ជូលី បង្ហើប​ពី​កូនៗ ដែល​ជួយ​ផលិត​ភាពយន្ដ​ស្ដី​ពី​ខ្មែរ​ក្រហម

នៅក្នុងដំណាក់កាល នៃការរៀបចំភាពយន្ដថ្មី ស្ដីពីរបបវាលពិឃាតខ្មែរក្រហម នាង អេនជូលីណា ជូលី បាន​បង្ហើប​ឲ្យ​ដឹង ពីអាថ៌កំបាំងមួយចំនួន របស់កូនៗរបស់នាង ជាពិសេសពីកូនប្រុសចិញ្ចឹម កុមារា ម៉ាដុក ដែល​មាន​ដើម​កំណើត​ជា​ខ្មែរ។
ជូលី បង្ហើប​ពី​កូនៗ ដែល​ជួយ​ផលិត​ភាពយន្ដ​ស្ដី​ពី​ខ្មែរ​ក្រហម
តារាភាពយន្ដ អេនជូលីណា ជូលី ពេលទៅសម្ពោធភាពយន្ដ នៅក្នុងប្រទេសស៊ែប៊ី កាលពីអំឡុងឆ្នាំ២០១២។ (រូបថតឯកសារ)

សម្រាប់ភាពយន្ដលើកក្រោយរបស់នាង ដែលមានចំណងជើងជាខ្មែរ «មុនដំបូង ខ្មែរក្រហមបាន​សម្លាប់ប៉ា​របស់ខ្ញុំ» និងជាភាសាអង់គ្លេស «First They Killed My Father» ឬជាភាសាបារាំង «D'abord ils ont tué mon père» តារាភាពយន្ដ ដែលក្លាយជាផលិតករ នាង អេនជូលីណា ជូលី (Angelina Jolie) បាន​ធ្វើការ​យ៉ាង​ច្រើន ទាំងនៅក្នុងការរៀបចំសេណេរីយ៉ូ ការរបៀបចំតួសម្ដែង ក៏ដូចជាការទាក់ទង ផ្សេង​ទៀត​ជា​ច្រើន នៅ​ក្នុង​ប្រទេស​កម្ពុជា។

ស្ត្រីកំពូលតារាភាពយន្ដ បានធ្វើដំណើរ ទៅមកជាច្រើនដង ទៅកាន់ប្រទេសកម្ពុជា ដែលជា​ប្រទេស​ផ្ដល់​កំណើត ឲ្យកូនប្រុសចិញ្ចឹមច្បងរបស់នាង កុមារា ម៉ាដុក (Maddox) ដែលសព្វថ្ងៃមានអាយុ ១៤ឆ្នាំ ពេញ​រូប​ពេញ​រាងទៅហើយ។ នាង ជូលី បានសម្រេចចិត្ត ដាក់កូនទាំងបីរបស់នាង ចូលទៅក្នុងភាពយន្ដនេះ៖ នោះ​គឺ​កុមារា ម៉ាដុក កុមារា ប៉ាក់ (Pax អាយុ១១ឆ្នាំ) និងកុមារី ស៊ីឡូ (Shiloh អាយុ៩ឆ្នាំ)។

នៅក្នុងទស្សនាវដ្ដីអង់គ្លេស «Hello» ដែលរូបថតនាង ត្រូវបានយកមកដាក់ផ្សាយ នៅទំព័រគ្របមុខនោះ នាង ជូលី បានបង្ហើបឲ្យដឹង ពីអាថ៌កំបាំងមួយចំនួន ទាក់ទងនឹងកូនៗរបស់នាង នៅក្នុង​ការ​ផលិត​ភាពយន្ដ​មួយ​នេះ។ តារាភាពយន្ដអាមេរិក បានរៀបរាប់ថា៖ «ម៉ាដុក ធ្វើការងារ នៅក្នុងការផលិតជាមួយខ្ញុំ។ នៅពេល​យើង​មាន​កិច្ច​ប្រជុំ ម៉ាដុកតែងនៅក្បែរខ្ញុំ និងបន្ទាប់មក យើងជជែកគ្នាឡើងវិញ ពីអ្វីដែល​យើង​បាន​កត់​ត្រា។»

ប៉ុន្តែមិនមែនមានតែ ម៉ាដុក នោះទេ ដែលជួយរៀបចំ ក្នុងការត្រៀមបម្រុងថតភាពយន្ដនេះ។ នៅមាន​កុមារា ប៉ាក់ និងនាងតូច ស៊ីឡូ នោះផងទៀត។ នាង ជូលី បាននិយាយទៀតថា៖ «ប៉ាក់ ធ្វើជាអ្នករៀបចំ​បាញ់​ភ្លើង ខណៈ ស៊ីឡូ ជាអ្នកគូរវាសឈុតឆាក។ ពួកគេគួរឲ្យស្រឡាញ់ណាស់។»

ភ្លេចៗខ្លួន គេច្បាស់ជាភ្ញាក់ព្រើត នឹងឃើញពួកក្មេងៗ​សមាជិកគ្រួសា ជូលី-ភីត (Jolie-Pitt) ទាំងនេះ ចម្រើន​វ័យធំធាត់យ៉ាងឆាប់រហ័ស ហើយកំពុងចាប់ផ្ដើមអាជីព នៅក្នុងវិស័យភាពយន្ដនោះទៀត។ ជារឿង ដែលស្ត្រី​ជា​ម្ដាយ អាយុ ៤០ឆ្នាំ នាង អេនជូលីណា ជូលី មានមោទនភាពនឹងពួកគេណាស់។ ប៉ុន្តែនាង ជូលី នៅតែ​ការពារ​ពួក​គេ​ដូច្នេះ​ថា៖ «ពួកគេនៅមិនទាន់និយាយជាមួយយើង ជាលក្ខណៈដូចក្មេងជំទង់នៅឡើយ ព្រោះ​ពួក​គេ​នៅក្មេងណាស់។ យើងមានតែ ម៉ាដុក ម្នាក់ប៉ុណ្ណោះ ដែលបានក្លាយជាក្មេងជំទង់ តែស្ងប់ស្ងៀម​ជា​ទីបំផុត។ អញ្ចឹង យើងមិនដឹងថា តើកិច្ចការ (ផលិតភាពយន្ដ?) នេះ នឹងប្រព្រឹត្តិទៅយ៉ាងដូចម្ដេចទេ។ តែ វា​ទំនង​ជា​ល្អ​ប្រសើរ​ណាស់។»

ភាពយន្ដ «មុនដំបូង ខ្មែរក្រហមបានសម្លាប់ប៉ារបស់ខ្ញុំ» ឬ «First They Killed My Father» មានរូប​នាង​ជា​សមិទ្ធិករ កូនប្រុសចិញ្ចឹមនាង កុមារា ម៉ាដុក ជាសហផលិតករ ហើយគឺក្រុមហ៊ុន «Netflix» ដែល​មាន​ឯកទេស ខាងបង្ហោះភាពយន្ដតាមអ៊ិនធើណែត ជាអ្នកផ្គត់ផ្គង់ថវិកា។ ការតម្លើងភាពយន្ដនេះឡើង បាន​ដក​ស្រង់​គំនិត ចេញពីសៀវភៅមួយ ដែលមានចំណងជើងថា «មុនដំបូង ខ្មែរក្រហមបាន​សម្លាប់​ប៉ា​របស់​ខ្ញុំ» និពន្ធ​ដោយ​អ្នកស្រី លឿង អ៊ឹង ដែលបាន​រៀបរាប់​ឡើង​វិញ ពីជីវិតដ៏ខ្លោចផ្សារ របស់ក្រុមគ្រួសារអ្នកស្រី នៅក្នុងរបបវាលពិឃាត ៣ឆ្នាំ៨ខែ២០ថ្ងៃ រវាងពីឆ្នាំ១៩៧៥ មកឆ្នាំ១៩៧៩៕

ជូលី បង្ហើប​ពី​កូនៗ ដែល​ជួយ​ផលិត​ភាពយន្ដ​ស្ដី​ពី​ខ្មែរ​ក្រហម