គង់ សំបូរ ជួប​ថៃ ចំណែក រឿង សោ​ភ័​ណ្ឌ ជួប​ឡាវ នៅ​លើ​សង្វៀន​ស៊ី​ធី​អិន ថ្ងៃ​សៅរ៍ខាន​ស្អែក​នេះ

រាជធានី​ភ្នំពេញ ៖ គង់ សំបូរ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​យ៉​ត​កេ​ន​សរ រុង​រ៉ា​វី ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ចំណែក​រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ​ស៊ី​ង​ដាំ​ស៊ី​ត ហ្វាំ​ង​ម៉ៃ នៅ​លើ​សង្វៀន​ស៊ី​ធី​អិន ថ្ងៃ​សៅរ៍​ទី​១២ ធ្នូ ។

គង់ សំបូរ និង​កីឡាករ​ថៃ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​មាន​ប្រវត្តិ​ប្រកួត​លើ​សង្វៀន​យ៉ាង​ជោកជាំ​ដូច​គ្នា ។ កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៧០​ដង ឈ្នះ​៥៥​ដង ចាញ់​១៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១០​ដង ។ មិនតែប៉ុណ្ណោះ កីឡាករ​ថៃ​រូប​នេះ​ត្រូវ​គេ​អះអាង​ថា មាន​ស្នៀត​កែង និង​ជង្គង់​ល្អ​បំផុត ប៉ុន្តែ​សម្រាប់​ការ​មក​ជួប​គង់ សំបូរ ពេល​នេះ​មិនដឹង​ថា អាច​ផ្ដួល​កីឡាករ​កម្ពុជា​បាន ឬ​មិន​បាន​នោះ​ទេ ? គង់ សំបូរ ក៏​ជា​ជើង​ខ្លាំង​មួយ​រូប​ដែល​មាន​ស្នៀត​ប្រយុទ្ធ​នៅ​លើ​សង្វៀន​មិន​អន់​ប៉ុន្មាន​ដែរ ។ កីឡាករ​កម្ពុជា​រូប​នេះ​ធ្លាប់​ប្រកួត​បាន​៦៥​ដង ឈ្នះ​៥៤​ដង ចាញ់​១១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​១៨​ដង ។ អ្នក​តាមដាន​ការ​ប្រកួត​ភាគច្រើន​មានការ​ជឿជាក់​លើ​ថ្វីដៃ​គង់ សំបូរ ស្ទើរ​គ្រប់​គ្នា ព្រោះ​គង់ សំបូរ ជា​អ្នក​ប្រដាល់​មួយ​រូប​ដែល​មានចិត្ត​សឿង​ហ៊ានស៊ី ហ៊ាន​សង ទោះបី​គូប្រកួត​របស់​គេ​ខ្លាំង​ប៉ុនណា​ក៏​ដោយ ។ ចាំ​មើល​គូ​នេះ​នរណា​ខ្លាំង​ជាង​នរណា​នឹង​បានដឹង​នៅ​ថ្ងៃខានស្អែក​មិន​ខាន ។

ចំណែក​រឿង សា​ភ័​ណ្ឌ និង​កីឡាករ​ឡាវ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ដែល​មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ខ្ពស់​ដូច​គ្នា ។ រឿង សោ​ភ័​ណ្ឌ មាន​ស្នៀត​កណ្ដាប់ដៃ​ឆ្វេង​ល្អ​បំផុត មិនតែប៉ុណ្ណោះ​គេ​មិន​ចេះ​មើល​ស្រាល​លើ​គូប្រកួត​ទៀត​ផង ។ ផល សោ​ភ័​ណ្ឌ ធ្លាប់​ប្រកួត​បាន​៧០​ដង ឈ្នះ​៥៦​ដង ចាញ់​១៣​ដង និង​ស្មើ​១​ដង ។ រីឯ​កីឡាករ​ឡាវ ធ្លាប់​ប្រកួត​បាន​៧៨​ដង ឈ្នះ​៧០​ដង និង​ចាញ់​៨​ដង ។ ទោះបី​ប្រវត្តិ​ប្រកួត​របស់​គេ​ច្រើន​ជាង រឿង សោ​ភ័​ណ្ឌ មែន​ក៏​មិន​ប្រាកដ​ថា អាច​ផ្ដួល​កីឡាករ​កម្ពុជា​បាន​នោះ​ដែរ ។

ដោយឡែក​សម្រាប់​គូប្រកួត​មិត្តភាព​ធម្មតា​វិញ មាន​កីឡាករ ផា​ន់ សា​រ៉ែ​ម មក​ពី​ក្លិប​គជសារ​កីឡា ប្រកួត​ជាមួយ​កីឡាករ ឌុន ប៊ុ​ន​ធឿ​ន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ។ កីឡាករ​អ៊ុំ វ​ណ្ណេ​ត មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​ប្រកួត​ជាមួយ​កីឡាករ​ឡុ​ង លឿង​រ៉ា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង​កីឡាករ​សាង សី មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ប៊ុ​ន សុធា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ៕