ​ខ្មែរ ដោយសារ​ថា​គូស្នេហ៍​ភាគច្រើន​មិនបាន​ជួបគ្នា​ដោយសារ តែ​ជំនឿ​នេះ ។ ចំណុច​អវិជ្ជមាន​របស់​បុរស​នេះ ថា​គាត់​អាចជា​មនុស្ស​មិន​ច្បាស់ការ​ខ្លួនឯង ឬ ជាម​នុស្ស​«​ចាប់​នេះ​ចាប់​នោះ​មិន​ឆ្ពោះ​ត្រង់ណា​» មនុស្ស​ប្រភេទ​នេះ​ពិបាក​នឹង​ជឿទុកចិត្ត ។​ ​និយាយ​រួម​បុរស​ទាំងពីរ​មាន​ចំណុច​ល្អ និង ចំណុច​អាក្រក់​រៀងៗ​ខ្លួន ប៉ុន្តែ​អ្វីដែល​ត្រូវ​យកមក​ថ្លឹងថ្លែង​នោះ គឺ​ចំណុច​អវិជ្ជមាន​របស់​ពួកគេ ។ បុរស​ទីមួយ​គេ​មាន​ចរិត​ឆេវឆាវ ហើយ​ពេល​បាន​គ្នា​ជា​គូ​គាត់​អាច​នឹង​ធ្វើបាប​ធ្វើ​ចិត្ត​នាង​មិន​ខាន ( នាង​ថា​មួយរយៈ​ចុងក្រោយ​គាត់​ដូច​បាន​កែប្រែ​ចរិត ប៉ុន្តែ​នេះ​ក៏​ប្រហែល គ្រាន់តែ​ជាការ​«​ហុតទឹកសម្លឹងកាក​» ) ។

តើ​ខ្ញុំ​ត្រូវ​ជ្រើសរើស​មួយណា ?

ចំណែក​បុរស​ទី​ពីរ​វិញ ថ្វី​បើជា​មនុស្ស​មានចំណេះ​ជំនាញ​ច្រើន ប៉ុន្តែ​អនាគត​គាត់​ប្រហែលជា​ចូលចិត្ត​កុហក​ច្រើន ហើយ​អាចមាន​ស្រី​ច្រើន​ក៏​ថា​បាន ។ យ៉ាងណាក៏ដោយ​នេះ​គ្រាន់តែ​ជា​យោបល់​ខ្លះៗ​ដើម្បី​ជួយ​ឱ្យ​ការគិត​របស់​នាង​បាន​គ្រប់​ជ្រុងជ្រោយ​តែប៉ុណ្ណោះ ។ អ្វីដែល​សំខាន់​គឺ​ការសម្រេចចិត្ត​ចុងក្រោយ​របស់​នាង ប៉ុន្តែ​មុននឹង​ធ្វើការ​សម្រេចចិត្ត នាង​គួរតែ​ប្រើពេល​ឱ្យបាន​ច្រើន​ដើម្បី​ស្វែងយល់​អំពី​បុរស​ទាំងពីរ​បន្ថែមទៀត ៕