៥​ចំណុច ដែល​អ្នក​មិន​ដឹង ពី​ក្រពុំ​ឈូក​របស់​ស្ត្រី


ដើមទ្រូង ឬសុដន់របស់ស្ត្រី ជាវត្ថុដ៏ប្រពៃថ្លៃថ្លា ហើយវាក៏ជានិម្មិតរូប នៃភាពជាស្ត្រី និងសម្រាប់​ចិញ្ចឹម​កូន បន្តពូជ​ឲ្យ​មនុស្ស​ជាតិ នោះផងទៀត។ ប៉ុន្តែសួរថា តើអ្នកដឹងអ្វីខ្លះ ពីសុដន់? ខាងក្រោមនេះ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ សូម​លើក​យក​ចំណុច​ពិសេសៗ​ទាំង៥ ស្ដីពីក្រពុំឈូករបស់ស្ត្រី មកជម្រាបជូនលោកអ្នក​ ហើយ​អាច​ធ្វើ​ឲ្យ​​មាន​ការ​ភ្ញាក់​ផ្អើល។
៥​ចំណុច ដែល​អ្នក​មិន​ដឹង ពី​ក្រពុំ​ឈូក​របស់​ស្ត្រី

ដងខ្លួនមួយកំណាត់ របស់ស្ត្រី។ (រូបថតឯកសារ)

១) ការស្ទាបបបោសអង្អែលសុដន់ អាចបង្កសម្រើប រហូតដល់ចំណុចកំពូល

ការផ្ដល់ភាពសម្រើប រហូតដល់ចំណុចកំពូល តាមរយៈសុដន់ ពិតជាអាចទៅរួច ប៉ុន្តែមិនមែនគ្រប់​ស្ត្រី​ទាំង​អស់ មានឱកាសដូចគ្នានោះទេ។ សម្រាប់ស្ត្រីដែលមានសំណាង ព្រោះគ្រាន់តែស្ទាបបបោសសុដន់ខ្លួន នឹង​ឈានដល់ចំណុចកំពូលនោះ ដោយហេតុថា នៅពេលដែលក្រពុំឈូករបស់នាង ត្រូវបានកាន់​ច្របាច់​នោះ ខួរក្បាលបានបញ្ជា ឲ្យបើកនូវប្រព័ន្ធអ័រមូនមួយ ហៅថា «Ocytocine» ដែលមានទាក់ទង ទៅនឹងសម្រើប និង​ចំណុចដាស់សម្រើប ដែលនៅជាប់នឹងប្រដាប់ភេទ។

២) សុដន់មានជីវិតដោយឯកឯង

ប្រអប់ទ្រូងស្ត្រីទាំងគូ មានផ្ទុកដោយសាច់ដុំរំញោចមួយ ដែលធ្វើឲ្យទីនោះ ឆាប់ទទួលអារម្មណ៍ ជា​ទីបំផុត។ នៅពេលដែលសាច់ដុំនោះ បានពន្លាខ្លួន វានឹងបង្កឲ្យចុងសុដន់ ឡើងរឹង។ ចលនានេះ ត្រូវបានអ្នក​វិទ្យាសាស្ត្រ​ហៅថា ជា«ចលករជីវិតដោយឯកឯង»។ ការឡើងរឹង របស់ចុងសុដន់នេះ តែងបានកើតឡើង នៅ​ពេល​មាន​ធាតុ​អាកាសត្រជាក់ ការស្ទាបអង្អែល ឬនៅពេលមានចំណង់ផ្លូវភេទ។

៣) ក្រពុំឈូករបស់ស្ត្រី អាចផ្លាស់ប្ដូរពណ៌

នៅពេលដែលស្ត្រីម្នាក់ មានផ្ទៃពោះ ប្រព័ន្ធអ័រម៉ូនរបស់ស្ត្រីរូបនោះ បានបង្កើនឥទ្ធិពល ទៅលើសុដន់​ទាំង​គូ​របស់ខ្លួន។ នៅពេលនោះ ក្រពុំឈូកដែលមានពណ៌ធម្មជាតិ ពីកំណើត អាចនឹងផ្លាស់ប្ដូរពណ៌ មក​ជា​ក្រម៉ៅ​ជាងមុន ហើយទំហំក៏រីកជាងមុនដែរ។ ប៉ុន្តែការមានផ្ទៃពោះ មិនមែនជាមូលហេតុតែមួយ ក្នុងការធ្វើ​ឲ្យ​សុដន់​ផ្លាស់​ប្ដូរ​នោះឡើយ។ ជាឧទាហរណ៍ ដូចជាថ្នាំលេបពន្យាកំណើត ឬហាមឃាត់ មិនឲ្យមានកូនជាដើម ក៏​អាច​ធ្វើ​ឲ្យ​សុដន់ មានការផ្លាស់ប្ដូរពណ៌ដែរ។

៤) ពង្រីកសុដន់ធំពេក អាចបង្កឲ្យលែង មានសម្រើប

តាមការសិក្សាមួយ ដែលដឹកនាំដោយគ្រូពេទ្យជំនាញ ជាតិអាមេរិកជាច្រើននាក់ បានឲ្យដឹងថា ការ​ដាក់​ថ្នាំ​ពង្រីក ឬចាក់សារជាតិស៊ីលីកូន ចូលក្នុងសុដន់ នឹងធ្វើឲ្យបាត់ នូវអារម្មណ៍សម្រើប ដែលកើតឡើង​នៅ​នឹង​ចុង​សុដន់ ឬនៅតំបន់ជុំវិញ។ រឿងកាន់តែអាក្រក់នោះ គឺការពង្រីកសុដន់កាន់តែធំ ការបាត់បង់​នូវ​អារម្មណ៍​នេះ ក៏​មាន​កាន់​តែខ្លាំង ឬសឹងថាអស់តែម្ដង។

៥) អ្នកបង្កើតអាវទ្រនាប់ពិតមុនគេ ជាស្ត្រីមួយរូប

វីរនារី ដែលមានគំនិត​ឆ្នៃប្រឌិតម្នាក់នោះ ឈ្មោះ «Caresse Crosby» ជាជនជាតិអាមេរិកាំង ហើយដែល​ស្ត្រី​ទាំង​អស់​ក្នុងលោក គួរថ្លែងអំណរគុណ ចំពោះអ្នកស្រី។ ក្នុងអាយុ១៩ឆ្នាំ និងនៅពេលដែលអ្នកស្រី បានទៅ​ចូល​រួម ក្នុងពិធីជប់លៀងមួយនោះ អ្នកស្រី «Caresse Crosby» បានចាប់អារម្មណ៍ថា អាវរឹបរាងខាង​ក្នុង​របស់​​អ្នកស្រី ចេះតែចង់របូតពីសំពត់ ដែលអ្នកស្រីពាក់ពីលើ។ អ្នកស្រីបានទូរស័ព្ទ ទៅអ្នកបម្រើឲ្យយក​មក​ឲ្យ​​អ្នកស្រី នូវ​កន្សែងដៃចំនួនពីរ ខ្សែចងពណ៌ផ្កាឈូក ម្ជុលដេរ និងម្ជុលខ្ទាស់។ ការឆ្នៃប្រឌិតនៅពេលនោះ របស់​​អ្នកស្រី បានបង្កើតចេញ នូវអាវទ្រនាប់ទីមួយនៅលើពិភពលោក។

រហូតមកដល់ឆ្នាំ១៩១៣ ទើបអ្នកស្រីបានរចនាម៉ូដ ចេញជារូបរាងអាវទ្រនាប់ពិតប្រាកដ និងបង្កភាព​ងាយ​ស្រួល ដល់ការពាក់ ហើយថែមទាំងជួយទប់សុដន់ ឲ្យងើបមកមុខនោះទៀតផង។ ស្នាដៃនេះ ត្រូវបាន​អ្នកស្រី​លក់ ទៅឲ្យក្រុមហុនកាត់សម្លៀកបំពាក់មួយ ឈ្មោះ «Warner's» នៅឆ្នាំបន្ទាប់មក ហើយការ​បង្កើត​អាវ​ទ្រនាប់​រាប់​សិប​ផ្សេង​ទៀត ក៏ចេះតែកើតមានជាបន្តបន្ទាប់ រហូតមកដល់សព្វថ្ងៃ៕