បិទ​ការ​ប្រកួត​វាយ​កូន​បាល់​ដំណាក់កាល​ទី​3 ពានរង្វាន់ GLF Cham Prasidh Open 2015

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយ​កូន​បាល់​ITF Futures ដំណាក់កាល​ទី​៣ ដែល​មានឈ្មោះ​ថា GLF Cham Prasidh Open 2015 បាន​បញ្ចប់​ជា​ស្ថាពរ ហើយ​ពិធី​បិទ​ការ​ប្រកួត​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​នៅ​មជ្ឈមណ្ឌល​ជាតិ​កីឡា​វាយ​កូន​បាល់​កាលពី​ថ្ងៃ​ទី​១២ ធ្នូ កន្លង​មកនេះ បន្ទាប់​ពី​បាន​ដំណើរការ​អស់​រយៈពេល​ពេញ​មួ​យស​ប្ដា​ហ៍ ។

អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការ​ប្រកួត​មាន​លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ដោយ​មានការ​ចូលរួម​ពី​លោក យី សា​រិ​ន អតីត​កីឡាករ​ជើង​ចាស់ ដែល​សល់​ពី​ជំនាន់​មុន ។

ជា​លទ្ធផល​សម្រាប់​វិញ្ញាសា​វាយ​ទោល ពាន​ជើងឯក​បាន​ទៅ​លើ​កីឡាករ​កូរ៉េ ឈ្មោះ​Cheon-Eui Kim បន្ទាប់​ពី​ផ្ដួល​កីឡាករ​ចិនតៃវ៉ាន់ ក្នុង​លទ្ធផល​២​សិត​ជាប់​គ្នា​គឺ​៦-៣​និង​៦-៤ ។

ចំណែក​វិញ្ញាសា​ប្រកួត​វាយ​គូ​វិញ​ពាន​ជើងឯក​បាន​ទៅ​លើ​កីឡាករ​កូរ៉េ​ឈ្មោះ Cho Min Hyeok និង Jeong Young-hoon បន្ទាប់​ពី​បាន​យកឈ្នះ​កីឡាករ​អា​ល្លឺ​ម៉​ង់​ឈ្មោះ​Shconenberg និង​Wunner Mathias ក្នុង​លទ្ធផល​៦-២​ទាំង​២​សិត​ជាប់​គ្នា​។

គួរ​រំលឹក​ថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយ​កូន​បាល់ ITF Futures2015​ទាំង​៣​ដំណាក់កាល​នេះ គឺ​មាន​តែ​កីឡាករ​កូរ៉េ​ប៉ុណ្ណោះ ដែល​ជា​អ្នក​លើក​ពាន​ទាំង​ពាន​វិញ្ញាសា​វាយ​ទោល និង​ពាន​វាយ​គូ ។ ចំណែក​កីឡាករ​កម្ពុជា​បាន​ត្រឹមតែ​មានមុខ​ប្រកួត​នៅ​ក្នុង​វគ្គ​ជម្រុះ​ប៉ុណ្ណោះ​។ ទោះជា​យ៉ាងណា លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ថ្លែង​កោត​សរសើរ​ចំពោះ​ការ​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​នេះ​ឡើង ព្រោះថា​យ៉ាង​ហោច​ណាស់ ក៏​បាន​ផ្ដល់​បទ​ពិសោធន៍​ថ្មី​ៗ​សម្រាប់​កីឡាករ​កម្ពុជា​យើង​ផង​ដែរ ៕