​មាន​ចំនុច​អ្វីខ្លះ​គួរតែ​ចៀសវាង​កុំឱ្យ​កូន​ស្លាប់​មួយ​រំពេច​?

​មាន​ចំនុច​អ្វីខ្លះ​គួរតែ​ចៀសវាង​កុំឱ្យ​កូន​ស្លាប់​មួយ​រំពេច​?

​បើ​និយាយ​ចំពោះ​គ្រួសារ​មួយ ការចាប់​កំណើត​របស់​កូន​គឺជា​ការចាប់ផ្តើម​ដ៏​ថ្មី​មួយ ហើយ​ការ​មើលថែទាំ​កូន​ក៏​ជា​មេរៀន​ដ៏​ធំ​មួយ​ដែរ តាម​ការស្រាវជ្រាវ​បានឱ្យដឹងថា កូន​ក្មេង​ដែល​មាន​អាយុ​ចាប់ពី​២​អាទិត្យ​រហូតដល់​មួយឆ្នាំ ងាយ​ស្លាប់​ដោយ​មិន​ដឹង​មូលហេតុ​ណាស់ ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​ពី​ចំនុច​មួយចំនួន​ក្នុងការ​មើលថែ​ដើម្បី​ចៀសវាង​កុំឱ្យ​កូន​មាន​រឿង​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​គេង​ផ្ងារ​
អ្នក​មិន​ត្រូវ​ព្រោះតែ​ចង់ឱ្យ​ក្បាល​កូន​ស្អាត រួច​ឱ្យ​កូន​គេង​ផ្កាប់​មុខ​ចុះក្រោម​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​មិន​អាច​ដកដង្ហើម​បាន​ដោយសារ​តែ​មុខ​របស់​កូន​ជិត​ខ្នើយ​ពេក ដូចនេះ​វា​ងាយ​នឹង​ផ្កាប់​មុខ​ចុះទៅ​ខ្នើយ​ណាស់ ជា​ហេតុ​ដែល​អាច​ធ្វើ​ឱ្យ​កូន​មាន​គ្រោះថ្នាក់​បំផុត ដូចនេះ​អ្នក​គួរតែ​ឱ្យ​កូន​គេង​ផ្ងារ​ទើប​ល្អ​។​

គេង​បន្ទប់​តែមួយ តែ​មិន​គេង​លើ​គ្រែ​តែមួយ​
អ្នក​អាច​ឱ្យ​កូន​គេង​ជាមួយ​អ្នក ប៉ុន្តែ​មិន​ត្រូវឱ្យ​កូន​គេង​លើ​គ្រែ​ជាមួយ​អ្នក​ឡើយ ព្រោះ​នៅពេល​ដែល​អ្នក​គេង​លក់​ស្រួល អ្នក​អាច​ធាក់​ភួយ​មក​គ្រប​លើ​មុខ​កូន ឬ​យក​ដៃ​អ្នក​សង្កត់​លើ​កូន ម្យ៉ាងទៀត​នៅ​ពេល​ដែល​កូន​ចេះ​វៀរ បើ​អ្នក​ឱ្យ​គេ​គេង​លើ​គ្រែ​ជាមួយ​អ្នក នោះ​គេ​អាច​ធ្លាក់​ពីលើ​គ្រែ​បាន ដូចនេះ​អ្នក​គួរតែ​ឱ្យគេ​គេង​ក្នុង​គ្រែ​របស់​គេ​ទើប​ល្អ ហើយ​មាន​សុវត្ថិភាព​។​

បៅ​ទឹកដោះគោ​រួច គោះ​ខ្នង​កូន​
 នៅពេល​ដែល​អ្នក​ឱ្យ​កូនបៅ​ទឹកដោះគោ​រួច អ្នក​ត្រូវ​តែ​គោះ​ខ្នង​កូន​ថ្នមៗ​ចំនួន​ពី​៥​ទៅ​១០​នាទី​ដើម្បីឱ្យ​កូន​អាច​បញ្ចេញ​ខ្យល់​ចេញមកក្រៅ នោះ​នៅ​ពេល​ដែល​អ្នក​លឺ​សម្លេង​កូន​ត្អើក អ្នក​អាច​ឈប់​គោះ​បាន ប្រសិន​ជា​អ្នក​គោះ​យូរហើយ​គេ​មិន​ត្អើក អ្នក​អាច​ពរ​កូន​ដើរ​ពី​១០​ទៅ​១៥​នាទី ទើប​ដាក់​គេ​គេង​លើ​គ្រែ​។​

គ្រែ​របស់​កូន​
នៅពេល​ដែល​អ្នកទិញ​គ្រែ​ឱ្យ​កូន អ្នក​មិន​ត្រូវ​ទិញ​គ្រែ​ដែល​មាន​ពូក​ទន់ ខ្នើយ​ទន់ ហើយ​នៅក្នុង​គ្រែ​មិន​ត្រូវ​ដាក់​តុ​កតា និង​សំភារៈ​ផ្សេងៗ​ឡើយ ជាងនេះទៅទៀត​អ្នក​មិន​ត្រូវ​ដាក់​ឱ្យ​កូន​គេង​លើ​ខ្នើយ​ដែល​ខ្ពស់​នោះទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​ពិបាក​ដកដង្ហើម ម្យ៉ាងទៀត​ពេល​គេង អ្នក​មិន​ត្រូវ​ឱ្យ​គេ​ពាក់អាវ​ច្រើន​ជាន់​ឡើយ ព្រោះ​សកម្មភាព​ទាំងអស់​នេះ​សុទ្ធតែ​ងាយ​ធ្វើឱ្យ​កូន​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ហើយ​បន្ទប់​ដែល​ហប់ ក្តៅ និង​គ្មាន​ខ្យល់​ចេញចូល​ក៏​មិន​ត្រូវឱ្យ​កូន​គេង​ដែរ​។​

មិន​ត្រូវ​ឱ្យ​កូន​ពាក់​គ្រឿងអលង្ការ​នៅ​ក​
អ្នក​មិន​ត្រូវឱ្យ​កូន​ពាក់​របស់​នៅ​លើ​ក​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​មាន​គ្រោះថ្នាក់​ដែល​អ្នក​នឹកស្មាន​មិន​ដល់​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។