រ៉ូស្ស៊ី គ្រោង​សង់​ផ្លូវ​ព័ទ្ធ​ផែនដី ពី​ប៉ារីស​ទៅ​ញ៉ូយក កាត់​តាម​ម៉ូស្គូ

ប្រទេសរ៉ូស្ស៊ីមានបំណង់ ចង់សង់ផ្លូវល្បឿនលឿន​មួយខ្សែ ដែលភ្ជាប់ទ្វីអ៊ឺរ៉ុប ជាមួយទ្វីបអាមេរិក។ ជា​គម្រោង​ដ៏​មហាសាល ដែល​ត្រូវ​បានទម្លាយឲ្យដឹង ដោយអ្នកជិតដិត របស់ប្រធានាធិបតីរ៉ូស្ស៊ី ដើម្បីធ្វើយ៉ាងណា​ឲ្យ​ប្រទេស​រ៉ូស្ស៊ី ក្លាយ​ជា​ចំណុច​កណ្ដាល​មួយ នៃពិភពលោក។
រ៉ូស្ស៊ី គ្រោង​សង់​ផ្លូវ​ព័ទ្ធ​ផែនដី ពី​ប៉ារីស​ទៅ​ញ៉ូយក កាត់​តាម​ម៉ូស្គូ
ផ្លូវថ្នល់ល្បឿនលឿន ព័ទ្ធពិភពលោក ភ្ជាប់រដ្ឋធានីប៉ារីស និងទីក្រុងញ៉ូយក ដោយកាត់តាមរដ្ឋធានីម៉ូស្គូ។ (រូបថតឯកសារ)

ប្រសិនជាគម្រោងនេះ លេចចេញជារូបរាង នោះវានឹងក្លាយជាផ្លូវល្បឿនលឿន ដែលមានប្រវែង​វែងជាង​គេ​បង្អស់ នៅក្នុងពិភពលោក។ ផ្លូវថ្នល់ ដែលស្ថិតក្នុងគម្រោងឈ្មោះ «Trans-Eurasian Belt Development (TEPR)» ត្រូវបានបង្ហើបឲ្យដឹង ដោយលោក វ្លាឌៀមៀរ អ៊ីយ៉ាកូនីន (Vladimir Iakounine) ប្រធាន​ប្រព័ន្ធ​ផ្លូវ​ដែក​រ៉ូស្ស៊ី និងជាមិត្តភ័ក្រជិតដិត របស់ប្រធានាធិបតីរ៉ូស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine)។

ថ្នល់ល្បឿនលឿន ប្រវែងសរុប ២០ ៣១៩គីឡូម៉ែត្រនេះ នឹងត្រូវរួមបញ្ចូល ទាំងស្ពាន ឬផ្លូវរូងក្រោមដី ប្រវែង​៨៨គីឡូម៉ែត្រមួយខ្សែ ដើម្បីភ្ជាប់ទ្វីបអាស៊ី ជាមួយទ្វីបអាមេរិក នៅត្រង់តំបន់ «Béring» នៃប្រទេសរ៉ូស្ស៊ី មក​កាន់​រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។

មិនត្រឹមតែជាផ្លូវថ្នល់ សម្រាប់រថយន្ដប៉ុណ្ណោះទេ ប៉ុន្តែនៅស្របគ្នានេះ ក៏នឹងអាចមានផ្លូវរថភ្លើង ដែល​មាន​ល្បឿនលឿនមួយខ្សែទៀត សម្រាប់អាចឲ្យអ្នកគ្មានរថយន្ដ អាចធ្វើដំណើរព័ទ្ធពិភពលោក បានដូចគ្នា។ នៅ​តាម​បណ្ដោយផ្លូវនេះ រ៉ូស្ស៊ីអាចនឹងសង់ នូវទីក្រុងថ្មីៗជាច្រើន បន្ថែមទៀតផង។

លោក វ្លាឌីមៀរ អ៊ីយ៉ាកូនីន បានថ្លែងឡើងថា៖ «ដោយសារផ្លូវនេះ ប្រទេសរ៉ូស្ស៊ី នឹងក្លាយជាមជ្ឈមណ្ឌលមួយ នៃការឆ្នៃប្រឌិត និងការអភិវឌ្ឍន៍ ប្រកបដោយបច្ចេកវិទ្យាខ្ពស់។ បណ្ដាញគមនាគមជាសកលមួយនេះ នឹង​ធ្វើ​ឲ្យ​ប្រទេសរ៉ូស្ស៊ី ទៅជាចំណុចកណ្ដាលមួយ នៃពិភពលោក។»

រ៉ូស្ស៊ី គ្រោង​សង់​ផ្លូវ​ព័ទ្ធ​ផែនដី ពី​ប៉ារីស​ទៅ​ញ៉ូយក កាត់​តាម​ម៉ូស្គូ

គឺជាគម្រោងមួយ ដែលមានលក្ខណៈចម្រុះរដ្ឋ និងចម្រុះវប្បធម៌ជាតិសាសន៍។ អ្វីៗដែលមាននៅក្នុងគម្រោង នឹងក្លាយជា «តំបន់នៃអនាគត»។ ប៉ុន្តែវានឹងមានតម្លៃ យ៉ាងថ្លៃដ៏មហាសាល។ លោក អ៊ីយ៉ាកូនីន បានថ្លែង​ឲ្យ​ដឹង​ទៀត​ថា៖ «ប្រាក់ចំណាយអាចមានដល់ ច្រើនរយកោដ។ ប៉ុន្តែផលចំណេញសេដ្ឋកិច្ច ដែលបានមក​ពី​គម្រោង​នេះ ក៏មានទំហំសម្បើមដែរ ហើយវានឹងអាចទូទាត់បានទាំងអស់ ពីលើទឹកប្រាក់វិនិយោគ។»៕

» វីដេអូ ដែលទាក់ទងនឹងគម្រោងដ៏សម្បើម៖