សាមស៊ុង ត្រូវ​បង់​ប្រាក់ ៥៤៨លាន​ដុល្លារ​ឲ្យ អេបផ័ល

ទំនាស់ស្ដីពីការរំលោភ លើកម្មសិទ្ធិបញ្ញា រវាងក្រុមហ៊ុនយក្សទាំងពីរ បានកើតឡើង​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​នេះ ទំនាស់​នេះ នៅមិនទាន់បានបញ្ចប់នៅឡើយ។
សាមស៊ុង ត្រូវ​បង់​ប្រាក់ ៥៤៨លាន​ដុល្លារ​ឲ្យ អេបផ័ល
ស្លាកសញ្ញា របស់ក្រុមហ៊ុនយក្ស ខាងបច្ចេកវិទ្យាទាំងពីរ។ (រូបថតឯកសារ)

សំនុំរឿងដែលបានបង្កឲ្យមានទំនាស់ រវាងក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យា របស់ប្រទេសកូរ៉េខាងត្បូង និង​របស់​ប្រទេសអាមេរិក ទាំងពីរ បានកើតឡើងតាំងពីប៉ុន្មានឆ្នាំមុន តែនៅមិនទាន់ដោះស្រាយ បាននៅ​ឡើយ។ បើ​តាមឯកសារតុលាការ បានឲ្យដឹងថា ក្រុមហ៊ុន សាមស៊ុង បានទទួលយល់ព្រមថា ខ្លួននឹង​បង់​ប្រាក់ ៥៤៨​លាន​ដុល្លា ទៅឲ្យក្រុមហ៊ុន អេបផ័ល ទាក់ទងនឹងសំនុំរឿង នាំការរំលោភកម្មសិទ្ធបញ្ញានេះ។

បង់ហើយយកវិញ...

សាមស៊ុង បានបញ្ជាក់នៅក្នុងលិខិតស្នាមមួយ ដែលបញ្ជូនទៅឲ្យតុលាការអាមេរិក ថាខ្លួននឹងដោះ​ស្រាយ បង់ប្រាក់ទៅតាមការកំណត់ របស់តុលាកាទៅឲ្យ អេបផល។ ប៉ុន្តែ សាមស៊ុង បានអះអាងថា ខ្លួន​រក្សា​សិទ្ធិ​ក្នុងការយកត្រឡប់មកវិញ ប្រសិនបើថ្លែសំណងជំងឺចិត្តនេះ ត្រូវបានកែប្រែ ឬលប់ចោលដោយ​សារ​ការ​ប្ដឹង​សារ​ទុក្​ខរបស់​ខ្លួន ទៅកាន់តុលាការជាន់លើ ឬប្រសិនបើសិទ្ធិរបស់ខ្លួន ក្នុងការប្រើប្រាស់ផលិតផល​ទាំង​នោះ ត្រូវ​បាន​ទទួល​ស្គាល់។

នៅក្នុងឯកសារដដែលនោះ ក្រុមហ៊ុន អេបផ័ល វិញបានឆ្លើយតបមកវិញ ថាខ្លួនមិនបានយល់ព្រមជាមួយ សាមស៊ុង នៅក្នុងចំណុចដែលបានលើកឡើង ដូចខាងលើនេះទេ។

តុលាការក្នុងរដ្ឋកាលីហ្វ័នី (ភាគខាងលិច នៃសហរដ្ឋអាមេរិក) បានសម្រេចក្ដីកាលពីខែកញ្ញា ឆ្នាំកន្លងទៅ ផ្ដល់​ជ័យជំនះ​ទៅ​ឲ្យ​ក្រុមហ៊ុន អេបផ័ល នៅក្នុងសំនុំរឿង កម្មសិទ្ធិបញ្ញា ដែលក្រុមហ៊ុន សាមស៊ុង រងការ​ចោទ​ប្រកាន់ ថា​បាន​ប្រើប្រាស់ ឬបានលួចចម្លង ដោយគ្មានការអនុញ្ញាត។ ជ័យជំនះនេះ បានជំរុញឲ្យ សាមស៊ុង ចាំបាច់ត្រូវរុញសំនុំរឿង ឡើងទៅតុលាការកំពូល របស់សហរដ្ឋអាមេរិកបន្តទៀត ឬបើមិនដូច្នេះ​ទេ សាមស៊ុង ចាំ​បាច់​ត្រូវ​បង់​ថ្លៃ នៃការការខូចខាតទៅឲ្យ អេបផ័ល។

រឿងដែលសេសសល់

ចំនួនទឹកប្រាក់ ៥៤៨លានដុល្លា មិនបានស្មើនឹងពាក់កណ្ដាល នៃទឹកប្រាក់ដ៏មហាសាល ដែលក្រុមហ៊ុន អេបផ័ល បានទាមទារពីដើមដំបូងនោះផង។ ម្យ៉ាងទៀត ការចំណាយរបស់ក្រុមហ៊ុន អេបផ័ល ទាក់ទង​នឹង​ការ​ប្ដឹង​ផ្ដល់ ដែលតាមប្រភបមួយចំនួន មានកម្រិតដល់ទៅ ១,៨លានដុល្លានោះ នៅមិនទាន់ឲ្យដឹងថា តើ​នរណា​ជា​អ្នកទូទាត់នៅឡើយ។ មិនត្រឹមតែប៉ុណ្ណឹង ក្រុមហ៊ុន អេបផ័ល ថែមទាំងបានទាមទារទៅតុលាការ សុំឲ្យ​មាន​សំណង​បន្ថែម ទាក់ទងនឹងនឹងការរំលោភកម្មសិទ្ធបញ្ញាមួយចំនួនទៀត ដែលសាលក្រម​មិន​បាន​និយាយ​ដល់៕