លោត​ចូល​ក្នុង​បឹង ដើម្បី​គេច​នគរបាល ស្រាប់​តែ​ជួប​ក្រពើ!


អ្នកជ្រមុជទឹក បានរកឃើញ នូវសាកសពយុវជន​រូបនោះ បន្ទាប់ពីអាជ្ញាធរបានប្រកាស បីបានបាត់ខ្លួន​របស់​យុវជន តាំង​ពី​១០ថ្ងៃមុន។ ការបាត់ខ្លួន បានកើតឡើង ក្រោយពីការលោតចូលក្នុងបឹងមួយ ដើម្បី​គេច​ពីការ​តាម​ចាប់ខ្លួន របស់​នគរបាល។
លោត​ចូល​ក្នុង​បឹង ដើម្បី​គេច​នគរបាល ស្រាប់​តែ​ជួប​ក្រពើ!

រូបជំនួស៖ សត្វក្រពើមួយក្បាល កំពុងហែលក្នុងទឹក។ (រូបថតឯកសារ)

ការលោតចូល ទៅក្នុងបឹងនោះ ខុសកន្លែង និងខុសពេល។ នេះជាការរៀបរាប់ ប្រាប់ទូរទស្សន៍ក្នុងតំបន់ របស់​លោក «Tod Goodyear» ភ្នាក់ងារនគរបាលប្រចាំក្រុង «Brevard» ភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក។ យុវជន​ម្នាក់ ដែលរងការសង្ស័យថា ជាចោរគាស់ផ្ទះ បានលោតចូល ទៅក្នុងបឹងមួយ ដើម្បីគេចពីការ​តាម​ចាប់​ខ្លួន ពីសំណាក់កងកម្លាំងនគរបាល។ យុវជននោះ ត្រូវបានខាំសម្លាប់ ដោយក្រពើមួយក្បាល ប្រវែង​ជាង​៣ម៉ែត្រ ដែល​រស់​នៅ​ក្បែរនោះ។

ក្រពើសម្លាប់មនុស្ស២២នាក់ តាំងពីឆ្នាំ១៩៤៨

នគរបាលបានថ្លែងឲ្យដឹងថា យុវជន «Matthew Riggins» អាយុ២២ឆ្នាំ បានបាត់ខ្លួន តាំងពីថ្ងៃទី១៣ ​ខែ​វិច្ឆិកា​កន្លងទៅ។ នៅថ្ងៃមុនការបាត់ខ្លួន យុវជនបាននិយាយ ប្រាប់សង្សារបស់ខ្លួនថា ខ្លួននឹងចូល ទៅក្នុងក្រុង «Barefoot Bay» ដើម្បីធ្វើសកម្មភាពគាស់ផ្ទះ លួចរបស់របរ ជាមួយនឹងជនសង្ស័យ មួយរូបទៀត។ នៅ​១០​ថ្ងៃ​ក្រោយមក អ្នកជ្រមុជទឹកជាច្រើននាក់ បានរកឃើញសាកសពយុវជន គ្មានជើងទាំងពីរ និងដៃម្ខាង ពីក្នុង​បឹង។

អាជ្ញាធរបានចាប់ក្រពើនោះ ហើយបានចាក់ថ្នាំសម្លាប់ ដើម្បីយកមកពិនិត្យ ពីអ្វីៗដែលមាន នៅក្នុង​ក្រពះ​របស់​វា។ ការពិនិត្យនោះ បានធ្វើឲ្យអាជ្ញាធរកំណត់ថា យុវជនពិតជាត្រូវបានក្រពើខាំ និងហែកស៊ីមែន។

នគរបាលបានពន្យល់ទៀតថា នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា អាជ្ញាធរបានទទួលការហៅទូរស័ព្ទ ដែលរាយការណ៍​ឲ្យដឹង ពីវត្តមានមនុស្ស គួរឲ្យសង្ស័យពីរនាក់ កំពុងដើរលិបលរ នៅក្បែរលំនៅដ្ឋាន ក្នុងក្រុង «Barefoot Bay»។ នគរបាលបានគិតថា យុវជន «Matthew Riggins» ទំនងជាបានលោតចូលក្នុងបឹង ដើម្បីគេច​ពីការ​តាម​ចាប់​ខ្លួន។

បើតាមអ្នកទទួលខុសត្រូវ នៃរដ្ឋផ្លរីដា (Florida) ដែលជារដ្ឋមួយ សម្បូរដោយក្រពើរស់នៅនោះ បានឲ្យដឹងថា មនុស្ស២២នាក់ត្រូវបានសម្លាប់ ដោយក្រពើខាំ ឬហែកស៊ី រាប់ចាប់តាំង ពីឆ្នាំ១៩៤៨មក៕