ឈ្មួញ​ជួញ​គ្រឿង​ញៀន​ខ្លាំង​ជាង​គេ ប្រកាស​សង្គ្រាម​ប្រឆាំង ISIS

មេឈ្មួយជួញគ្រឿងញៀន ដ៏ខ្លាំងជាងគេ និងដែលកំពុង ត្រូវបានស្វែងរកចាប់ខ្លួន ជាងនរណាៗទាំងអស់ នៅ​ក្នុង​ពិភពលោក លោក ជ័គីន អែលឆាប៉ូ ហ្គុម៉ាន់ (Joaquin "El Chapo" Guzman) បានប្រកាសសង្គ្រាម ប្រឆាំងក្រុម​រដ្ឋ​អ៊ីស្លាម។ កំពូល​មេ​ឈ្មួញ​រូប​នេះ បាន​បញ្ជាក់ទៅកាន់លោក អាប៊ូ បាកា អាបាដាឌី (Abu Bakr al-Baghdadi) ប្រមុខរបស់​ក្រុម​រដ្ឋ​អ៊ីស្លាម ថា​ក្រុម​របស់​លោក ដែល​ជា​បណ្ដាញ​ជួញដូរគ្រឿងញៀនដ៏ធំ នៅក្នុងលោក នឹង​ធ្វើការ​ជីក​ស្មៅ របស់​អង្គការ​ភេរវកម្ម​មួយ​នេះ​ ទាំង​ឬស​ឲ្យ​អស់។
ឈ្មួញ​ជួញ​គ្រឿង​ញៀន​ខ្លាំង​ជាង​គេ ប្រកាស​សង្គ្រាម​ប្រឆាំង ISIS
លោក អែលឆាប៉ូ មេឈ្មួញជួញដូរគ្រឿងញៀន ដែលមានឥទ្ធិពលជាងគេក្នុងលោក និងការលើកទង់ របស់ក្រុមរដ្ឋអ៊ីស្លាម។ (រូបថតឯកសារ)

ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យកាត់​អង់គ្លេស​ហៅ ISIS) កំពុង​មាន​សត្រូវ​ថែមម្នាក់ទៀត។ ហើយសត្រូវថ្មីមួយនេះ មិនមែនធម្មតាទេ! នោះ គឺក្រុមបណ្ដាញជួញដូរគ្រឿង​ញៀន របស់​លោក ជ័គីន អែលឆាប៉ូ ហ្គុម៉ាន់ ដែលជាប្រមុខក្រុមសង្គមងងឹត ដ៏មានឥទ្ធិពល​ជាងគេលើផែនដី និង​ដែល​កំពុងត្រូវស្វែងរកចាប់ខ្លួន។ មេឈ្មួញជួញគ្រឿងញៀន លោក អែលឆាប៉ូ បានថ្លែងប្រកាសសង្គ្រាម ប្រឆាំង​ក្រុម​រដ្ឋអ៊ីស្លាម ដោយបានអះអាងថា៖ «ទាហានរបស់ខ្ញុំ នឹងកំទេចពួកអ្នកឯង»។

ព័ត៌មាននេះ ត្រូវបានបង្ហើបឲ្យដឹង ដោយម្ចាស់គេហទំព័រ (Blog) មួយរូប ដែលត្រូវបានគេស្គាល់ថា មាន​ទំនាក់​ទំនង ជាមួយបណ្ដាញជួញដូរគ្រឿងញៀននេះ។ ម្ចាស់គេហទំព័រនោះ បានអះអាងថា ខ្លួនទទួលបាន នូវ​ទូរសា​​អេឡិចត្រូនិក ជាលក្ខណៈព្រមាន របស់មេឈ្មួញ អែលឆាប៉ូ ហើយបានយកទូរសានោះ មកបង្ហោះ នៅ​លើ​គេហទំព័រ​របស់លោក។

តើការប្រកាសសង្គ្រាមនេះ មានមូលហេតុអ្វី?

បណ្ដាញជួញដូរគ្រឿងញៀន របស់លោក អែលឆាប៉ូ មានឈ្មោះល្បី ពីសភាពឃោឃៅ មិនខុសគ្នា​ប៉ុន្មាន​ពី​ក្រុម​រដ្ឋអ៊ីស្លាមដែរ។ បើអញ្ចឹង ហេតុអ្វីក៏ក្រុមនេះ ចេញមុខប្រឆាំងក្រុមរដ្ឋអ៊ីស្លាម? តាមពិតទៅ លោក អែលឆាប៉ូ មិនដែលនឹងឃើញ ចង់ក្លាយជា«វីរបុរស» ដែលបានជួយសង្គ្រោះពិភពលោនោះទេ។ តែបើ​លោក​ប្រកាស​សង្គ្រាម ប្រឆាំង​ក្រុម​ភេរវជនមួយនេះ ក៏ព្រោះតែលោក ចង់រារាំងក្រុមរដ្ឋអ៊ីស្លាម កុំឲ្យធ្វើខ្លួនដូចជា «ឆ្អឹង​ស្លាក់​បំពង់ក» របស់​លោក​ទៅថ្ងៃមុខ។

បណ្ដាញជួញដូរគ្រឿងញៀន ដែលមានឈ្មោះថា «Sinaloa» របស់លោក អែលឆាប៉ូ មានមូលដ្ឋានធំ នៅ​ក្នុង​ប្រទេសម៉ិចស៊ិក ហើយបានចែកសាខារបស់ខ្លួន នៅទ្វីបអាមេរិកខាងត្បូង អាមេរិកខាងជើង និងនៅអ៊ឺរ៉ុប។ បណ្ដាញនេះ មានគម្រោងចង់ពង្រីកសាខារបស់ខ្លួន បន្ថែមទៀត ទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយព្យាយាម​រក​ការទាក់ទង ជាមួយបណ្ដាមហាសេដ្ឋីប្រេងកាត ដើម្បីអាចបញ្ចេញផលិតផលគ្រឿងញៀន ដូចជាម្សៅ​កូកាអ៊ីន និងថ្នាំគ្រវីក្បាលជាដើម មកក្នុងតំបន់នេះ។

«អ្នកកំណត់ជោគវាសនា ពិភពលោក»

ប៉ុន្តែរឿងមួយ ដែលរំខានដល់គម្រោងការនេះ គឺការប្រើប្រាស់គ្រឿងញៀន ត្រូវបានហាមឃាត់ជាដាច់ខាត នៅក្នុងសាសនាអ៊ីស្លាម ជាពិសេស​សាសនាអ៊ីស្លាមនិយមតឹង ដែលប្រតិបត្តិតាម ដោយពួកសកម្មប្រយុទ្ធ នៃ​ក្រុម​រដ្ឋអ៊ីស្លាម។ ក្នុងរយៈកាលកន្លងមក ក្រុមរដ្ឋអ៊ីស្លាមបានធ្វើការកំទេច ផលិតផលគ្រឿងញៀន ទាំង​ឡានៗ​របស់បណ្ដាញ «Sinaloa» រួចមកហើយ និងបានបង្កឲ្យលោក អែលឆាប៉ូ ឆេះដុំមិនតិចទេ។ នៅក្នុង​ទូរសា​របស់លោក អែលឆាប៉ូ មានសរសេរថា៖

«ពួកអ្នកឯងរាល់គ្នា មិនមែនជាទាហានទេ។ អ្នកឯងសុទ្ធសឹងជាមនុស្ស គ្មានបានការ ឬគ្រាន់តែជា​មនុស្ស​កំសាក អន់ជាទីបំផុតប៉ុណ្ណោះ។ ព្រះជាម្ចាស់របស់ពួកអ្នកឯង នឹងមិនអាចការពារអ្នកឯង ពីភាព​រន្ធត់​ខ្លោច​ផ្សារ ដែល​ក្រុមទាហានរបស់ខ្ញុំ ធ្វើទៅលើអ្នកឯងនោះទេ ប្រសិនបើអ្នកឯង នៅតែបន្ត ធ្វើការប្រឆាំង​នឹង​កិច្ចការ​របស់ខ្ញុំ។»

«មិនមែនជាពួកអ្នកឯងទេ ដែលជាអ្នកកំណត់ជោគវាសនា របស់ពិភពលោក។ ខ្ញុំនឹងចាត់កាត លើកូនមី​"ស.ំ.ផ.ឹ.ង"​ណាក៏ដោយ ដែលព្យាយាមលូកដៃ ចូលក្នុងកិច្ចការរបស់ក្រុម "Sinaloa"។ ខ្ញុំនឹងកាត់​បេះដូង និង​អណ្ដាត​វាចោល។»

ដូច្នេះ វាគ្រប់គ្រាន់ នឹងឲ្យគេយល់ថា ហេតុអ្វីបានជាក្រុមជួញដូរ គ្រឿងញៀនមួយនេះ ប្រកាសសង្គ្រាម​ប្រឆាំង​ក្រុមរដ្ឋអ៊ីស្លាម និងហេតុដូចម្ដេច បានជាក្រុមភេរវកម្មមួយនេះ មានសត្រូវមួយថ្មីទៀត បន្ថែម​ពីសត្រូវ ដែល​មានច្រើនរាប់មិនអស់ រួចហើយនោះ។ តែសំណួរសួរទៀតថា តើក្រុមសង្គមងងឹត​របស់លោក អែលឆាប៉ូ ត្រូវការរួមដៃជាមួយក្រុមប្រទេសសម្ព័ន្ធមិត្ត ដែលកំពុងធ្វើការវាយប្រហារ ទៅលើក្រុមរដ្ឋអ៊ីស្លាម ក្នុង​ពេល​នេះ​ឬទេ? ជាសំនុំរឿង ដែលនៅមានតភាគ វែងឆ្ងាយតទៅមុខ៕