ធ្លាក់ឧទ្ធម្ភាគចក្រ របស់ទូរទស្សន៍ MTV ស្លាប់មនុស្ស អស់២នាក់ ខណៈកំពុង ថតកម្មវិធី «The Challenge»

អាហ្សង់ទីន៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿង របស់ស្ថានីយ៍ទូរទស្សន៍ MTV បានធ្លាក់ នៅភាគខាងលិច ប្រទេសអាហ្សង់ទីន កាលពីថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ ខណៈកំពុងថតកម្មវិធី «The Challenge» បណ្តាលឲ្យ មនុស្សចំនួន ២នាក់ នៅលើនោះ ស្លាប់បាត់បង់ជីវិត។

ធ្លាក់ឧទ្ធម្ភាគចក្រ របស់ទូរទស្សន៍ MTV ស្លាប់មនុស្ស អស់២នាក់ ខណៈកំពុង ថតកម្មវិធី «The Challenge»
ទិដ្ឋភាពក្បែរកន្លែងកើតហេតុ

លោក Gianni Vernier មន្រ្តីក្រសួងសន្តិសុខ ខេត្ត Mendoza (អាហ្សង់ទីន) បានប្រាប់ទីភ្នាក់ងារ សារព័ត៌មានមួយ ឲ្យដឹងថា «ឧទ្ធម្ភាគចក្រដែលបានធ្លាក់នោះ គឺជាឧទ្ធម្ភាគចក្រ ប្រភេទ Bell 206 ដែលមុនពេលធ្លាក់ បានហោះរំលង អាងស្តុកទឹក នៅទំនប់វារីអគ្គិសនី Potrerillos de Mendoza dam ស្ថិតនៅចំងាយប្រហែល ១០០០គីឡូម៉ែត្រ ភាគខាងជើង នៃទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។»

លោក Vernier បានឲ្យដឹងទៀតថា «អ្នកបើកបរឧទ្ធម្ភាគចក្រ និងអ្នកបច្ចេកទេសម្នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍នោះ។ ក្រុមអ្នករុករក មិនអាចចូល ទៅយកសាកសព ពីកន្លែងកើតហេតុបានទេ ដោយសារតែ ឧទ្ធម្ភាគចក្រ បានធ្លាក់ចូលជម្រៅ ប្រមាណ ៦០ម៉ែត្រ ក្រោមផ្ទៃទឹក»។

ទោះបីជាយ៉ាងណា មូលហេតុនៃគ្រោះថ្នាក់នេះ កំពុងស្ថិតក្រោម ការស៊ើបអង្កេត នៅឡើយ។

យ៉ាងណាមិញ ទូរទស្សន៍ MTV ក៏បានចេញ សេចក្តីថ្លែងការណ៍មួយ ឲ្យដឹងដែរថា «ឧទ្ធម្ភាចក្រមួយគ្រឿងនោះ កំពុងតែធ្វើការ ក្នុងកម្មវិធី «The Challenge» ដែលសហការណ៍ផលិត ដោយស្ថានីយ៍ទូរទស្សន៍ MTV និងផលិតកម្ម Bunim-Murray Productions ហើយកំពុងតែហោះ ដើម្បីថតយកទីតាំង»។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើក ទី២ហើយ ដែលឧទ្ធម្ភាគចក្រ របស់ស្ថានីយ៍ទូរទស្សន៍ បានធ្លាក់ ក្នុងប្រទេសអាហ្សង់ទីន ក្នុងឆ្នាំ២០១៥ នេះ។ កាលពីខែមិនា កន្លងទៅនេះ ខណៈកំពុងថត នៅភាគខាងជើង ប្រទេសអាហ្សង់ទីន បណ្តាលឲ្យមនុស្ស ចំនួន ១០នាក់ នៅលើនោះ ស្លាប់ទាំងអស់៕

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត