កម្ពុជា នឹងមានសីតុណ្ហភាព ចុះត្រជាក់ខ្លាំង ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៧-២០ខែធ្នូ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ប្រទេសកម្ពុជា នឹងមានសីតុណ្ហភាព ចុះត្រជាក់ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ទី២០ ខែធ្នូ ឆ្នាំ២០១៥ខាងមុខ នៅតាមបណ្តាខេត្ត មួយចំនួន ។

បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍ លើស្ថានភាព អាកាសធាតុរួចមក បច្ចុប្បន្នកម្ពុជា បាននិងកំពុងទទួល ឥទ្ធិពលខ្យល់មូសុង ឥសាន និងជ្រលងសម្ពាធខ្ពស់ ពីប្រទេសចិន នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក នៅថ្ងៃទី១៤ ធ្នូនេះ ដែលចុះហត្ថលេខា ដោយលោករដ្ឋមន្រ្តី លឹម គានហោ ។

យោងតាមសេចក្តីជូនដំណឹង បានឲ្យដឹងទៀតថា “ជាពិសេសនៅតំបន់ខ្ពង់រាប និងតំបន់ទំនាបកណ្ដាល ភាគពាយ័ព្យ នៃប្រទេសកម្ពុជា នឹងមានសីតុណ្ហភាព ចុះត្រជាក់”។

សីតុណ្ហភាពចុះត្រជាក់នៅបណ្ដាខេត្តមួយចំនួនដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប ព្រះវិហារ និងខេត្តរតនគីរី នឹងមាន សីតុណ្ហភាព អប្បបរមា ពី១៨-២០អង្សាសេ និងអតិបរមា មាន២៥-២៧ អង្សាសេ។

ខេត្តដែលចុះត្រជាក់ខ្លាំងជាងគេ ខេត្តមណ្ឌលគីរី សីតុណ្ហភាព អប្បបរមាមានពី ១៧-១៨អង្សាសេ និងអតិបរមា មានពី២៣-២៤ អង្សាសេ។

ព្រមជាមួយគ្នានេះក្រសួង បានស្នើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ជាពិសេសក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ ដែនដី និងសាធារណជនត្រូវ ជ្រាបជាព័ត៌មាន ចំពោះស្ថាបភាពអាកាសធាតុ ត្រជាក់នេះ៕

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត