ម៉​ន រ​ដ្ឋា និង​សា​រឿ​ន ច័ន្ទ ឡើង​ប៉ះ​ថៃ​ថ្ងៃខានស្អែក​នៅ​លើ​សង្វៀន​អា​ស៊ីអាគ្នេយ៍

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃអាទិត្យ​ ទី​១៣ ធ្នូ ខាន​ស្អែក​នេះ កីឡាករ​កម្ពុជា​២​រូប នឹង​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក្នុង​ព្រឹត្តិ​ការណ៍ Cambodia Beer ។ ជើង​ខ្លាំង​ទាំង​ពីរ​សុទ្ធតែ​មាន​ជំហរ​ចង់​ឈ្នះ​ដូច​គ្នា ដើម្បី​លើកមុខ​មាត់ និង​ប្រជាប្រិយភាព​រៀងខ្លួន​នៅ​ក្នុង​ពិភព​ប្រដាល់ ។

កីឡាករ​ម៉​ន រ​ដ្ឋា គឺជា​គ្រាប់ពូជ​ប្រចាំ​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក របស់​លោក​ម៉ាង ម៉​ន ជា​គ្រូបង្វឹក​។ កីឡាករ​រូប​នេះ នឹង​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ក្នុង​ជំនួប​គូ​អន្តរជាតិ​បើក​ឆាក ព្រម​ជាមួយនឹង​ការ​រំពឹង​ខ្ពស់​ថា​នឹង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជក់ចិត្ត​ចំពោះ​សមត្ថភាព​សម្រាប់​ថ្ងៃខាន​ស្អែក ។ កីឡាករ​ថៃ​គូ​នេះ ត្រូវ​គេ​ស្គាល់ឈ្មោះ​ថា Deth Div ដោយ​មាន​ប្រវត្តិ​ធ្លាប់​ប្រកួត​នៅ​លើ​សង្វៀន​៦២​ដង ឈ្នះ​៥៦​ដង ចាញ់​៥​ដង និង​ស្មើ​១​ដង ។ តួលេខ​នេះ បើ​ធៀប​នឹង​កីឡាករ​កម្ពុជា គឺ​នៅ​តិច​ជាង​នៅឡើយ​ដោយសារ​តែ​កីឡាករ​ម៉​ន រ​ដ្ឋា ធ្លាប់​ប្រកួត​បាន​ដល់​៧១​ដង ឈ្នះ​៥៩​ដង ចាញ់​១១​ដង និង​ស្មើ​១​ដង ។

យ៉ាងណា​ក៏​ដោយ គេ​មើលឃើញ​ថា​សមត្ថភាព​ប្រកួត​របស់​កីឡាករ​ថៃ គឺ​មាន​កម្រិត​ល្អ​ជាង ដោយសារ​តែ​ការ​ប្រកួត​របស់​ជើង​ខ្លាំង​រូប​នេះ នា​ពេល​កន្លង​មក គឺ​បាន​រំលេច​នូវ​ភាព​ខ្លាំងក្លា​ធ្វើ​ឲ្យ​មានការ​កត់សម្គាល់​ពី​ស្នាដៃ​រួច​ទៅ​ហើយ ។ ក្រុម​អ្នក​ស្នេហា​វិស័យ​ប្រដាល់ សុទ្ធតែ​ព្យាករណ៍​ថា កីឡាករ​កម្ពុជា​ពិបាកទៅ​រួច​ដោយសារ​កណ្ដាប់ដៃ និង​បច្ចេកទេស​ប្រកួត​របស់​កីឡាករ Deth Div មិន​ងាយ​ស៊ី​ស្រួល បើ​ការ​ប្រកួត​ឈាន​ដល់​ការ​ឡើង​កំ​ដៅ ។ ជា​ពិសេស​ចំពោះ​សន្ទុះ​វាយ​ម៉ាត់ និង​ទាត់​ដ៏​ល្អ​របស់​កីឡាករ​រូប​នេះ គឺ​អាច​នឹង​ក្លាយជា​ឧបសគ្គ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កីឡាករ​កម្ពុជា​ទទួល​នូវ​ភាព​អាម៉ាស់​បាន ។ ទោះបី​យ៉ាងណា លោក​ម៉ាង ម៉​ន ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​គ្រូបង្វឹក​ហាក់​មាន​ជំនឿ​ចិត្ត​ខុស​ប្លែក​ពី​នេះ ។

លោក​បាន​បញ្ជាក់​តាំងពី​មានការ​ផ្គូផ្គង​ក្នុង​ពេល​មិន​ទាន់​ទម្លាយ​ព័ត៌មាន​ផ្លូវការ​មក​ក្រៅ​ទៅ​ទៀត ថា​កូនសិស្ស​របស់​ខ្លួន​នឹង​អាច​ទទួល​ជោគជ័យ​សម្រាប់​ការ​ប្រកួត​នៅ​ម៉ោង​២​រសៀល​ស្អែក ។ ហេតុផល​ដែល​លោក​ជឿជាក់​គឺ​ដោយសារ​ថា ម៉​ន រ​ដ្ឋា ហ្វឹកហាត់​បាន​ច្រើន បើ​ទោះជា​ការ​ប្រកួត​របស់​កីឡាករ​រូប​នេះ ម្ដង​ក៏​ល្អ​ម្ដង​ក៏​មាន​ចំណុចខ្សោយ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពិបាក​ងប់ងុល​ក្នុង​ការ​ជឿជាក់ ។ លោក​បាន​បញ្ជាក់​ប្រាប់​ដដែល​ជា​ដដែល​ថា រាល់​រូប​កីឡាករ​ជា​កូនសិស្ស​របស់​ខ្លួន គឺ​លោក​មិន​ដាក់​ឲ្យ​កីឡាករ​ណា​ម្នាក់​ឡើង​ប្រកួត​ដោយ​មិន​បាន​ហ្វឹកហាត់​ត្រៀមខ្លួន​ប្រាកដប្រជា​នោះ​ទេ ដោយសារ​តែ​លោក​ក៏​ចង់​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​ក្លិប​លោក​នៅ​តែ​ស្ថិត​ក្នុង​ការ​គាំទ្រ​របស់​មហាជន ។ លោក​មាន​ជំនឿ​ថា កូនសិស្ស​របស់​លោក​នឹង​ទទួល​បាន​ផ្លែផ្កា​សម្រាប់​ការ​ប្រកួត​នេះ ប៉ុន្តែ​ក៏​មិន​ហ៊ាន​ប្រាកដ​ចិត្ត​១០០​ភាគរយ​នោះ​ដែរ ដោយ​គ្រាន់តែ​អះអាង​ថា​ជើង​ខ្លាំង​ម៉​ន រ​ដ្ឋា គឺ​ត្រូវការ​រក្សា​លំនឹង​ប្រជាប្រិយភាព ដើម្បី​អាច​ឈរជើង​បាន​នៅ​លើ​ទីផ្សារ​ផ្គូផ្គង​ក្នុង​ពេល​បន្តបន្ទាប់ ។

មិន​ខុស​គ្នា​ដែរ កីឡាករ​សា​រឿ​ន ច័ន្ទ ដែល​ត្រូវ​គេ​ឲ្យ​ប្រកួត​ជា​គូ​ឯក​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃខានស្អែក ក៏​ត្រូវការ​ឈ្នះ​ដាច់ខាត​ជាមួយ​កីឡាករ​ថៃ​ដូច​គ្នា​ផង​ដែរ ដើម្បី​មាន​សំណាង​ត្រូវ​គេ​ផ្គូផ្គង​ឲ្យ​ឡើង​ប្រកួត​ញឹកញាប់ ។ គូប្រកួត​របស់​គេ​គឺ​កីឡាករ​ថៃ​ដែល​មានឈ្មោះ​ថា Yorth Sanan ដែល​មានការ​អះអាង​ថា គឺជា​ជើង​ខ្លាំង​ម្នាក់ ។ នៅ​លើ​សង្វៀន​ក្នុងស្រុក​កីឡាករ​ថៃ​រូប​នេះ មិន​ធ្លាប់​បង្ហាញខ្លួន​នោះ​ទេ ប៉ុន្តែ​លោក​ថៃ អ៊ូ ដែល​ជា​អ្នកដឹកនាំ​កីឡាករ​ថៃ​ឲ្យ​មក​ប្រកួត​បាន​អះអាង​ថា នៅ​ក្នុង​ប្រទេស​ថៃ គេ​គឺជា​កីឡា​ករ​ល្អ​ម្នាក់​នៅ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។ លោក​ថា កីឡាករ Yorth Sanan ធ្លាប់​ប្រកួត​បាន​៦២​ដង ឈ្នះ​៥២​ដង និង​ចាញ់​១០​ដង​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ទុកចិត្ត​គឺ​គេ​ប្រកួត​ឈ្នះ​បណ្ដាក់​គ្នា​ក្នុង​មួយ​រយៈ​ចុង​ក្រោយ ហើយ​បាន​ឈាន​ឡើង​ក្នុង​នាម​ជា​កីឡាករ​ល្បី​ម្នាក់ ។

