ព្រឹត្តិការណ៍ «I am the fastest» រក​ឃើញ​ជើងឯក​ប្រចាំ​ប្រទេស

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ការ​ប្រកួត​រត់ប្រណាំង​កម្រិត​ទូ​ទាំង​ប្រទេស​នៅ​ក្នុង​ព្រឹត្តិការណ៍ «I am the fastest» ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​Smart បាន​រក​ឃើញ​ជើង​ខ្លាំង​៦​រូប​ចុង​ក្រោយ​ដូច​ការ​គ្រោងទុក​ហើយ ដោយ​ក្នុង​នោះ​គឺ​មាន​បេក្ខជន​ម្នាក់ និង​បេ​ក្ខ​នារី​ម្នាក់​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ដែល​អាច​រត់​បាន​លឿន​ជាងគេ​ក្នុង​ចំណោម​អ្នក​ប្រកួតប្រជែង​រាប់​ម៉ឺន​នៅ​ទូ​ទាំង​ប្រទេស ។ ក្រៅពី​ទទួល​បាន​មេដាយមាស សម្រាប់​ជើងឯក​លេខ​១ ក៏​ទទួល​បាន​ទឹកប្រាក់​ក្នុង​ម្នាក់​ៗ៥​ពាន់​ដុល្លារ​ពី​ក្រុមហ៊ុន​ស្មា​ត​ផង​ដែរ ។

ព្រឹត្តិការណ៍​រត់ប្រណាំង​ដ៏​ស្វិតស្វាញ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​តាំងពី​ថ្ងៃ​ទី​៣១ តុលា ឆ្នាំ​២០១៥ ម្ល៉េះ ដើម្បី​ស្វែងរក​អ្នក​រត់លឿន​បំផុត​ប្រចាំ​ខេត្ត​ក្រុង​នីមួយ​ៗ ហើយ​យក​មក​ប្រកួត​បញ្ចប់​កាលពី​ថ្ងៃ​ទី​១២ ធ្នូ ម្សិលម្ង៉ៃ នៅ​បរិវេណ​កោះ​ពេជ្រ ។ ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​បញ្ចប់​ដោយ​មាន​បេក្ខជន​បេ​ក្ខ​នារី​តំណាង​ខេត្ត​ក្រុង និង​រាជធានី​ទាំង​២៦​តំបន់ ចំនួន​៦៤​នាក់​ធ្វើការ​ប្រកួតប្រជែង​គ្នា​។

បេក្ខជន​បេ​ក្ខ​នារី​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​កីឡាការិនី​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ ត្រូវ​ចែក​ជា​ក្រុម​បុរស​ចំនួន​៣២​រូប និង​ក្រុម​នារី​ចំនួន​៣២​រូប ហើយ​ត្រូវ​រត់ប្រណាំង​គ្នា​ចុះឡើង​ៗ រហូត​នៅ​សល់​តែ​ចំណាត់ថ្នាក់​៣​នាក់​ម្ខាង​ៗ​ចុង​ក្រោយ​។ សកម្មភាព​ប្រកួតប្រជែង គឺ​មាន​រត់​ចម្ងាយ លោតរំលង​សំណាញ់ ផ្លោះ​កង់​ឡាន និង​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន​ទៀត ហើយ​ត្រូវធ្វើ​ឱ្យ​បាន​លឿន​បំផុត ដោយ​កំណត់​ជ័យ​លា​ភី​តាម​រយៈ​នាទី​តិច​ជាងគេ ។ ទម្រាំ​រក​ឃើញ​ម្ចាស់​ជើងឯក គេ​ឃើញ​អ្នក​គ្រង​តំណែង​ទាំង​៦ ត្រូវ​រត់ប្រណាំង​ក្នុង​ម្នាក់​ៗ៤​ជុំ ។ 

 ចំណាត់ថ្នាក់​សម្រាប់​ក្រុម​បុរស លេខ​១​បាន​ទៅ​លើ​ប្អូនប្រុស​ង៉ែត ភា​រ័​ត្ន ជា​គរុ​សិស្ស​ផ្នែក​កីឡា​មក​ពី​រាជធានី​ភ្នំពេញ ដែល​ចំណាយ​ថិរវេលា​៤១​វិនាទី ក្នុង​ជុំ​ផ្ដាច់ព្រ័ត្រ ។ ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​ប្អូនប្រុស​សេង ឡាក់ មក​ពី​ខេត្តកោះកុង ចំណាយ​ថិរវេលា​ត្រឹម​៤២​វិនាទី និង​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​លើ​ប្អូនប្រុស ឈៀង ជុ​យ មក​ពី​ខេត្ត​ប៉ៃលិន ចំណាយ​ថិរវេលា​៤៣​វិនាទី​ក្នុង​ការ​ប្រកួត​ជុំ​ចុង​ក្រោយ ។

