ISIS គ្រោង​វាយ​ប្រហារ​អាគារ​អង្គការ​សហ​ប្រជាជាតិ នៅស្វីស?

បន្ទាប់ពីប្រទេសបារាំង និងប៊ែលហ្សិក ប្រទេសស្វីសក៏ទំនងជាអាចរងគ្រោះ ពីបណ្ដាញ​ភេរវនិយម​ដែរ។ នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ម្សិលម៉ិញនេះ ប្រទេសស្វីសបានពង្រឹកសន្ដិសុខ ដល់​កម្រិត​ដ៏ខ្លាំង​មួយ សម្រាប់ទប់ស្កាត់​អំពើ​ភេរវកម្ម ជាពិសេសនៅជុំវិញទីស្នាក់ការ​របស់​អង្គការ​សហ​ប្រជាជាតិ នៅ​ក្រុង​ហ្សឺណែវ។ មនុស្ស៤នាក់ ដែល​សង្ស័យ​មាន​ជាប់​ទាក់ទង នឹងក្រុម​រដ្ឋអ៊ីស្លាម កំពុងត្រូវ​បាន​អាជ្ញាធរ​ស្វែង​រក​ចាប់​ខ្លួន។
ISIS គ្រោង​វាយ​ប្រហារ​អាគារ​អង្គការ​សហ​ប្រជាជាតិ នៅស្វីស?
កងកម្លាំងស្វីស ប្រដាប់ដោយអាវុធ កំពុងឈរយាមនៅខាងមុខរបង នៃបរិវេណអាគារអង្គការសហប្រជាជាតិ។ (រូបថត Reuters)

នៅថ្ងៃព្រហស្បត្តិ៍ ចូលមកថ្ងៃសុក្រនេះ ទីក្រុងហ្សឺណែវ (Genève) ប្រទេសស្វីសត្រូវបានដាក់ ទៅក្នុងការ​ប្រកាស​ភាពអាសន្ន ដើម្បីទប់ស្កាត់អំពើភរវកម្ម។ ទីស្នាក់ការនៃអង្គការសហប្រជាជាតិ នៅកណ្ដាល​ទីក្រុង​នេះ ត្រូវបានចាត់ទុក ថាជាចំណុចថ្មីមួយទៀត ដែលនឹងអាចរងការវាយប្រហារ ពីក្រុមភេរវជន។ មនុស្ស​៤នាក់ ដែលសង្ស័យថាមានជាប់ទាក់ទង នឹងក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យកាត់​អង់គ្លេស​ហៅ ISIS) កំពុងត្រូវបានស្វែងរកចាប់ខ្លួន បន្ទាប់ពីអាជ្ញាធរស្វីសសង្ស័យថា ពួក​គេ​មាន​គម្រោង ចង់​ធ្វើភេរវកម្ម។

ការគម្រាម នៃការវាយប្រហារ មានភាពច្បាស់លាស់។ នេះបើតាមការអះអាង របស់ក្រុមអាជ្ញាធរ។ គោល​ដៅ គឺវាយកម្ទេចអាគារអង្គការសហប្រជាជាតិ នៅទីនោះ នឹងបណ្ដាបុគ្គលិក​ទាំងជាង៤០០០នាក់។ អាជ្ញាធរ​បានធ្វើការជម្លៀសមនុស្សចេញ តាំងពីយប់ថ្ងៃពុធទី៩ ខែធ្នូមកម្លេះ ដើម្បីទុកឲ្យអាជ្ញាធរ ចូលទៅ​ធ្វើការ​ឆែក​ឆេរ នៅគ្រប់ក្រហែងទាំងអស់។ កងកម្លាំងស្វីសប្រដាប់ដោយអាវុធ ត្រូវបានបញ្ជូនមកយាមកាម ទាំង​នៅ​ខាង​ក្នុង និង​នៅជុំវិញបរិវេណអាគារ នៅពេលមួយថ្ងៃ។ កិច្ចប្រជុំមួយ ដើម្បីដោះស្រាយវិបត្តិនៅស៊ីរី ដែល​បាន​គ្រោងធ្វើ នៅក្នុងអាគារអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រនេះ ត្រូវបានលើកថ្ងៃ ឬអាចនឹងត្រូវបានធ្វើ នៅកន្លែងសម្ងាត់ណាផ្សេង។

មិនមែនមានតែទីស្នាក់ការ របស់អង្គការសហប្រជាជាតិមួយនេះទេ តែនៅមានទីកន្លែងជាច្រើនទៀត ដែល​ងាយ​នឹងរងគ្រោះ ពីការវាយប្រហារ ដូចជាស្ថានីយអាយស្ម័យាន ឬការិយាល័យទូតរបស់ប្រទេសបារាំង ប្រចាំ​នៅ​ទីក្រុង​ហ្សីណែវនោះជាដើម។

មានជាប់ទាក់ទងនឹងក្រុងរដ្ឋអ៊ីស្លាម?

រូបថតជនសង្ស័យទាំងបួន ដែលកំពុងត្រូវអាជ្ញាធរ​ស្វែងរកចាប់ខ្លួន ត្រូវបានផ្សាយពាសពេញ នៅក្នុងប្រព័ន្ធ​ផ្សព្វផ្សាយ របស់ប្រទេសស្វីស។ ព័ត៌មានទាក់ទងនឹងជនទាំងនេះ ដែលទំនងជាជាប់ពាក់ព័ន្ធ នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម ត្រូវបានបញ្ជូនមកឲ្យដឹង ដោយភ្នាក់ងារចារកម្មរបស់អាមេរិក ហៅកាត់ថា «CIA»។ ក្នុងចំណោម​ជន​ទាំងនេះ មានម្នាក់ដែលទំនងជាមិត្រភ័ក្រជិតដិត ជាមួយនឹងភេរវជន ដែលដឹកនាំការធ្វើភេរវកម្ម នៅ​រដ្ឋធានី​ប៉ារីស កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។

នៅចំពោះការគម្រាមនេះ ប្រទេសស្វីសដែលកន្លងមក មិនសូវជាលូកដៃលូកជើង ក្នុងសង្គ្រាមនៅ​ប្រទេស​ស៊ីរី ឬអៀរ៉ាក់នោះ បានចេញបទបញ្ជាឲ្យមានការឆែកឆេរយ៉ាងតឹងរ៉ឹង នៅតាមព្រំដែន ហើយបាន​ដាក់អាគារ​សាធារណៈ​សំខាន់ៗទាំងអស់ ស្ថិតក្រោមការការពារ យ៉ាងតឹងរ៉ឹងជាទីបំផុត៕