បើ​នាង​ខ្ញុំ​សុំ​លែងលះ​ជាការ​ត្រឹមត្រូវ​ដែរ​ទេ ?

ក្នុងនាម​ជា​ស្ដ្រី​មេផ្ទះ​មួយរូប នាង​ខ្ញុំ​តែង​ខិតខំ​បំពេញ​តួនាទី​យ៉ាង​ល្អ​ជូន​ស្វាមី កូន​ទាំងបី និង ក្រុមគ្រួសារ​ទាំងមូល ដោយ​ពុំ​ដែលមាន​បញ្ហា​អ្វី​កើតឡើង​សោះឡើយ គឺ​ដោយសារតែ​ភាព​អត់ធ្មត់​របស់ខ្ញុំ​តែមួយគត់​ដែលជា​វិធី​អាច​ដោះ ស្រាយ​បញ្ហា​មិនឱ្យ​រាលដាល​ទៅមុខទៀត​ជារឿយៗ ។ ភាព​ដល់ ក មួយ​បាន​កើតឡើង​ចំពោះ​នាង​ខ្ញុំ​នៅពេល​ម្ដាយក្មេក បងថ្លៃ​ស្រី ព្រួត​គ្នា​ជាន់ឈ្លី​នាង​ខ្ញុំ​កាន់តែខ្លាំង​ឡើង​នៅក្រោម​ខ្សែ​ភ្នែក​បែប​ព្រងើយកន្ដើយ​របស់​ស្វាមី ដែល​ហាក់​មានន័យ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ទង្វើ​ទាំងឡាយ​ចេញពី​សាច់​ខាង​គាត់​មកលើ​នាង​ខ្ញុំ ។

ហេតុផល​តែមួយគត់​ដែល​ប្រែ​ផ្លាស់​ចិ​ត្ដ ម្ដាយក្មេក និង បងថ្លៃ​ស្រី​ពី​ការស្រឡាញ់​ទៅជា​ស្អប់ខ្ពើម​នាង​ខ្ញុំ​យ៉ាង​ដូច្នេះ គឺ​បណ្ដាលមកពី​ការធ្លាក់​ខ្លួន​ក្រ​របស់​គ្រួសារ​ខ្ញុំ​ដោយសារ​មុខ​ជំនួញ​របស់​ប៉ា​ខ្ញុំ​ជួប​វិបត្ដិ រហូត​ត្រូវ​ជាប់បំណុល​ធនាគារ​មួយចំនួន ហើយ​រូបខ្ញុំ​ផ្ទាល់​ត្រូវ​ធ្លាក់ខ្លួន​ក្លាយជា​កម្មវត្ថុ​នៃ​ការ​មាក់ងាយ​យ៉ាង​ពេញទំហឹង​ពី​គ្រួសារ​ខាង​ស្វាមី ។ ស្វាមី​នាង​ខ្ញុំ​ពុំ​ជួល​អ្នកបម្រើ​សម្រាប់​ជួយ​រំលែក​ការងារ​ផ្ទះ​នាង​ខ្ញុំ​ទេ ដោយ ម្ដាយ​គាត់​ប្រាប់ថា​ស្រុក​ឥឡូវ​ពិបាក​រកប្រាក់​ខ្លាំងណាស់ ខ្ញុំ​អាចធ្វើ​បាន​ហើយ ការងារ ផ្ទះ​គឺ​គ្មានអ្វី​ពិបាក​ទេ ។ នាង​ខ្ញុំ​គ្មាន​សិទ្ធិ​ទាមទារ​អ្វី​ឡើយ ទោះបី​ត្រូវ​រ៉ាប់រង​ការងារ​តាំងពីព្រឹក​ដល់​យប់​យ៉ាងណា ក៏​មធ្យោបាយ​មានតែ​មួយគត់ គឺ​ខាំមាត់​សង្កត់​ចិ​ត្ដ​គ្រប់​បញ្ហា​ចំពោះ​ខ្សែ​ភ្នែក​ចាំមើល​បំណាំ​ពី​អ្នកផ្ទះ​នេះ​រួមទាំង​ស្វាមី​ផង ។

ក្រៅពី​បម្រើការ​ជា​ប្រធាន​ទីផ្សារ​នៅ​ក្រុមហ៊ុន​មួយ ស្វាមី​នាង​ខ្ញុំ​ពុំបាន​ធ្វើ​អ្វី​ទាំងអស់​នៅក្នុង​ផ្ទះ​គាត់​យក​ពេលទំនេរ​ទៅលេង​ហ្វេ​ស​បុក លេង​ហ្គេម ឬ ស្ដាប់​ចម្រៀង ហាក់​ក្នុងន័យ​ផ្គើន​នាង​ខ្ញុំ​ដែលជា​ស្រី​ពុំមាន​ប្រាក់ចំណូល​សម្រាប់​គ្រួសារ ។ ថ្ងៃមួយ​ខ្ញុំ​បានស្នើ​សុំឱ្យ​ស្វាមី​ផ្អាក​លេង​ហ្វេ​សបុ​កសិន ហើយ​ជួយ​ដាក់​ដាំបាយ​ផង ព្រោះ​ខ្ញុំ​ប្រញាប់​យក​កូនពៅ​ដែល​អាយុ​បាន​បី​ឆ្នាំទៅ​ពេទ្យ​ដោយ​វា​រាក​ខ្លាំងពេក ។ ម្យ៉ាងទៀត​ព្រោះ​ខ្លាច​ពេលដែល​កូន​ទីមួយ​ចេញមក​ពី​រៀន​គេ​ឃ្លាន ហើយ​យំ​ទៅតាម​និស្ស័យ​របស់​ក្មេង ហើយ​ខ្ញុំ​សុខ​ចិ​ត្ដយ​កកូន​ទៅ​មន្ទីរពេទ្យ​ម្នាក់ឯង​ដោយ​ជិះ​ម៉ូតូឌុប មិន​ហ៊ាន​ឱ្យ​គាត់​ជូនទៅ​ទេ ដោយ​គិតថា ជាការ​រំខាន​គាត់​ខ្លាំង​ជាង​ការដាំ​បាយ ។

មិនដឹងថា​ស្វាមី​នាង​ខ្ញុំ​ទៅ​និយាយ​ចាក់រុក​ម្ដាយ​គាត់​យ៉ាងណាទេ ស្រាប់តែ​ល្ងាច​ឡើង​ម្ដាយក្មេក​ខ្ញុំ​បាន​លើកទ័ព​មក​ផ្ទះ​ខ្ញុំ​មាន​បងថ្លៃ​ស្រី សាច់ញាតិ​ខាង​ប្ដី​មួយចំនួន មិនតែប៉ុណ្ណោះ​មាន​ទាំង​នាំ​មិ​ត្ដ​ភក្ដិ​គាត់​ពីរ​នាក់​មកទៀត ដែល​សុទ្ធតែជា​ជើងឆើត​ខាង​វោហារ​ភាសា​និយាយ​មិន​ចាញ់​អ្នកបាត​ផ្សារ​ប៉ុន្មាន​ឡើយ ជា​ជម្រើស​មនុស្ស​ដែល​ម្ដាយក្មេក​ខ្ញុំ​សេពគប់​នៅក្នុង​វង់ល្បែង ។ ភាសា​ទូន្មាន​ក្នុងន័យ​បញ្ចើចបញ្ចើ​ពេបជ្រាយ​មាក់ងាយ​​នាង​ខ្ញុំ ហើយ​លើកតម្កើង​ស្វាមី​ខ្ញុំ​នោះ​ជា​ហូរហែ​មិន​ខុសពី​ផ្សារ​ត្រី​ឡើយ ។ ម្នាក់ៗ​ពូកែ​ទ្រឹស្ដី​ស្ត្រី​មេផ្ទះ​ខ្លាំងណាស់ សម្ដី​ដែល​ពោល​មក​ហាក់ដូចជា​ត្រៀម​ទុកជាមុន​មាន​ភាសា​ខ្លះ​ធ្ងន់ធ្ងរ​ខ្លាំងពេក រហូត​មិន​អាចឱ្យ​នាង​ខ្ញុំ​ទទួលយក​បានទេ ។

ដោយ​ទ្រាំ​ពុំបាន​នាង​ខ្ញុំ​ក៏​តប​ទាំង​ទឹកមុខ​ឈឺចាប់​ទៅកាន់​អ្នកនោះ​ដោយ​សម្ដី​មុត​ស្រួច និង បង្ហាញ​នូវ​ផលវិបាក​ជាច្រើន​ដែល​នាង​ខ្ញុំ​បាន​ជួប​នៅក្នុង​ជីវិត​ដែល​គ្មាន​អ្នកណា​ដឹងឮ និង ជួយ​រំលែក​ទុក្ខ​ខ្ញុំ​ក្រៅតែពី​ការ​ព្រួត​គ្នា​ជាន់ឈ្លី​ខ្ញុំ​ថែមទៀត ។ គ្មាន​អ្នកណា​អាណិត​នាង​ខ្ញុំ​ទេ មាន​អ្នកខ្លះ ជាពិសេស​ម្ដាយក្មេក​ខ្ញុំ​បាន​ពេបមាត់​ប្រវែង​ជាង​មួយ​ចំអាម មានតែ​ស្វាមី​នាង​ខ្ញុំ​ម្នាក់​គត់​ដែល​ក្រោក​ដើរចេញ​ទាំង​ទឹកមុខ​ក្រៀម​ស្រពោន និង មាន​ទឹកភ្នែក​ហូរ​រឹមៗ តែ​ខ្ញុំ​ពុំ​ដឹងថា​គាត់​គិត​អ្វី​ទេ ។ ក្រោយមក​ទើប​ដឹង​ច្បាស់​ថា​គាត់​ត្រូវការ​ខ្ញុំ និង សូមទោស​គ្រប់យ៉ាង​នូវ​អ្វីដែល​គាត់​បានធ្វើ នៅពេលដែល​ខ្ញុំ​បាន​ចាក​ចេញពីផ្ទះ​នេះ​ទៅ​នៅផ្ទះ​ជួល​ប៉ា​របស់ខ្ញុំ ។ ជា​ជម្រើស​ត្រឹមត្រូវ​ដែរ​ទេ កាលដែល​នាង​ខ្ញុំ​សម្រេច​ចិ​ត្ដ​សុំ​ចែកផ្លូវ​ជាមួយ​ស្វាមី ដោយ​មិន​អើពើ​ជាមួយ​ក្ដី​ភ្ញាក់រឭក​របស់គាត់ ដែល​មិនទាន់​ប្រាកដថា គាត់​អាច​ធ្វើបាន​នោះ ?

ជូន​ចំពោះ​ស្ត្រី​មាន​វិបត្ដិ​

​បើ​វិភាគ​តាម​ដំណើរ​រឿងនេះ ទង្វើ​របស់​ស្វាមី​នាង​ដែល​ធ្វើ​ចំពោះ​នាង​កន្លងមក អាចជា​ទង្វើ​មួយ​ដែល​ប្រាសចាក​ពី​ធាតុពិត​នៃ​ចិ​ត្ដ​គំនិត​របស់ខ្លួន អាស្រ័យ​ដោយ​ការដាក់​គំនាប​ពី​ម្ដាយ និង បងស្រី​ទៅលើ​រូបគេ​ពី​បញ្ហា​ជីវិត​របស់​នាង​ដែល​ជួប​បញ្ហា​ដោយសារ​គ្រួសារ​ជួប​វិបត្ដិ​ធ្លាក់ខ្លួន​ក្រ​នាំឱ្យមាន​ភាពប្រែប្រួល​ការ​រាប់រក​មកលើ​រូបនាង ។ ស្វាមី​នាង​ពុំទាន់​បាត់បង់​ភាពជា​មនុស្ស​នៅឡើយ​ទេ ក៏​រឹតតែ​មិនទាន់​បោះបង់​ចិ​ត្ដ​ស្រឡាញ់ ជាពិសេស​ក្ដី​អាណិត​ចំពោះ​រូបនាង​ក៏​ទេ​ដែរ បើ​មិន​ដូច្នេះ​ទេ​គាត់​ប្រាកដជា​មិន​បង្ហូរទឹកភ្នែក​ចំពោះ​រឿងនេះ​ដែរ​។ ការសារភាព​ទោសកំហុស គឺ​វា​បាន​ឆ្លុះបញ្ចាំង​យ៉ាង​ពេញលេញ​ពី​មនុស្ស​ម្នាក់នេះ ដែលមាន​បំណង​រួម​ខ្សែជីវិត​ជាមួយ​នាង​បន្ដទៀត ដើម្បី​ប៉ះប៉ូវ​នូវ​អ្វីដែល​គាត់​ពុំបាន​បំពេញ​ជូន​នាង​កន្លងមក​ក្នុងនាម​ជា​ស្វាមី​ល្អ ។

ជ្រើស​រើសយក​ការ​លែងលះ​របស់​នាង​ក៏​មិន​ខុស​ដែរ ព្រោះ​អ្វីដែល​អ្នក​ទាំង​នោះបាន​សាង​ចំពោះ​នាង​គឺ​វា​ធ្ងន់ធ្ងរ​ខ្លាំងពេក​ដែល​ពិបាក​ឱ្យ​នាង​អាច​ទទួលយកបាន តែ​នាង​នឹង​រឹតតែ​ខុស​នៅពេលដែល​នាងដាច់អហង្ការ​ជាមួយ​ស្វាមី​ពី​រឿង​លែងលះ​នេះ ទីមួយ​នាង​អាច​នឹង​ឈឺចាប់​ខ្លាំង​ឡើង ព្រោះ​ភាពជា​មនុស្ស​ចិ​ត្ដ​ដាច់​នេះ ពុំមែន​ជា​និស្ស័យ​ពិត​របស់​នាង​ទេ ទី​ពីរ​អ្វី​ដែលជា​បញ្ហា​ចោទ​ធំ​បំផុត​នោះ ភាព​វេទនា​ភ្នែក​មួយ​នឹង​ប្រាកដ​ឱ្យ​នាង​ឃើញ​នៅពេលដែល​កូនៗ​របស់​នាង​ត្រូវ​រស់នៅ​ក្នុងនាម​ជា​កូន​គ្មាន​ឪពុកម្ដាយ​រស់នៅ​ជួបជុំគ្នា ។ ឪពុកម្ដាយ​រស់នៅ​បែកបាក់​គ្នា​ពុំមែន​ជា​សេចក្ដីត្រូវការ​របស់​កូន​ណា​ម្នាក់​នៅក្នុង​លោក​នេះឡើយ ។

ការរារែក​របស់​នាង​មួយទៀត​ស្ថិត​នៅត្រង់ថា តើ​ការ​ភ្ញាក់រឭក​របស់​ស្វាមី​នាង អាច​គួរឱ្យ​ទុក​ចិ​ត្ដ​ទុក​ថ្លើម​ថា​គាត់​អាចធ្វើ​បានដែរ​ទេ ? ចម្លើយ​គឺ​ស្ថិតនៅលើ​ការសាកល្បង​មានន័យថា​មិន​សាក​មិនដឹង តែ​ការសាកល្បង របស់​នាង​វា​មាន​ផល​ច្រើនជាង​ចំពោះ​នាង និង កូនៗ ទោះ​ថ្ងៃក្រោយ​នាង​អភ័ព្វ​ជួប​រឿង​អកុសល​ទៀត នាង​នៅតែមាន​ជម្រើស​ដើរ​នៅលើ​ផ្លូវ​របស់​នាង ដោយ​គ្មាន​អ្នកណាម្នាក់​អាច​ឃាត់ឃាំង​នាង​បានឡើយ ។ «​ប្រជាប្រិយ​»​សូម​បូ​ង​សួង​ឱ្យ​ក្រុមគ្រួសារ​ស្វាមី​របស់​នាង​ផ្លាស់ប្ដូរ​គំនិត​មិនល្អ​ទាំងឡាយ​ដែលមាន​ចំពោះ​រូបនាង​ឱ្យ​ត្រឡប់មក​ផ្ដល់​ក្ដី​រាប់អាន ជាពិសេស​ក្ដី​អាណិត​ស្រឡាញ់​មកលើ​រូបនាង​វិញ​ដូច​កាលពី​ដំបូង ហើយក៏​សូម​ប្រាថ្នា​ឱ្យ​មនុស្ស​ទាំងអស់​មិនគួរ​ផ្ដល់​ការរាប់​រកគ្នា​តែ​ក្នុង​គ្រា​មានបាន​នោះដែរ ព្រោះ​ជោគវាសនា​របស់​មនុស្ស​ម្នាក់ៗ គឺ​មើលមិនឃើញ​ដូចគ្នា ថ្ងៃ នេះ​យើង​មាន តែ​គ្មាន​អ្នកណាម្នាក់​ហ៊ាន​ធានា​អះអាងថា ដំណើរ​ជីវិត​របស់​យើង​នឹង​រលូន​ល្អ​រហូត​នោះដែរ ៕

បើ​នាង​ខ្ញុំ​សុំ​លែងលះ​ជាការ​ត្រឹមត្រូវ​ដែរ​ទេ ?
​ ​