ជួយ​សងបំណុល​សង្ឃឹម​ថា​នឹង​គាត់​លែងលះ​ប្រពន្ធ​

​យើង​បាន​ស្រឡាញ់គ្នា​រយៈពេល ៤ ឆ្នាំ មុននឹង​បែក​គ្នា ហើយ​ថ្ងៃ​បែក​គ្នា​ក៏​ជា​ថ្ងៃកំណើត​របស់​នាង​ខ្ញុំ ។ បន្ទាប់ពី​បែក​គ្នា នាង​ខ្ញុំ​ដឹង​ខ្លួនឯង​ប្រាកដថា ពិតជា​មិនអាច​បំភ្លេច​គាត់​បានទេ ។ ក្រោយពេល​ឃ្លាតឆ្ងាយ​ពីគ្នា មួយរយៈ​គាត់​មាន​នារី​ផ្សេង ប៉ុន្តែ​ប្រហែល ៣ ខែក្រោយ​មក​គាត់​បែរជា​មក​ត្អូញត្អែរ​ប្រាប់ថា​គាត់​ដើរ​ខុសផ្លូវ​ហើយ​រង់ចាំតែ​បែក​គ្នា​តាមផ្លូវ​ច្បាប់ ។ គាត់​បាន​និយាយថា យើង​ស្រឡាញ់គ្នា​តាំងពី​ដំបូង​ធ្លាប់មាន​អនុស្សាវរីយ៍​ជាមួយគ្នា​រាប់មិនអស់ គាត់​មិន​ចង់​បាត់បង់​នាង​ខ្ញុំ​នោះទេ ។ នាង​ខ្ញុំ​បាន​និយាយប្រាប់​គាត់​ថា​នឹង​លើកលែងទោស​ឱ្យ​គាត់ ហើយ​យើង​នឹង​ជម្នះ​បញ្ហាលំបាក​នេះ​ឱ្យតែ​គាត់​ដឹង​កំហុស​ចេះ​កែខ្លួន ។ នាង​ខ្ញុំ​ចាប់ផ្តើម​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​គាត់​ឡើងវិញ ។

ជួយ​សងបំណុល​សង្ឃឹម​ថា​នឹង​គាត់​លែងលះ​ប្រពន្ធ​

ក្រោយមក​អារម្មណ៍​ប្រចណ្ឌ​បានកើត​ឡើង​នៅពេល​ដឹងថា​គាត់​បាន​ទៅ​ស្រុកកំណើត​ជាមួយ​ប្រពន្ធ តែ​នាង​ខ្ញុំ​មិន​ចង់​ស្តី ព្រោះ​ខ្លាច​មាន​សម្ពាធ​បន្ថែម​ពីលើ​ការងារ​ហត់នឿយ​បច្ចុប្បន្ន​របស់គាត់ ។ ទិវារាត្រី​ចេះតែ​កន្លងផុត​រយៈពេល ៨ ខែក្រោយ​មក​នាង​ខ្ញុំ​ទទួលដំណឹង​ថា​គាត់​ចូល​រោងការ ។ គាត់​ថា​ស្រឡាញ់​នាង​ខ្ញុំ​តែ​ម្នាក់ ហេតុអ្វី​បានជា​រៀបការ​ចោល​នាង​ខ្ញុំ​ទៅវិញ ? ពេលនេះ​នាង​ខ្ញុំ​ត្រូវ​ទុក​រឿង​ស្នេហា​មួយ​ឡែក នាង​ខ្ញុំ​នឹង​បំពេញចិត្ត​គាត់​ដោយ​មិន​ខ្ចី​ទទួល​ស្នេហា​ពី​បុរស​ណា​ផ្សេង​ទាំងអស់ ហើយ​ខំធ្វើការ និង ជួយ​សងបំណុល​គ្រួសារ​របស់គាត់ ។

ជួយ​សងបំណុល​សង្ឃឹម​ថា​នឹង​គាត់​លែងលះ​ប្រពន្ធ​

គាត់​ធ្លាប់​ប្រាប់ថា គាត់​រៀបការ​គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រាក់កាស ដូច្នេះ​នាង​ខ្ញុំ​សង្ឃឹមថា ទង្វើ​របស់​នាង​ខ្ញុំ​នឹង​ជួយ​ឱ្យ​បំណង​របស់​នាង​ខ្ញុំ​បានសម្រេច ហើយ​ថ្ងៃ​ណាមួយ​យើង​ទាំងពីរ​នាក់​នឹង​បាន​ក្រាប​សំពះ​មេបា​ជាមួយគ្នា​មិន​ខាន ។​ ​ធ្វើបែបនេះ អ្នកដទៃ​នឹង​យល់ថា​នាង​ខ្ញុំ​ល្ងង់​ខ្លាំងណាស់ ប៉ុន្តែ​នាង​ខ្ញុំ​មិនអាច​ឱបដៃ​ឈរ​មើល​សភាព​ដុនដាប​នៃ​គ្រួសារ​ឪពុកម្តាយ​របស់គាត់​ដែល​ធ្លាប់​ស្រឡាញ់​រាប់អាន និង តែងតែ​ហៅ​នាង​ខ្ញុំ​ថា «​កូនប្រសា​» ។ សូម​សួរថា តើ​នាង​ខ្ញុំ​ធ្វើបែបនេះ​គឺជា​ការត្រឹមត្រូវ​ដែរឬទេ ?

​ចំពោះ​នារី​មាន​វិបត្តិ

បុរស​ម្នាក់​ដែល​អាច​បោះបង់​នាង​ចោល​ដើម្បី​ទៅ​រៀបការ​ជាមួយ​ស្រី​ផ្សេង គឺ​ចាត់ទុកថា​គ្មានអ្វី​គួរឱ្យ​រង់ចាំ​ទៀត​នោះទេ ព្រោះថា​ទង្វើ​នេះ​គឺជា​ការ​កាត់​ផ្តាច់ទំនាក់ទំនង​ស្នេហា​ទាំងស្រុង​ទៅហើយ បើទោះជា​គាត់​បកស្រាយ​ដោយ​ប្រើ​លេស​ផ្សេងៗ​ក៏ដោយ ។ ការបកស្រាយ​រប​ស់បុ​រស ម្នាក់នេះ គឺ​គ្រាន់តែ​កើតឡើង​ទៅតាម​សភាវ​លោភលន់​បែប​អាត្មានិយម​តែប៉ុណ្ណោះ ។​ ​បើ​ពិចារណា​ទៅលើ​អ្វីដែល​នាង​បាន​រៀបរាប់ បុរស​ម្នាក់នេះ​ប្រហែល​កំពុង​បោកប្រាស់​មនោសញ្ចេតនា ភាព​ទន់ជ្រាយ និង កេងចំណេញ​លើ «​ចិត្តជា​ព្រះ​» របស់​នាង​ដើម្បី​សម្រេច​បំណង​អាក្រក់​របស់ខ្លួន ។ ចូរ​ធ្វើ​ចិត្ត​ឱ្យ​ក្លាហាន​ស្វែងយល់​ឱ្យបាន​ល្អិតល្អន់ និង ហ៊ាន​ទទួលស្គាល់​ការពិត ។

ជួយ​សងបំណុល​សង្ឃឹម​ថា​នឹង​គាត់​លែងលះ​ប្រពន្ធ​

នារី​ល្អ​ដូច​នាង ប្រាកដជា​មិន​ស័ក្តិសម​ជាមួយ​បុរស​អាត្មានិយម​ម្នាក់នេះ​ទេ គឺ​ស័ក្តិសម​ជាមួយ​តែ​បុរស​ដែល​ចេះ​គោរព​ស្រឡាញ់ និង យកចិត្តទុកដាក់​លើ​នាង ។ ទង្វើ​ល្អ​របស់​នាង​នឹងធ្វើ​ឱ្យ​បុរស​នេះ​យល់ថា នាង​គឺជា​មនុស្ស​ងាយ​បោក ហើយនឹង​សើច​ក្នុង​ចិត្ត​នៅពេល​ដឹងថា​ខ្លួន​មិនត្រូវ​បាត់បង់​អ្វី​ទាំងអស់ ។ ម្យ៉ាងទៀត​ការជួយ​សងបំណុល​រប​ស់​អ្នកដទៃ ហើយ​បំភ្លេច​អ្នកមានគុណ​ដែលជា​ឪពុក​ម្តាយបង្កើត​គឺជា​រឿង​គួរឱ្យ​រិះគន់ នេះ​មិនទាន់​គិតដល់​បញ្ហា​ទាំងឡាយ​ដែល​អាច​កើតមានឡើង​ដោយសារ​ចិត្តល្អ​របស់​នាង ដូចជា ត្រូវ​ប្រពន្ធ​រប​ស់បុរ​ស​នេះ​មករ​ករឿង​ដោយ​យល់ថា នាង​កំពុង​ទិញ​ទឹកចិត្ត​ឪពុក​ម្តាយក្មេក និង ទាក់ទាញ​ប្តី​របស់​នាង ។

ជួយ​សងបំណុល​សង្ឃឹម​ថា​នឹង​គាត់​លែងលះ​ប្រពន្ធ​

យោបល់​របស់​ប្រជាប្រិយ គឺថា​នាង​គួរ​បំភ្លេច​រឿង​ស្នេហា និង មនោសញ្ចេតនា​នេះ​ឱ្យអស់ ហើយ​ចាប់ផ្តើម​ជីវិត​ថ្មី ។ អំពើ​ល្អ​របស់​នាង​ដែល ចង់​ជួយ​សងបំណុល​របស់​អ្នកដទៃ គឺជា​រឿង​គួរឱ្យ​សរសើរ ប៉ុន្តែ​អ្វីៗ​ក្នុង​លោក​សុទ្ធ​តែមាន​ដែន​កំណត់​របស់​វា ។ ប្រសិន​ចេះតែធ្វើ​ទៅតាម​ការយល់ឃើញ​ផ្ទាល់ខ្លួន នោះ​នាង​ប្រហែលជា​ត្រូវ​ចាញ់បោក​អ្នកដទៃ​ដោយ​មិន​អស់ចិត្ត​មិន​ខាន ។ ម្យ៉ាងទៀត​បំណុល​គ្រួសារ​គាត់​ទុកឱ្យ​គាត់ និង បងប្អូន​គាត់​ជា​អ្នកដោះស្រាយ ។ ចូរ​ងាក​មក​យកចិត្តទុកដាក់​នឹង​ការងារ​ផ្ទាល់ខ្លួន ហើយ​តបស្នង​សងគុណ​ឪពុកម្តាយ​បង្កើត​របស់​នាង ឬ បើ​មានលទ្ធភាព​គួរតែ​ជួយ​ដល់​បងប្អូន ឬ មាមីង​បង្កើត​របស់​នាង​ទើប​ជាការ​ប្រសើរ ៕