ក្រុម​នារី ជ័យ​លា​ភី​លេខ​១ បាន​ទៅ​លើ​ប្អូនស្រី​សយ ស្រី​ម៉ី មក​ពី​ខេត្តឧត្តរមានជ័យ ដោយ​ចំណាយ​ថិរវេលា​៤៤​វិនាទី​ក្នុង​ជុំ​ផ្ដាច់ព្រ័ត្រ​។ ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​ប្អូនស្រី លឹ​ក កញ្ញា​រ៉ា មក​ពី​ខេត្តក្រចេះ ដែល​ចំណាយ​ថិរវេលា​៤៥​វិនាទី និង​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​លើ​ប្អូនស្រី​ឈ្មោះ ធី សុ​ផា​រ៉េ​ន មក​ពី​ខេត្តព្រះវិហារ ដែល​ចំណាយ​ថិរវេលា​៥៤​វិនាទី​។  ចំណាត់ថ្នាក់​លេខ​១ ទទួល​បាន​ទឹកប្រាក់​ក្នុង​ម្នាក់​៥​ពាន់​ដុល្លារ មេដាយមាស​ម្នាក់​១ ទូរស័ព្ទ​ស៊េរី​ទំនើប​ម្នាក់​១​គ្រឿង លេខ​ពិសេស​ម្នាក់​មួយ អម​ដោយ​ទឹកប្រាក់​រួច​ជា​ស្រេច និង​សាច់ប្រាក់​សុទ្ធ​ពី​ក្រុមហ៊ុន​ដៃគូ​មួយ​ចំនួន​ទៀត ។ ចំណាត់ថ្នាក់​លេខ​២ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ទឹកប្រាក់​២​ពាន់​ដុល្លារ មេដាយ​ជើងឯក​រង​ទី​១​ម្នាក់​មួយ ទូរស័ព្ទ​ម្នាក់​មួយ លេខ​ទូរស័ព្ទ​ម្នាក់​មួយ និង​ទឹកប្រាក់​អមពី​ដៃគូ​ឧបត្ថម្ភ​ម្នាក់​១០០​ដុល្លារ ។ មិន​ខុស​គ្នា​ដែរ​ចំណាត់ថ្នាក់​លេខ​៣ ខុស​គ្នា​តែ​មេដាយ ប្រភេទ​ទូរស័ព្ទ និង​ពី​ក្រុមហ៊ុន​ស្មា​ត​ត្រឹម​៥០០​ដុល្លារ​ប៉ុណ្ណោះ​។  បេក្ខជន​-​បេ​ក្ខ​នារី​ទាំង​ជាង​៥០​នាក់​ផ្សេង​ទៀត​ដែល​មិន​ទទួល​បាន​ជ័យ​លា​ភី ក៏​ទទួល​បាន​ទឹកប្រាក់​លើកទឹកចិត្ត​ក្នុង​ម្នាក់​ៗ១០០​ដុល្លារ​ត្រលប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ បន្ថែម​ពី​ការ​ចំណាយ​ផ្សេង​ៗ ដែល​ជា​បន្ទុក​របស់​ក្រុមហ៊ុន​ស្មា​ត ។

តំណាង​ក្រុមហ៊ុន​ស្មា​ត​បាន​អះអាង​ថា ព្រឹត្តិការណ៍​ស្វែងរក​ជើងឯក​ផ្នែក​រត់ប្រណាំង​នេះ គឺជា​លើក​ទី​១ ដែល​ក្រុមហ៊ុន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ស្វែងរក​អ្នកមាន​សមត្ថភាព​ផ្នែក​កីឡា ដើម្បី​លើកកម្ពស់​វិស័យ​កីឡា និង​ចង់​ឲ្យ​យុវវ័យ​ដែល​មាន​សមត្ថភាព​ទទួល​ទឹកប្រាក់​រាប់​ពាន់​ដុល្លារ​សម្រាប់​ការ​សិក្សា និង​ដោះស្រាយ​ជីវភាព ។ ក្រោយ​ទទួល​បាន​ជោគជ័យ​នេះ ក្រុមហ៊ុន​នឹង​រំលេច​ព្រឹត្តិការណ៍​ប្រកួតប្រជែង​នេះ​នៅ​ឆ្នាំ​បន្តបន្ទាប់ ស្វែងរក​អ្នក​រត់​ល្បឿន​លឿន​ជាងគេ និង​មាន​សមត្ថភាព​ជាងគេ ឱ្យ​ទទួល​បាន​ប្រាក់​លាន និង​ងាក​ទៅ​ស្រឡាញ់​កីឡា​ដើម្បី​សុខភាព​ផង ឬ​អាច​ចាប់​ជា​អាជីព​ផង ៕