១ថ្ងៃ ប្លន់៣ករណី យកសម្ភារៈ មានតម្លៃ និងប្រាក់ច្រើន ម៉ឺនដុល្លារ

-ស្លាប់ស្រ្តីរងគ្រោះម្នាក់ នៅពោធិសាត់ និងចាប់បានជនសង្ស័យ២នាក់ នៅបាត់ដំបង

ភ្នំពេញ៖ ករណីប្លន់បាញ់គំរាម និងសម្លាប់យកសម្ភារៈមានតម្លៃ និងប្រាក់អស់ជាច្រើនម៉ឺនដុល្លារអាម៉េរិក យ៉ាងកក្រើកប្រទេសចំនួន៣ករណី នៅក្នុងខេត្តចំនួន ៣ផ្សេងគ្នា ដែលកើតឡើងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ មានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំង។

នាំពាក្យអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃអាទិត្យ នេះថា មកទល់នឹងពេល សមត្ថកិច្ចខេត្តបាត់ដំបង ចាប់ខ្លួនបានពីរបាន (ម្នាក់ចាប់ដោយនគរបាល និងម្នាក់ទៀត ចាប់ដោយកងរាជអាវុធហត្ថ)។ រីនៅខេត្តកកណ្តាល និងខេត្តពោធិ៍សាត់ សមត្ថកិច្ច ក៏កំពុងតាមប្រមាញ់បន្តទៀតផងដែរ។

ករណីប្លន់ទាំង ៣ខេត្តនោះ ករណីទី១. កើតឡើងនៅខេត្តកណ្តាល ប្លន់យកផ្លាកទីនចំនួន ៥តម្លឹង និងប្រាក់ដុល្លារប្រមាណ ១ម៉ឺនដុល្លារ និងប្រាក់រៀលប្រហែល ៥០លានរៀល, ករណីទី២. កើតឡើងនៅខេត្តពោធិ៍សាត់ យកអស់ប្រាក់មួយចំនួន និងករណី៣. កើតឡើងនៅខេត្តបាត់ដំបង ប្លន់យកសម្ភារៈមានតម្លៃចំនួន ៤កេស គិតជាប្រាក់ប្រហែល៣០ម៉ឺនដុល្លារអាម៉េរិក។ប៉ុន្តែតួលេខនៃការបាត់បង់នេះ នៅមិនទាន់ផ្លូវការនៅឡើយទេ នេះ បើតាមការបញ្ជាក់របស់លោកអ្នកនាំពាក្យអគ្គស្នងការនគរបាល។

ករណីនៅខេត្តកណ្តាល គឺក្រុមចោរប្រដាប់អាវុធ បានភ្ជង់វាយប្លន់ បាញ់គំរាមទៅលើបុរសម្នាក់ឈ្មោះ ឡាយ ប៊ុនណារី ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរអ្នកផ្ទេរប្រាក់ (Wing) ចំនួន៥គ្រាប់ យកផ្លាកទីនចំនួន ៥តម្លឹង និងប្រាក់ដុល្លារប្រមាណ ១ម៉ឺនដុល្លារ និងប្រាក់រៀលប្រហែល ៥០លានរៀល នៅម៉ោង ៨៖០០នាទី យប់ថ្ងៃទី១២ ខែធ្នូ ស្ថិតនៅភូមិព្រែកល្វា ឃុំព្រែកតាកូវា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ចំពោះករណីប្លន់នៅខេត្តពោធិ៍សាត់វិញ មានករណីប្លន់ម្ចាស់ហាងផ្ទេរប្រាក់ (Wing) នៅភូមិដង្កោ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅវេលាម៉ោង ៧និង៣០នាទី ដែលក្រុមចោរបានបាញ់សម្លាប់ស្រ្តីជាម្ចាស់ហាង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងហេតុ។

ដោយឡែក ករណីប្លន់នៅខេត្តបាត់ដំបងនោះ ក្រុមចោរមានគ្នាចំនួន ៦នាក់ ជិះម៉ូតូ ៣គ្រឿង បានប្លន់ ដោយបាញ់គំរាមទៅលើអាជីវករលក់មាសម្នាក់ ឈ្មោះ លីម គឹមអេង ភេទស្រី អាយុ៦២ឆ្នាំ ចំនួន ២គ្រាប់ ខណៈស្ត្រីរងគ្រោះធ្វើដំណើរពីផ្សារណាត់ក្រុងបាត់ដំបង ត្រឡប់មកផ្ទះវិញ នៅពេលល្ងាច ស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុមបាត់ដំបង ខេត្តបាត់ដំបង ដោយក្រុមចោរបានយកសំភារៈមានតម្លៃចំនួន៤កេស ដែលនោះសរុបមានទឹកប្រាក់ប្រមាណ៣០ម៉ឺន ដុល្លារអាម៉េរិក។

ក្នុងករណីប្លន់ នៅខេត្តបាត់ដំបងនេះ នៅយប់ម៉ោងប្រមាណ ១០៖៤០នាទី ថ្ងៃដដែល កម្លាំងសមត្ថកិច្ច បានឡោមព័ទ្ធ ក្រុមចោរដែលប្លន់ស្រ្តីអាជីវករលក់មាសម្នាក់ នៅផ្សារណាក់ រួចរត់ចូលក្នុងសណ្ឋាគារ ឡេង សេង ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយកម្លំាងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់៕

១ថ្ងៃ ប្លន់៣ករណី យកសម្ភារៈ មានតម្លៃ និងប្រាក់ច្រើន ម៉ឺនដុល្លារ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត