​ស្ថាបនិក​របស់​ក្រុមហ៊ុនអេ​ផល លោកស្ទី​វចប ហាម​មិនឱ្យ​កូន​គាត់​លេង​របស់​ដែល​គាត់​ផលិត​ទេ​!

​ស្ថាបនិក​របស់​ក្រុមហ៊ុនអេ​ផល លោកស្ទី​វចប ហាម​មិនឱ្យ​កូន​គាត់​លេង​របស់​ដែល​គាត់​ផលិត​ទេ​!

​ក្នុង​ពេល​សព្វថ្ងៃ​នេះ នរណាៗ​ក៏​បាន​ស្គាល់​ឬ​បានឮ​គេ​និយាយ​ពី​លោកស្ទី​វចប ស្ថាបនិក​របស់​ក្រុមហ៊ុនអេ​ផល​(Apple)​ដែរ​។ យើង​ម្នាក់ៗ​សុទ្ធ​តែ​ចង់​ប្រើ​ផលិតផល​ដែល​គាត់​បាន​បង្កើត មាន​ទូរស័ព្ទ​iPhone, iPad និង​កុំព្យូទ័រ​MacBook ជាដើម​។ គាត់​គឺជា​អ្នក​ដែល​បាន​ធ្វើឱ្យ​មាន​បដិវត្តន៍​ខាង​បច្ចេកវិទ្យា ជាពិសេស​គឺ​ព័ត៌មានវិទ្យា​។​

​ក៏​ប៉ុន្តែ​លោក​ស្ទីវ​មិន​បណ្តោយ​ឱ្យ​កូន​គាត់​ប្រើ iPad ទេ​។ នៅក្នុង​ការសម្ភាស​ជាមួយ​អ្នកសារព័ត៌មាន Nick Bilton ដែល​ចុះផ្សាយ​នៅក្នុង The New York Times អ្នកបង្កើត​ក្រុមហ៊ុន​ម៉ាក​អេ​ផល​រូបនេះ​បាន​និយាយថា​៖ "​ពួកគេ​មិន​ប្រើ iPad ទេ​។ យើង​មិន​បណ្តោយ​ឱ្យ​កូនៗ​របស់​យើង​ឈោង​ចាប់​បច្ចេកទេស​ថ្មីៗ​ទេ​"​។​
​តើ​យើង​គួរ​ឱ្យ​កូនៗ​របស់​យើង​ប្រើ iPhone ឬ iPad ដែរឬទេ​?

នៅ​Silicon Valley ដែល​ជា​តំបន់​នៃ​សាជីវកម្ម​បច្ចេកទេស​ទំនើបៗ​និង​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក ពួក​អ្នក​ដឹកនាំ​ប្រទេស​និង​ម្ចាស់​ក្រុមហ៊ុន​ច្រើន​បញ្ជូន​កូន​របស់​គេ​ឱ្យ​ទៅ​រៀន​នៅ​សាលា Waldorf School​។ សាលារៀន​មួយ​នេះ​ហាម​កូនសិស្ស​មិន​ឱ្យ​ប៉ះ​កុំព្យូទ័រ iPad ឬ​គ្រឿង​ប្រដាប់​អេឡិកត្រូនិក​អ្វី​ទេ មុននឹង​ចូល​ទៅ​រៀន​នៅ​ថ្នាក់​វិទ្យាល័យ​។ គេ​និយាយ​ថា​បច្ចេកវិទ្យា​ទំនើប​ធ្វើឱ្យ​សិស្ស​បាត់បង់​គំនិត​ឆ្នៃប្រឌិត បាត់​បុគ្គលិកលក្ខណៈ និង​ការប្រមូលផ្តុំ​អារម្មណ៍​រៀនសូត្រ​។ សាលារៀន​មួយ​នេះ​បាន​ប្រកាន់​យក​គំនិត​របស់​លោក​ទស្សនវិទូ Steiner-Waldorf ដែល​យល់​ថា​ការអប់រំ​ត្រូវ​អនុវត្ត​ទៅតាម​សកម្មភាព​ធ្វើ​ដោយ​ដៃ និង​សកម្មភាព​សិល្បៈ​។​

មាន​ការសិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ជាច្រើន​ដែល​បញ្ជាក់ថា​គ្រឿង​អាឡិ​កត្រូនិក​ទាំងអស់នេះ រួម​ទាំង​តា   ប្លែត​ផង អាច​បង្ក​គ្រោះថ្នាក់​ច្រើនយ៉ាង​ចំពោះ​កុមារ ដូចជា​ធ្វើឱ្យ​ខូច​ភ្នែក និង​គេង​មិន​លក់​ជា​ដើម​។ នេះ​នៅ​មិនទាន់​គិត​ដល់​រលក​ម៉ាញេទិក​ដែល​អាច​បង្ក​ជំងឺមហារីក ផង​ទេ​។​

លោក Chris Anderson នាយក​របស់ The 3D Robotics ដែលជា​អ្នក​ផលិត drone ធំ​ជាង​គេ​នៅ​អា​មេ  រិក​ខាងជើង ក៏​បាន​និយាយ​ដែរ ថា​គាត់​ត្រួតពិនិត្យ​ការប្រើ​គ្រឿង​អេឡិកត្រូនិក​របស់កូ​នៗ​របស់គាត់​។ គាត់​ថា​គាត់​ធ្លាប់​បាន​ជួបប្រទះ​គ្រោះថ្នាក់​នៃ​បច្ចេកវិទ្យា​ខ្លួន​គាត់​ផ្ទាល់​រួចហើយ ហើយ​មិន​ចង់ឱ្យ​កូនៗ​ជួបប្រទះ​ទៀត​ទេ​។​

តាមពិតទៅ គ្រឿង​អេឡិកត្រូនិក​អាច​បង្ក​គ្រោះថ្នាក់​ច្រើន​យ៉ាង​ដល់​កុមារ ដែល​ជាហេតុ​ធ្វើឱ្យ​យើង​ត្រូវតែ​ត្រួតពិនិត្យ​ការប្រើប្រាស់​វា​ដោយ​ក្មេងៗ ដូចដែល​លោកស្ទី​វចបនិយាយ​មែនហើយ​៕


​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។