ពិធី​សម្ពោធ​មជ្ឈមណ្ឌល​កីឡា​យុទ្ធ​សិល្ប៍​បុរាណ​កម្ពុជា​-​ជប៉ុន

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ធ្នូ កន្លង​មកនេះ មជ្ឈមណ្ឌល​កីឡា​យុទ្ធ​សិល្ប៍​បុរាណ​កម្ពុជា​-​ជប៉ុន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ត្រូវ​បាន​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រោម​ការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា និង​លោក កូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គ​រាជ​ទូត​​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន ប្រចាំ​កម្ពុជា ។

លោក​កូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ មាន​ប្រសាសន៍​ថា ការ​បង្កើត​ឱ្យ​មាន​មជ្ឈមណ្ឌល​នេះ​ឡើង ក្នុង​គោលបំណង​លើក​ស្ទួយ​វិស័យ​ក្បាច់គុន​បុរាណ​ជប៉ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​ការ​បណ្ដុះ បណ្ដាល​ជា​ប្រចាំ ជា​កន្លែងធ្វើការ​ប្រចាំ​ថ្ងៃ និង​ជា​កន្លែង​ប្រកួត​ជា​ផ្លូវការ​ផង​ដែរ ។ មជ្ឈមណ្ឌល​នេះ​គឺជា​កន្លែង​ផ្ដល់​ជូន​នូវ​ការ​បណ្ដុះបណ្ដាល​ដ៏​ល្អ​ប្រសើរ សម្រាប់​​សមាគម​កីឡា​យុទ្ធ​សិល្ប៍​បុរាណ​ជប៉ុន​ជា​ច្រើន​នៅ​កម្ពុជា​រួម​មាន​សមាគម​កីឡា​ក្បាច់គុន​អៃ​គី​ដូ​កម្ពុជា សមាគម​កីឡា​ល្បុក្កតោ​កម្ពុជា សហព័ន្ធ​គូ​បូ​ជុ ជុ​ជុ និង​កេ​ន​ដូ​ក្លិប​កម្ពុជា ។ មជ្ឈមណ្ឌល​កីឡា​ថ្មី​នេះ នឹង​ក្លាយជា​កន្លែង​ដ៏​មាន​សារសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​កីឡា​យុទ្ធ​សិល្ប៍​បុរាណ​ជប៉ុន​ទាក់ទាញ​អ្នក​ចូល​ចិត្ត​ហ្វឹកហាត់​ក្បាច់គុន​នានា ។

កីឡា​យុទ្ធ​សិល្ប៍​ជប៉ុន មិន​ត្រឹមតែ​ជា​ក្បាច់គុន​សម្រាប់​ការ​បណ្ដុះបណ្ដាល​ទាំង​កាយសម្បទា​របស់​អ្នក​ហ្វឹកហាត់​ប៉ុណ្ណោះ​នោះ​ទេ ថែម​ទាំង​ជួយ​បណ្ដុះបណ្ដាល​ស្មារតី ហើយ​បាន​ឆ្លុះ​បញ្ចាំង​ពី​សីលធម៌ និង​ការ​គួរសម ឱនលំទោន​របស់​អ្នក​ហ្វឹកហាត់​ផង​ដែរ ។ ការ​បណ្ដុះបណ្ដាល​ស្មារតី​ដល់​ក្មេង​ស្រករ​ក្រោយ​នេះ គឺជា​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​កសាង​ប្រទេស​ជាតិ​ឱ្យ​មានការ​រីក​ចម្រើន​ទ្វេ​ដង ។  លោក​សង្ឃឹមថា មជ្ឈមណ្ឌល​កីឡា​យុទ្ធ​សិល្ប៍​បុរាណ​កម្ពុជា​-​ជប៉ុន​មួយ​នេះ​នឹង​ក្លាយជា​និមិត្តរូប​នៃ​ចំណងទាក់ទង​យូរអង្វែង រវាង​ប្រទេស​ជប៉ុន​និង​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​នូវ​ការ​គាំទ្រ​និង​កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​ការ​បង្កើត​ឱ្យ​មាន​មជ្ឈមណ្ឌល​នេះ​ឡើង ។ មិន​តែ​ប៉ុណ្ណោះ​​ប្រទេស​ជប៉ុន និង​កម្ពុជា​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​គ្នា​ជា​យូរអង្វែង​មក​ហើយ ។ លោក​សង្ឃឹមថា ប្រទេស​ជប៉ុន​នឹង​បន្ត​ជួយ​កម្ពុជា​លើ​គ្រប់​វិស័យ​មិន​ថា វិស័យ​កីឡា​នេះ​ទេ ៕