បើ​ទោះ​មិន​បាន​ឈរ​ជួរ​មុខ​ក្នុង​ពិភព​ប្រដាល់​ថៃ ប៉ុន្តែ Yorth Sanan ក៏​ស្ថិត​ក្នុង​កម្រិត​ដែល​មានការ​ទទួលស្គាល់​ផង​ដែរ ទើប​លោក​សម្រេចចិត្ត​យក​មក​ឲ្យ​ឡើង​ប្រកួត​គូ​ឯក ។ លោក​ថា កីឡាករ​របស់​ខ្លួន បើ​គ្មាន​បញ្ហា​សុខភាព​ព្រោះ​ជិះឡាន​ផ្លូវ​ឆ្ងាយ គឺ​សា​រឿ​ន ច័ន្ទ​ពិតជា​ទៅ​មិន​រួច ប៉ុន្តែ​លទ្ធផល​ពិតប្រាកដ​គឺ​មាន​តែ​ការ​ប្រកួត​ផ្លូវការ​ប៉ុណ្ណោះ ដែល​អាច​សម្រេច​បាន ។

លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​អះអាង​ថា ការ​ប្រកួត​សម្រាប់​ថ្ងៃខានស្អែក សា​រឿ​ន ច័ន្ទ មិន​អាច​បរាជ័យ​បាន​ទេ​ដោយសារ​តែ​លោក​ចង់​ឃើញ​កីឡាករ​រូប​នេះ​ប្រកួត​ឈ្នះ ដើម្បី​រៀបចំ​ឲ្យ​ឡើង​ប្រកួត​កម្រិត​អន្តរជាតិ​ឲ្យ​បាន​ញឹកញាប់​នៅ​លើ​សង្វៀន ។ ម្យ៉ាង​ក្នុង​ពេល​ផ្គូផ្គង កីឡាករ​ជើង​ខ្លាំង​រូប​នេះ​ក៏​បង្ហាញ​ឆន្ទៈ​មិន​ធ្វើ​ឲ្យ​លោក និង​អ្នកគាំទ្រ​ខកចិត្ត​ផង​ដែរ ទើប​នាំ​ឲ្យ​លោក​សម្រេច​ដាក់​ឲ្យ​ឡើង​ប្រកួត​ជាមួយ​កីឡាករ Yorth Sanan ដែល​ល្បី​ថា​ជា​ជើង​ខ្លាំង​ម្នាក់ ។ លោក​ថា សា​រឿ​ន ច័ន្ទ ធ្លាប់​ប្រកួត​បាន​៧៣​លើក ឈ្នះ​៦៣​លើក ចាញ់​៩​លើក និង​ស្មើ​២​លើក ទើប​លោក​ហាក់​ប្រាកដ​ចិត្តច្រើន​ថា ការ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ថ្ងៃស្អែក​គឺ​មិន​អាច​បរាជ័យ​បាន​ទេ ។ យ៉ាងណាមិញ លោក​ទទូច​ឲ្យ​មានការ​តាមដាន​ពី​លទ្ធផល​ចុង​ក្រោយ​របស់​គូ​នេះ ដូច​គ្នា​នឹង​លោក​ថៃ អ៊ូ​ដែរ ដោយ​គ្រាន់តែ​លោក​ហាក់​ទុកចិត្ត​កីឡាករ​សា​រឿ​ន ច័ន្ទ ខ្ពស់​ជាង​ប៉ុណ្ណោះ ៕