ក្រសួងព័ត៌មាន ណែនំាពិធីករ បញ្ឈប់ធ្វើអត្ថាធិប្បាយ បង្អាប់បន្ថោក អ្នកស្រឡាញ់ភេទដូចគ្នា

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ បាន ណែនំាទៅដល់ពិធីករ ពិធីការិនី សិល្បៈករ សិល្បការិនី បញ្ឈប់ការធ្វើអត្ថាធិប្បាយ ឬការសម្តែងបន្ថោក ដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។

យោងតាមលិខិតមួយច្បាប់ ដែលចុះហត្ថលេខាដោយលោក ខៀវ កាញារីទ្ធ ថ្ងៃ ១៤ធ្នូ នេះ បានលើកឡើងថា រយៈពេលន្លងមក នៅតាមអង្គភាព ផ្សព្វផ្សាយមួយចំនួន មានពិធីករ ពិធីការិនី និងសិល្បៈករសិល្បីការិនី មួយចំនួន បានធ្វើការអធិប្បាយ និងសម្តែងនិយាយចំអក បង្អាប់បន្ថោកចំពោះអ្នកស្រឡាញ់ ភេទដួចគ្នា ក្នុងកម្មវិធីនានា ក្នុងគោលដៅធ្វើឲ្យទស្សនជន សប្បាយរីករាយបង្កឲ្យកម្មវិធីនោះ កាន់តែមានប្រជាប្រិយភាពថែមទៀត ក៏ប៉ុន្តែការធ្វើអត្ថាធិប្បាយ និងការសម្តែងបែបនេះ គឺជាការបង្អាប់បន្ថោក ដល់អ្នកស្រឡាញ់ភេទដួចគ្នា ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសិទ្ធិសេរីភាពរបស់បុគ្គល ដែលត្រូវបានការពារដោយច្បាប់។

ក្រសួងព័ត៌មាន លើកឡើងទៀតថា “មាត្រា៣១ រដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ប្រជាពលរដ្ឋខ្មែរ មានភាពស្មើគ្នា ចំពោះមុខច្បាប់មានសិទ្ធិ សេរីភាព និងករណីយកិច្ចដូចគ្នា ទំាងអស់ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើត ក៏ដូចជាគោលនយោបាយ របស់រាជរដ្ឋាភិបាល បានគោរពសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយបានចាត់ទុក អ្នកស្រឡាញ់ភេទដូចគ្នា សុទ្ធតែជាពលរដ្ឋពេញសិទ្ធិ អាចធ្វើអ្វីទៅតាមឆន្ទៈ របស់ខ្លួនដោយស្របច្បាប់ គ្មានការរើសអើង គ្រប់កាលៈទេសៈទំាងអស់” ។

ជាមួយគ្នានោះដែរ ក្រសួងបានស្នើឲ្យពិធីករ ពិធីការិនី និងសិល្បករ សិល្បការិនី ជួយធ្វើការអប់រំណែនាំ និងជំរុញឲ្យអ្នកស្រឡាញ់ភេទដូចគ្នា បង្កើតជាសមាគមជួយការពារសិទ្ធិ និងជួយបណ្តុះបណ្តាល មុខជំនាញបច្ចេកទេស ដើម្បីឲ្យមានសមត្ថភាពបំពេញការងារ និងតួនាទីក្នុងសង្គម ដូចអ្នកដទៃ៕

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត