អ្នក​យក​ភាស៊ី​ផ្សារ​សួង​ កាច់​បំបាក់​ទុយោ​ទឹក និង​វាយ​អាជីវករ ថៅកែ​ផ្សារ​បដិសេធ

ខេត្ត​ត្បូងឃ្មុំ ៖ អាជីវករ​លក់​ត្រី​បាន​មក​ដាក់​ពាក្យបណ្ដឹង​ដោយ​ចោទប្រកាន់​ថា អ្នក​យក​ភាស៊ី​ផ្សារ​​សួង​បាន​កាច់​បំបាក់​ទុយោ​ទឹក​របស់​គាត់ ព្រមទាំង​វាយ​គាត់​ផ្ទប់​ជញ្ជាំង​ថែម​ទៀត ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១០ និង​ទី​១១ ធ្នូ ២០៥ នៅ​ក្នុង​ផ្សារ​ក្រុង​សួង ។

សូម​បញ្ជាក់​ថា ផ្សារ​​សួង ​​ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៧ ស្ថិត​ក្នុងភូមិ​សួង​លិច សង្កាត់​សួង ក្រុង​សួង បាន​វិនិយោគទុន​ដោយ​ឯកជន​រយៈពេល​ជិត​១៨​ឆ្នាំ​ហើយ ដោយ​ចាប់ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០២៦ ដោយ​អ្នកស្រី ជាម ស៊ីវ​ហ៊ា​ង ។

អ្នកស្រី ស្លេះ ញ៉ អាយុ​៤៤​ឆ្នាំ ជន​ជាតិ​​ខ្មែរ​អ៊ិ​ស្លា​ម ប្រកប​របរ​លក់​ត្រី បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ធ្នូ ២០១៥​នេះ​ថា នៅ​ក្រោយ​ឆ្នាំ​១៩៧៩ គាត់​បាន​មក​ប្រកប​របរ​លក់​ត្រី​នៅ​ផ្សារ​សួង​ដើម្បី​ដោះស្រាយ​ជីវភាព​ គ្រួសារ ក្រោយមក​ថែម​ទាំង​បាន​ស្នាក់​អាស្រ័យ​នៅ​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ក្នុង​តូប​ នោះ​តែ​ម្តង​រួម​ជាមួយ​ប្តី និង​កូន​ៗ ហើយ​ក៏​មិន​ដែល​មាន​បញ្ហា​ទំនាស់​ណា​កើតឡើង​ដែរ ។

អ្នកស្រី ស្លេះ ញ៉ បាន​ប្រាប់​បន្ត​ទៀត​ថា គាត់​បាន​ត​ទុយោ​ទឹក​ចេញពី​ក្នុង​បន្ទប់​ស្នាក់​នៅ​ចេញ​មក​ក្រៅ​ដើម្បី​ ងាយស្រួល​លាង​ និង​បោស​សំអាត បើ​ពុំនោះ​ទេ​នឹង​ជះក្លិន​ស្អុយ​ដេក​មិនកើត​ទេ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១០ ធ្នូ ២០១៥ មាន​អ្នក​យក​ភាស៊ី​ម្នាក់​ឈ្មោះ រិ​ទ្ធ បាន​មក​កាប់​បំផ្លាញ​ទុយោ​ទឹក​របស់​គាត់​ឡើង​បាក់ និង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១១ ធ្នូ ២០១៥ មក​កាច់​ម្តងទៀត រួច​ថែម​ទាំង​ចាប់​គាត់​វាយ​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​ដួល​ផ្ទប់​ជញ្ជាំង សំណាង​បាន​អាជីវករ​លក់​ត្រី​នៅ​ក្បែរ​នោះ​៤-៥​នាក់​ឃើញ​ស្ទុះ​មក​ជួយ​ អន្តរាគមន៍​ចាប់​ចេញ ។ បន្ទាប់​មក​គាត់​បាន​ប្រញាប់​ទៅ​អធិការដ្ឋាន​គ​របាល​ក្រុង​សួង​ដើម្បី​ដាក់​ ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​ចំពោះ​អ្នក​យក​ភាស៊ី​រូប​នោះ​ទៅ​ តាម​ផ្លូវច្បាប់ ។

អ្នកស្រី ស្លេះ ញ៉ បាន​ឲ្យ​ដឹង​ទៀត​ថា មុន​នេះ​អ្នក​យក​ភាស៊ី​បាន​ប្រាប់​គាត់​កុំ​ឲ្យ​ត​ទុយោ​ទឹក​ជ័រ​ចេញ​មក​ក្រៅ ​បន្ទប់ដែរ​ ប៉ុន្តែ​គាត់​នូវ​តែ​ត ដោយ​បាន​បូមទឹក​ចេញ​មក​ដាក់​ត្រី​២​នាក់ និង​គ្រាន់​បោសសំអាត​តែ​ប៉ុណ្ណោះ ដោយ​មិន​បាន​ធ្វើ​អាជីវកម្ម​នោះ​ទេ ។ ថ្ងៃនេះ​គេ​ហ៊ាន​ធ្វើ​បាប​គាត់​ប៉ុណ្ណឹង ចុះបើ​នៅ​ថ្ងៃក្រោយ​គេ​នឹង​ហ៊ាន​ធ្វើ​អ្វី​ៗ​អាច​ដល់​ជីវិត​គាត់​ក៏​អាច​ថា​ បាន ។

អាជីវករ​ឈ្មោះ ហេ​ន ភេទ​ស្រី បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​ពេល​មួយ​កាលពី​៣-៤​ខែ​មុន អ្នក​យក​ភាស៊ី​ផ្សារ​សួង​បាន​ជេរ​នូវ​ពាក្យ​អសុរោះ​មក​លើ​រូប​គាត់ បន្ទាប់​មក​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ដែរ តែ​មិនឃើញ​មាន​ចំណាត់ការ​លើ​អ្នក​យក​ភាស៊ី​នោះ​ទេ ។

លោក សែ​ម បូ​ណា អាយុ​៤៨​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រពន្ធ​របស់​លោក​ឈ្មោះ អ៊ី ហ៊ុន លក់​គ្រឿង​សមុទ្រ​នៅ​ក្នុង​ផ្សារ​សួង​នោះ​ដែរ មាន​ពេល​មួយ​កាលពី​យប់​ថ្ងៃ​ទី​១០ កញ្ញា ២០១៥ មាន​ចោរ​មក​គាស់​តូប​លក់​យក​មឹក​អស់​១​កេស បង្គា​១​កេស ដោយ​បាន​ធ្វើ​សកម្ម​ភាព​​លួច​២​លើក ។ ជាមួយ​នោះ​ថែម​ទាំង​មាន​ជន​មិន​ស្គាល់​មុខ​លួច​កាត់​ដែក​សំយាប​តូប​ខូចខាត​ ប្រវែង​២​ម៉ែត្រ​គុណ​៤​ម៉ែត្រ រហូត​មក​ដល់​ជិត​ដំណាច់​ឆ្នាំទៅ​ហើយ​​សមត្ថកិច្ច​នៅ​​តែ​មិន​ទាន់​វែកមុខ​ ជនសង្ស័យ​ណា​បាន​ម្នាក់​នៅឡើយ​ទេ ។ លោក​សំណូមពរ​ដល់​លោក​អធិការ​នគរបាល​ក្រុង​សួង​មេត្តា​ព​ន្លឿ​ន​សំណុំរឿង​ របស់​គាត់​ឲ្យ​បាន​ឆាប់រហ័ស​ផង តើ​ចោរ​មកពីណា​បើ​ផ្សារ​មាន​សន្តិសុខ​យាម​នោះ ?

លោក ស្រេង រ៉ា ប្តី​របស់​អ្នកស្រី ជាម ស៊ីវ​ហ៊ា​ង ម្ចាស់​វិនិយោគ​ផ្សារ​សួង បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១២ ធ្នូ ២០១៥​នេះ​ថា ផ្សារ​សួង​ត្រូវ​បាន​វិនិយោគទុន​រយៈពេល​១៨​ឆ្នាំ ហើយ​រាល់​កាតព្វកិច្ច​ផ្សេង​ក្នុង​ផ្សារ​គឺ​ប្រពន្ធ​របស់​លោក​ជា​អ្នក​ ចាត់ចែង ដូច​ជា បញ្ហា​ទឹកជា​ដើម មិន​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​អ្នកលក់​ត្រី​ខាងលើ​ចាត់ចែង​លក់​ទៅ​ឲ្យ​អ្នក​ ដទៃ​នោះ​ទេ ហើយ​អ្នក​យក​ភាស៊ី​ធ្លាប់​ប្រាប់​២​លើក​មក​ហើយ មិន​ឲ្យ​ធ្វើ​សកម្មភាព​ដូច្នេះ​ឡើយ តែ​អ្នកលក់​ត្រី​មិន​ស្តាប់ ។ ចំពោះ​ការ​ដែល​ចោទ​ថា អ្នក​យក​ភាស៊ី​នេះ​បាន​ចូល​ទៅ​ដល់​ក្នុង​បន្ទប់ដេក ថែម​ទាំង​បាន​វាយដំ​លើ​រាង​កាយ​ស្ត្រី​ឈ្មោះ ស្លេះ ញ៉ មិន​ពិត​ឡើយ គឺ​គាត់​បាន​ត្បុល​ក្បាល​ចូល​ទៅ​ឲ្យ​គេ​វាយ តែ​អ្នក​ភាស៊ី​មិន​បាន​វាយ ។ ជាមួយ​គ្នា​នោះ​ដែរ ក្នុង​១​ឆ្នាំ​ប្រពន្ធ​របស់​លោក​ត្រូវ​បង់​ចូល​ធនាគារជាតិ​ចំនួន​ជាង​៥០​លាន ​រៀល ។ ហើយ​ចំពោះ​ទំនិញ​របស់​អាជីវករ​ដែល​បាន​បាត់បង់​ពី​ក្នុង​តូប បាត់​ជាក់ស្តែង​នឹង​ធានា​សង​ទៅ​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់ ។

លោក​វរសេនីយ៍ត្រី ឈ​ន សុ​ធន់ អធិការ​នគរបាល​ក្រុង​សួង បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​អាជីវករ​ឈ្មោះ ស្លេះ ញ៉ នា​ព្រឹក​ថ្ងៃ​ទី​១១ ធ្នូ ២០១៥ រូប​លោក​បាន​ចាត់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​កោះហៅ​ភាគី​ចុងចោទ​ឈ្មោះ រ៉ុ​ង ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​អ្នក​យក​ភាស៊ី​នៅ​ផ្សារ​សួង មក​សួរនាំ​ហើយ ហើយ​ឈ្មោះ រ៉ុ​ង ធា​រិ​ទ្ធ បាន​ឆ្លើយ​ថា ខ្លួន​ពិតជា​បាន​ទៅ​កាច់​បំបាក់​ទុយោ​ទឹក​របស់​អាជីវករ​លក់​ត្រី​មែន ព្រោះ​បាន​ប្រាប់​២​ដង​ហើយ​កុំ​ឲ្យ​ចែកចាយ​ទៅ​អ្នក​ផ្សេង ហេតុនេះ​ទើប​កាច់​បំបាក់ ។ ចំពោះ​ការ​ចោទ​ប្រកាន់​ថា​​បាន​ចូល​ទៅ​វាយ​ដល់​ក្នុង​បន្ទប់​ស្នាក់​នៅ​នោះ អ្នក​យក​ភាស៊ី​រូប​នេះ​បាន​បដិសេធ​ថា មិន​បាន​ចូល​ទៅ​វាយ​នោះ​ទេ មាន​តែ​អាជីវករ​ខាងលើ​វាយ​លើ​គាត់​វិញ ហើយ​ករណី​នេះ​រូប​លោក​ក៏​កំពុង​តែ​បំពេញបែបបទ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ សាលាដំបូង​ខេត្ត​ហើយ​ដែរ ។

លោក ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ធ្នូ ២០១៥​នេះ​ថា ចំពោះ​ករណី​ដែល​អ្នក​យក​ភាស៊ី​ផ្សារ​សួង​ចូល​ទៅ​កាច់​ទុយោ​ទឹក​របស់​អាជីវករ ​ដល់​ក្នុង​ផ្សារ​កន្លែង​លក់​ត្រី​នោះ រូប​លោក​មិន​ទាន់​បានដឹង​នោះ​ទេ ព្រោះ​​មិន​ទាន់​មាន​អ្នករាយការណ៍​ប្រាប់​រូប​លោក​នៅឡើយ ៕

អ្នក​យក​ភាស៊ី​ផ្សារ​សួង​ កាច់​បំបាក់​ទុយោ​ទឹក និង​វាយ​អាជីវករ ថៅកែ​ផ្សារ​បដិសេធ
អ្នក​យក​ភាស៊ី​ផ្សារ​សួង​ កាច់​បំបាក់​ទុយោ​ទឹក និង​វាយ​អាជីវករ ថៅកែ​ផ្សារ​បដិសេធ
អ្នក​យក​ភាស៊ី​ផ្សារ​សួង​ កាច់​បំបាក់​ទុយោ​ទឹក និង​វាយ​អាជីវករ ថៅកែ​ផ្សារ​បដិសេធ
អ្នក​យក​ភាស៊ី​ផ្សារ​សួង​ កាច់​បំបាក់​ទុយោ​ទឹក និង​វាយ​អាជីវករ ថៅកែ​ផ្សារ​បដិសេធ
អ្នក​យក​ភាស៊ី​ផ្សារ​សួង​ កាច់​បំបាក់​ទុយោ​ទឹក និង​វាយ​អាជីវករ ថៅកែ​ផ្សារ​បដិសេធ
អ្នក​យក​ភាស៊ី​ផ្សារ​សួង​ កាច់​បំបាក់​ទុយោ​ទឹក និង​វាយ​អាជីវករ ថៅកែ​ផ្សារ​បដិសេធ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត