ការប្រកួតកីឡានៅបុណ្យសមុទ្រឆ្នាំនេះ ទទួលបានការគាំទ្រខ្លាំង

ការ​ប្រកួត និង​សម្តែង​នូវ​ប្រភេទ​កីឡា​ចំនួន​១១​ប្រភេទ ក្នុង​ពិធី​បុណ្យ​សមុទ្រ លើក​ទី​៤ នៅ​ខេត្ត​កំពត ​រយៈ​ពេល​៣​ថ្ងៃ ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ ម្សិល​មិញ​​នេះ បាន​ទទួល​ការ​គាំ​ទ្រ​ខ្លាំង​ពី​មហាជន ខណៈ​មន្រ្តីអ្នក​គ្រប់​គ្រង​បាន​​អះអាង​ថា បុណ្យសមុទ្រ​ឆ្នាំ​នេះ​មាន​អ្នក​ចូល​រួម​ប្រមាណ​៣០ម៉ឺន​នាក់។

នៅ​ក្នុង​ប្រភេទ​កីឡា​ទាំង​១១ ដែល​បាន​ដាក់​ឲ្យ​ប្រកួត និង​សម្តែង​នោះ គឺ​មាន​​តែ​ប្រភេទ​កីឡា​អេឡិច​ត្រូនិក អុក​ចត្រង្គ និង​ការ​ប្រកួត​​បាល់​ទះ​លើ​ឆ្នេរ​ខ្សាច់​បុណ្ណោះ ដែល​ផ្តោត​ទៅ​លើ​ការ​​លទ្ធ​ផល​ចាញ់​ឈ្នះ រីឯ​ការ​​ប្រភេទ​កីឡា​កីឡា​​ផ្សេង​ទៀត​មាន​ការ​ប្រកួត​ចំបាប់​បុរាណ ប្រណាំទូក សម្តែង​ល្បុក្កតោ ទូក​ក្តោង សម​យុទ្ធ​ក្បាច់​បុរាណ​ខ្មែរ កីឡា​ឆត្រ​យោង ប្រណាំង​កង់ និង​រត់​កម្សាន្ត Fun Run មិន​ផ្តោត​សំខាន់​លើ​​លទ្ធ​ផល​ប៉ុន្មាន​ទេ គឺ​ប្រកួត​គ្រាន់​តែ​ជា​ការ​កម្សាន្ត និង​សប្បាយប៉ុណ្ណោះ។
1
2
5
លោក ​វ៉ាត់​ ចំរើន ​អគ្គ​លេខា​ធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​គ្រប់​គ្រង​​ការ​ប្រកួត​កីឡា​នៅ​បុណ្យ​សមុទ្រ បាន​ថ្លែង​ថា៖​«​តាម​ការ​វាយ​តម្លៃ​ជា​រួម​ពី​អភិបាល​ខេត្តកំពត​ និង​ក្រុម​ការ​ងារ​ គឺ​ពិធី​បុណ្យនៅ​ឆ្នាំ​​នេះ មាន​អ្នក​ចូល​រួម​​ជិត​៣០​ម៉ឺន​នាក់​ឯ​ណោះ​។​ ចំណែក​កីឡា​​ទាំង​១១​ប្រ​ភេទ ​ដែលទទួល​បាន​ការ​​ពេញ​និយម ​និង​ទាក់​ទាញ​បំផុត​ពី​មហាជន​នោះ រួម​​មាន​រត់​ប្រណាំង​៣​គីឡូ​ម៉ែត្រ​ កីឡា​ចំបាប់បុរាណ​ សមយុទ្ធ​ប្រដាល់​គុនខ្មែរ សម្តែង​ល្បុតោ បាល់​ទះ​លើ​ឆ្នេរ​ខ្សាច់ ខណៈ​កីឡា​ទូក​ក្តោង និង​ឆត្រ​យោង បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មានការ​ប្លែង​អារម្មណ៍យ៉ាង​ខ្លាំង»។

សម្រាប់​ការ​រត់​កម្សាន្ត​​ចម្ងាយ​៣គីឡូ​ម៉ែត្រ មាន​អ្នក​ចូល​រួម​ជា​១៥០០នាក់​ ​កីឡា​ចំបាប់​បុរាណ​ មាន​អ្នក​ចូល​ប្រ​កួត​ចំនួន​ជាង​៥០​គូ ​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​១០​គូ​ផង​ដែរ​ ឯ​​កីឡា​ប្រ​ដាល់​ក្បាច់​បុរាណ​ខ្មែរជា​លក្ខណៈ​សមយុទ្ធ​នោះ មាន​​​៨​គូ ​និង​ការ​ដាក់​សម្តែង​កីឡា​ល្បុក្កតោ​មាន​​២​ក្រុម។

ចំណែក​ ការ​ប្រកួត​កីឡា​បាល់​ទះ​លើឆ្នេរ​ខ្សាច់​មាន​៨​ក្រុម​ចូល​រួម ហើយ​ជា​លទ្ធ​ផល​នៃ​ការ​ប្រកួត​នេះ ក្រុម​ស្នង​ការ​ខេត្ត​កំពត បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ​​លេខ​២​បាន​ទៅ​វិទ្យា​ល័យ​ខេមរា​ខេត្ត​កំពត​ ​លេខ​៣​ គរុកោសល្យ​ខេត្ត​កំពត ​និង​លេខ​៤​បាន​ទៅ​សឹក​រង​ខេត្ត​កំពត​។
6
7
43
ចំពោះ​ការ​ប្រកួត​អុក​ចត្រង្គ​វិញ លោក ហែម ចន្នី មក​ពី​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​កំពត បាន​ក្លាយ​ជា​ស្តេច​អុកក្នុង​ពិធី​បុណ្យ​សមុទ្រ​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​រូប​លោក​បាន​ឈ្នះ​ ឆាយ​ សុភក្តិ​,សុខ ​សំបូរ​,ឡុង​ដារីម ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ និង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ រួច​បាន​បន្ត​​យក​​ឈ្នះ​ស្តេច​អុក​ឆ្នាំ​២០១៤ គឺ​​លោក ​ញ៉ែម ​វណ្ណរ៉ូ មក​ពី​ខេត្ត​កោះ​កុង ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ​។

យ៉ាង​ណា​មិញ ​ក្រុម ​Never ​Care ​បាន​ក្លាយ​ជា​ជើងឯក ក្នុង​ការ​ប្រកួត​កីឡា​អេឡិច​ត្រូនិក​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ​២០១៥ ​បន្ទាប់​ពីពួក​គេ បាន​​ប្រកួត​ឈ្នះ​ក្រុម​ Five​Military​ ទាំង​ប្រផិត​ប្រផើយ​ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ ៥-៤ នោះ​។ ជាមួយ​លទ្ធ​ផល​​នេះ ក្រុម Never Care បាន​ទទួល​ទឹក​ប្រាក់​៣ពាន់​ដុល្លារ ខណៈ Five​ Military បាន​២ពាន់​ដុល្លារ ហើយ​ក្រុម​ទាំង​២​នេះ នឹង​ក្លាយ​ជា​ក្រុម​តំណាង​ឲ្យ​កម្ពុជា ដែល​ត្រូវ​ទៅ​ចូល​រួម​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC នៅ​ប្រទេស​ឥណ្ឌនេស៊ី នា​ខែ​មករា ឆ្នាំ​២០១៦៕